ការទូទាត់ឆ្លងដែនតាម QR Code រវាងកម្ពុជា-ចិនត្រូវបានដាក់ឱ្យដំណើរការ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការទូទាត់ឆ្លងដែនតាម QR Code រវាងកម្ពុជា-ចិនត្រូវបានដាក់ឱ្យដំណើរការ​

ការទូទាត់ឆ្លងដែនតាម QR Code រវាងកម្ពុជា-ចិនត្រូវបានដាក់ឱ្យដំណើរការ​

ប្រទេសកម្ពុជា និងចិនបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី១។ ភ្ញៀវទេសចរបរទេស ដែលប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេស ភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសចិន អាចប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ដើម្បីស្កេន KHQR Code នៅកម្ពុជាសម្រាប់ទូទាត់ការចំណាយផ្សេងៗ។

ក្នុងឱកាសដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម QR Code រវាងកម្ពុជា និងចិន នៅថ្ងៃទី១៨ ខែសីហានេះ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈប្រយោជន៍ចំនួន២ ដែលទទួលបានពីការដាក់ឱ្យដំណើរការទូទាត់ឆ្លងដែននេះ។
 
សម្រាប់ភ្ញៀវទេសចរបរទេស ដែលប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay ជាពិសេស ភ្ញៀវទេសចមកពីចិន អាចទទួលបានបទពិសោធន៍នៃការទូទាត់ដែលរហ័ស សុវត្ថិភាព និងងាយស្រួល ដោយពុំចាំបាច់ប្តូររូបិយប័ណ្ណ កាន់សាច់ប្រាក់ផ្ទាល់ និងមិនតម្រូវឱ្យមានប័ណ្ណទូទាត់។
 
ចំពោះសហគ្រាសក្នុងស្រុករបស់កម្ពុជាវិញ រាប់ចាប់ពីម្ចាស់អាជីវកម្ម ឬសហគ្រាសធំៗ រហូតដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងពាណិជ្ជករ អាចទទួលការទូទាត់ពីអតិថិជនជាជនបរទេសបានកាន់តែច្រើន តាមរយៈ KHQR Code ដែលមានស្រាប់ ដោយពុំប្រឈមនឹងការកាត់កម្រៃប្រតិបត្តិការបន្ថែមនោះឡើយ ។

ចំណែកលោក Ben Yang នាយកគ្រប់គ្រង Weixin Pay បានឱ្យដឹងដែរថា ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ បង្ហាញពីសមិទ្ធផលដ៏អស្ចារ្យ នៃការធ្វើអន្តរប្រតិបត្តិការការទូទាត់រាយឆ្លងដែនរវាងប្រទេសទាំងពីរ។ ការប្រើប្រាស់ KH QR Code តែមួយសម្រាប់ការទូទាត់ទាំងអស់ នឹងផ្តល់លទ្ធភាពឱ្យភ្ញៀវទេសចរចិន អាចធ្វើប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួល ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា ។

លោកបានបន្ដថា ការអភិវឌ្ឍការទូទាត់ឆ្លងដែននេះ មិនត្រឹមតែជាការអភិវឌ្ឍមុខងារ ដែលសម្រួលក្នុងការទូទាត់ របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែន ដោយផ្តោតសំខាន់លើការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក​ និងការធ្វើឌីជីថលភាវូបនីយកម្មជាមួយពាណិជ្ជករផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានបង្កើតការតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើនរួចមកហើយ រួមមាន៖ ថៃ, វៀតណាម, ឡាវ, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, សិង្ហបុរី, ជប៉ុន និងចិន តាមរយៈ AliPay និង UnionPay ខណៈប្រទេសមួយចំនួនទៀតនឹងចូលរួមក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា