ត្រយងចង្គំកស៦ក្បាល ត្រូវបានលែងឲ្យចូលរស់នៅក្នុងព្រៃធម្មជាតិជាលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រយងចង្គំកស៦ក្បាល ត្រូវបានលែងឲ្យចូលរស់នៅក្នុងព្រៃធម្មជាតិជាលើកដំបូង

ត្រយងចង្គំកស៦ក្បាល ត្រូវបានលែងឲ្យចូលរស់នៅក្នុងព្រៃធម្មជាតិជាលើកដំបូង

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានលែងសត្វត្រយងចង្គំកសចំនួន ៦ក្បាល ចូលទៅក្នុងព្រៃធម្មជាតិវិញ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង។ នេះជាលើកដំបូងហើយដែលសត្វបក្សីប្រភេទនេះ ដែលត្រូវបានបង្កាត់ពូជក្រោមការថែទាំរបស់មនុស្ស ហើយត្រូវបានលែងចូលក្នុងព្រៃធម្មជាតិ។
 
បើតាមសេចក្តីប្រកាសរបស់ ACCB  ត្រយងចង្គំកសទាំង ៦ក្បាល – ឈ្មោល ៣ក្បាល និងញី ៣ក្បាល – ត្រូវបានបង្កាត់ពូជនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ និងបានញាស់នៅចន្លោះឆ្នាំ២០២៣​ ដល់ឆ្នាំ២០២៥។ ពួកវាបានចំណាយពេល ៤សប្តាហ៍នៅក្នុងទ្រុងបន្សាំ ដើម្បីសម្របខ្លួនទៅនឹងបរិស្ថានធម្មជាតិ មុនពេលលែង។
 
ក្នុងចំណោមសត្វទាំង ៦ក្បាល មាន ៤ក្បាលត្រូវបានបំពាក់ឧបករណ៍ GPS សម្រាប់តាមដានការផ្លាស់ទី និងការរស់នៅរបស់ពួកវានៅក្នុងជម្រកធម្មជាតិ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានសហការជាមួយក្រុមហ៊ុន Rising Phoenix ដើម្បីគ្រប់គ្រងដែនជម្រកសត្វព្រៃទំហំជាង១សែន៣ម៉ឺន៣ពាន់ហិកតាសម្រាប់សត្វត្រយងចង្គំកស​។
 
ក្រុមការងារអភិរក្សសង្ឃឹមថា ត្រយងចង្គំកសដែលបានលែងទាំងនេះនឹងអាចសម្របខ្លួន និងបង្កើតកូនចៅថ្មីៗនៅក្នុងព្រៃធម្មជាតិ ដើម្បីផ្តល់នូវកំណើនកាន់តែច្រើនបន្ថែមទៀត។ ប្រសិនការលែងនេះទទួលបានជោគជ័យ គម្រោងនេះអាចបើកផ្លូវសម្រាប់ការលែងសត្វប្រភេទនេះបន្ថែមទៀតនៅពេលអនាគត និងផ្តល់ចំណេះដឹងថ្មីៗអំពីជីវសាស្ត្រ និងអាកប្បកិរិយារបស់ពួកវា។
 
ត្រយងចង្គំកសជាប្រភេទបក្សីរងគ្រោះជិតផុតពូជបំផុត ដែលមានចំនួនប្រមាណតែ ១,០០០ក្បាល នៅទូទាំងពិភពលោក ក្នុងនោះប្រមាណ ៩៥% មានវត្តមាននៅភូមិភាគឦសាននៃកម្ពុជា។ ​ដែនជម្រកសត្វព្រៃសៀមប៉ាង ត្រូវបានចាត់ទុកថាជាតំបន់ការពារដ៏សំខាន់មួយសម្រាប់ការរស់នៅរបស់សត្វប្រភេទនេះ។
 
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលមានទីតាំងនៅខេត្តសៀមរាប ​បច្ចុប្បន្ន កំពុងថែទាំត្រយងចង្គំកសចំនួន ១៨ក្បាល ក្នុងនោះ ៨ក្បាលត្រូវបានសង្គ្រោះពីព្រៃធម្មជាតិ ដោយសាររងរបួស ឬរងគ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់។ លើសពីនេះ ត្រយងចង្គំកសចំនួន ២គូ កំពុងបង្កាត់ពូជ ហើយកូនរបស់ពួកវាត្រូវបានគ្រោងនឹងលែងចូលទៅក្នុងជម្រកធម្មជាតិនាពេលខាងមុខ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា