ដុតបំផ្លាញចោលបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ប្រមាណ ៤០០តោននៅខេត្តត្បូងឃ្មុំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដុតបំផ្លាញចោលបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ប្រមាណ ៤០០តោននៅខេត្តត្បូងឃ្មុំ

ដុតបំផ្លាញចោលបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ប្រមាណ ៤០០តោននៅខេត្តត្បូងឃ្មុំ

បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន ត្រូវបានដុតកម្ទេចចោលនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។
 
នៅក្នុងពិធីដុតបំផ្លាញចោលបារីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លី សុផាណា អនុរដ្ឋលេខា​ធិការក្រសួងមហា​ផ្ទៃ អាជ្ញាធរខេត្តត្បូងឃ្មុំ ស្ថាប័នអយ្យការ តុលាការ  អង្គភាពចំណុះរដ្ឋបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពជំនាញនៃអគ្គស្នងការនគរបាលជាតិ តំណាងភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ស្ថានតំណាងចក្រភពអង់គ្លេស ភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ រួមទាំងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធផងដែរ។
 
បារីក្លែងម៉ាក និងសម្ភារផលិតបារីក្លែងម៉ាកប្រមាណ ដែលត្រូវដុតបំ​ផ្លាញចោលមានជាង ៦០ម៉ាក រួមមាន Marlboro, ESSE, MEVIUS, 555, បារីចិន និងបារីដាក់ម៉ាកបរ​ទេសជាច្រើនទៀត។ បារីទាំងនេះត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរ​បាលខេត្តត្បូង​ឃ្មុំ ស្រាវជ្រាវ និងប្រតិ​បត្តិការបង្ក្រាបនៅទីតាំងរោងចក្រ ២កន្លែង និងឃ្លាំងស្តុក ១កន្លែង កាលពីថ្ងៃទី០៩ កុម្ភៈ ឆ្នាំ២០២៦ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំផ្ទាល់តែម្ដង។
 
ក្រសួងមហាផ្ទៃគូសបញ្ជាក់ថា ការដុតបំផ្លាញចោលបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធនាពេលនេះ ធ្វើឡើងក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបការផលិត ការជួញដូរ និងចរាចរណ៍នូវផលិតផលក្លែងក្លាយ ដែល​បំផ្លាញសុខភាព និងមានហានិភ័យខ្ពស់ ក៏ដូចជាការកាត់ផ្តាច់បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន សំ​ដៅធានាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ ធានាសុខមាលភាព ព្រមទាំងបង្កើនការគាំទ្រ និងទំនុកចិត្តដល់វិនិយោគិន និងប្រជាពលរដ្ឋ។
 
ការដុតបំផ្លាញនេះ ក៏មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសគឺបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ដែលមានអគ្គស្នងការនគរបាលជាតិជាសេនាធិការ ក្នុងការបង្ក្រាបនិងលុបបំបាត់នូវផលិតផលក្លែងក្លាយ ប្រកបដោយឆន្ទមុះមត់ និងការទទួលខុសត្រូវ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ​
 
ក្រសួងបញ្ជាក់ថា ការបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ និងការដុតបំផ្លាញបារីក្លែងម៉ាកនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀតស្របតាមយន្តការច្បាប់ ដោយមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ សហគមអន្តរជាតិ និងក្រុមហ៊ុនជាម្ចាស់ម៉ាក សំដៅសម្រេចបាននូវគោលបំណងរួម គឺការលុបបំបាត់នូវផលិតផលក្លែងក្លាយ ធានាសុខមាលភាពពលរដ្ឋ វិបុលសុខ និងពង្រឹងសេដ្ឋកិច្ចជាតិ៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា