នៅពេលកាំភ្លើងស្ងប់ស្ងាត់សំឡេង តែផ្ទះប្រជាពលរដ្ឋនៅតែត្រូវបានបំផ្លិចបំផ្លាញដោយយោធាថៃដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នៅពេលកាំភ្លើងស្ងប់ស្ងាត់សំឡេង តែផ្ទះប្រជាពលរដ្ឋនៅតែត្រូវបានបំផ្លិចបំផ្លាញដោយយោធាថៃដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

នៅពេលកាំភ្លើងស្ងប់ស្ងាត់សំឡេង តែផ្ទះប្រជាពលរដ្ឋនៅតែត្រូវបានបំផ្លិចបំផ្លាញដោយយោធាថៃដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

សង្គ្រាមបង្ខំឱ្យមនុស្សរត់ចេញពីផ្ទះ។ បទឈប់បាញ់គួរតែបើកផ្លូវឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅតាមព្រំដែនកម្ពុជា-ថៃ ការឈឺចាប់មិនបានបញ្ចប់នៅពេលសំឡេងកាំភ្លើងបានស្ងប់ស្ងាត់នោះទេ។ ពួកគេបានរត់គេចពីគ្រាប់ផ្លោងរបស់យោធាថៃ និងការប្រយុទ្ធ ដោយទុកផ្ទះ ដីស្រែ ទ្រព្យសម្បត្តិ និងជីវិតដែលបានកសាងរាប់សិបឆ្នាំនៅពីក្រោយ។ ពួកគេរត់ដោយមានក្តីសង្ឃឹមសាមញ្ញមួយថា៖ «នៅពេលសង្គ្រាមឈប់ ពួកគេនឹងត្រឡប់ទៅផ្ទះវិញ»។
ប៉ុន្តែតើពួកគេត្រូវត្រឡប់ទៅទីណា បើផ្ទះដែលពួកគេចង់ត្រឡប់ទៅរកត្រូវបានយោធាថៃឈ្លានពាន និងបំផ្លិចបំផ្លាញក្រោយបទឈប់បាញ់ចូលជាធរមាន?
នេះជាសំណួរដ៏ជ្រៅមួយដែលកើតចេញពីការរាយការណ៍អំពីស្ថានភាពនៅភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។

ការរាយការណ៍ដោយយោងលើរូបភាពផ្កាយរណបបានលើកឡើងពីការរុះរើ និងការបោសសម្អាតផ្ទះ និងសំណង់នៅក្នុងរយៈពេលក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សញម្បីតែយោធាថៃក៏បានបង្ហោះរូបភាពនៃការកម្ទេចផ្អះសម្បែង និងលួចយកនូវទ្រព្យសម្បត្តិប្រជាពលរដ្ឋផងដែរ។
ចំណុចសំខាន់មិនមែនគ្រាន់តែថា «ផ្ទះត្រូវបានបំផ្លាញ» នោះទេ។ ពេលវេលាដែលការបំផ្លាញកើតឡើងមានសារៈសំខាន់ដូចគ្នា។ បើការបំផ្លាញកើតឡើងក្រោយបទឈប់បាញ់ នោះមានសំណួរមូលដ្ឋានមួយដែលត្រូវការចម្លើយ៖ «នៅពេលការប្រយុទ្ធបានបញ្ចប់ តើអ្វីជាភាពចាំបាច់ផ្នែកយោធាដែលអាចយកមកពន្យល់ការបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិស៊ីវិល?»

បទឈប់បាញ់មិនត្រឹមតែទាមទារឱ្យឈប់បាញ់ទេ
សេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនបានកំណត់ត្រឹមតែឱ្យភាគីទាំងពីរបញ្ឈប់ការបាញ់ប្រហារនោះទេ។ ចំណុចទី៤ បានដាក់ការប្តេជ្ញាចិត្តច្បាស់លាស់ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះ ដោយតម្រូវឱ្យភាគីទាំងពីរ សម្របសម្រួលការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលទៅកាន់លំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព ដោយស្ម័គ្រចិត្ត ដោយគ្មានការរារាំង និងប្រកបដោយសេចក្តីថ្លៃថ្នូរ។
នេះមិនមែនជាឃ្លានយោបាយសម្រាប់ដាក់ក្នុងសេចក្តីថ្លែងការណ៍ទេឱ្យតែពីរោះនោះឡើយ។ វាជាការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ដែលមានគោលបំណងបម្លែង «បទឈប់បាញ់» ទៅជា «ការវិលត្រឡប់ទៅរកជីវិតធម្មតា» របស់ប្រជាពលរដ្ឋ។

ដូច្នេះ សំណួរគឺសាមញ្ញ៖ តើប្រជាពលរដ្ឋអាចវិលត្រឡប់ដោយសុវត្ថិភាពបានយ៉ាងដូចម្តេច បើពួកគេមិនអាចចូលទៅកាន់ភូមិរបស់ខ្លួន? តើការវិលត្រឡប់អាចប្រកបដោយសេចក្តីថ្លៃថ្នូរបានយ៉ាងដូចម្តេច បើម្ចាស់ផ្ទះត្រូវឈរមើលផ្ទះរបស់ខ្លួនពីក្រោយខ្សែលួសបន្លា និងកុងតឺន័រ? ហើយសំខាន់ជាងនេះ៖ តើមានអ្វីសម្រាប់ពួកគេត្រឡប់ទៅរក បើផ្ទះរបស់ពួកគេត្រូវបានរុះរើក្រោយបទឈប់បាញ់?

លោក Thomas Andrews អ្នករាយការណ៍ពិសេសផ្នែលសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា «ការត្រឡប់ទៅផ្ទះគឺជាសិទ្ធិ មិនមែនជាការអនុគ្រោះ»។
បញ្ហានេះត្រូវបានលើកឡើងយ៉ាងច្បាស់ដោយលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីលោកបានចុះទៅតំបន់ព្រំដែន និងបានជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលនៅតែជាជនភៀសសឹក។

នៅចុងបេសកកម្មរបស់លោកនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក Andrews បានកត់សម្គាល់ថា ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០,០០០ នាក់ដែលត្រូវបានផ្លាស់ទីដោយសារជម្លោះនៅចុងឆ្នាំ២០២៥ មានជាង ២០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន។
លោកបានលើកឡើងថា លោកបាននិយាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលមិនអាចត្រឡប់ទៅផ្ទះបាន ដោយសារភូមិ និងទីប្រជុំជនរបស់ពួកគេស្ថិតនៅក្នុងតំបន់ដែលមានវត្តមានកងទ័ពថៃ។ សំខាន់បំផុត លោក Andrews បានបញ្ជាក់គោលការណ៍មួយដែលមិនគួរត្រូវបានបំភ្លេច៖ «អ្នកដែលត្រូវបានផ្លាស់ទីដោយជម្លោះប្រដាប់អាវុធ មានសិទ្ធិត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញតាមច្បាប់អន្តរជាតិ»។

ដូច្នេះ ការវិលត្រឡប់របស់ជនភៀសសឹកមិនមែនជាអំណោយ មិនមែនជាការអនុគ្រោះ និងមិនមែនជាបញ្ហាដែលអាចពន្យារពេលដោយគ្មានកំណត់នោះទេ។ វាពាក់ព័ន្ធដោយផ្ទាល់នឹងសិទ្ធិរបស់ប្រជាពលរដ្ឋដែលបានបាត់បង់ទីជម្រកដោយសារជម្លោះ។

អ្វីដែលលោក Andrews បានលើកឡើង ក៏ស្របគ្នាដោយផ្ទាល់ជាមួយស្មារតីនៃចំណុចទី៤ នៃ Joint Statement ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖ ប្រជាពលរដ្ឋត្រូវអាចត្រឡប់ទៅផ្ទះដោយសុវត្ថិភាព ដោយស្ម័គ្រចិត្ត ដោយគ្មានការរារាំង និងដោយសេចក្តីថ្លៃថ្នូរ។
នៅទីនេះ ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តក្រោមបទឈប់បាញ់ជួបគ្នានៅចំណុចតែមួយ៖ ផ្ទះរបស់ជនភៀសសឹកមិនគួរក្លាយជាឧបករណ៍នៃជម្លោះបន្តក្រោយសង្គ្រាមទេ។ ផ្ទះមួយមិនមែនគ្រាន់តែជាអគារមួយទេ។ ផ្ទះមួយមិនមែនគ្រាន់តែជាជញ្ជាំង បង្គោល ដំបូល និងឥដ្ឋនោះទេ។ វាអាចជាប្រាក់សន្សំពេញមួយជីវិតរបស់គ្រួសារមួយ។ នៅទីនោះមានបន្ទប់ដែលកូនធ្លាប់ដេក មានផ្ទះបាយដែលម្តាយធ្លាប់ចម្អិនអាហារ មានដើមឈើដែលឪពុកដាំ មានដីដែលជីដូនជីតាបន្សល់ទុក និងមានអនុស្សាវរីយ៍ដែលមិនអាចទិញមកវិញដោយប្រាក់បាន។

នៅពេលគ្រួសារមួយបាត់បង់ផ្ទះ ពួកគេមិនត្រឹមតែបាត់បង់អគារមួយទេ។ ពួកគេបាត់បង់ទីជម្រក ជីវភាព សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងអារម្មណ៍ថាខ្លួនមានកន្លែងមួយនៅលើផែនដីដែលអាចហៅថា «ផ្ទះរបស់ខ្ញុំ»។
នេះហើយជាមូលហេតុដែលការបំផ្លាញផ្ទះក្រោយបទឈប់បាញ់មានទម្ងន់ខុសពីការខូចខាតដែលកើតឡើងក្នុងកំឡុងការប្រយុទ្ធ។ ព្រោះនៅពេលកាំភ្លើងស្ងប់ មនុស្សមិនគួរត្រូវរត់ទៀតទេ។ ពួកគេគួរតែចាប់ផ្តើមដើរត្រឡប់ទៅផ្ទះ។

ពីជនភៀសសឹកបណ្តោះអាសន្ន ទៅជាជនគ្មានផ្ទះត្រឡប់ទៅ
ការបំផ្លាញផ្ទះក្រោយបទឈប់បាញ់មានផលវិបាកមួយដែលធ្ងន់ជាងការបាត់បង់ទ្រព្យសម្បត្តិ៖ វាអាចធ្វើឱ្យ ការផ្លាស់ទីលំនៅបណ្តោះអាសន្នក្លាយជាការផ្លាស់ទីលំនៅអូសបន្លាយ។
នៅពេលមនុស្សរត់គេចពីសង្គ្រាម ពួកគេក្លាយជាជនភៀសសឹក។
ប៉ុន្តែនៅពេលផ្ទះដែលពួកគេចង់ត្រឡប់ទៅរកត្រូវបានបំផ្លាញ ផ្លូវត្រូវបានរារាំង ឬភូមិរបស់ពួកគេមិនអាចចូលបាន នោះសំណួរមិនមែនត្រឹមតែថា «តើពួកគេអាចត្រឡប់នៅពេលណា?» ទៀតទេ។

សំណួរប្រែទៅជា៖ «តើពួកគេនៅមានផ្ទះសម្រាប់ត្រឡប់ទៅទៀតឬទេ?»។ នោះជាការឈឺចាប់ពីរជាន់៖ ដំបូង ពួកគេត្រូវបង្ខំឱ្យចាកចេញដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ។ បន្ទាប់មក ពួកគេអាចបាត់បង់អ្វីដែលពួកគេរង់ចាំត្រឡប់ទៅរកក្រោយសង្គ្រាម។
នៅចំពោះមុខនៃការរង់ចាំក្នុងការដោះស្រាយទាមទារទឹកដីកម្ពុជាមកវិញតាមយន្តការច្បាប់ រាជរដ្ឋាភិបាលកម្ពុជាបានសង់ជម្រកបណ្តោះអាសន្នជូនជនភៀសសឹកដើម្បីពួកគាត់អា រស់នៅប្រកបដោយអនាម័យ ផាសុកភាព។

ក្រោយកាំភ្លើងស្ងប់ស្ងាត់ «ភាពចាំបាច់ផ្នែកយោធា» ត្រូវការការពន្យល់
ច្បាប់មនុស្សធម៌អន្តរជាតិផ្តល់ការការពារយ៉ាងសំខាន់ដល់ទ្រព្យសម្បត្តិស៊ីវិល។ ក្នុងបរិបទនៃការកាន់កាប់ មាត្រា៥៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ហាមឃាត់អំណាចកាន់កាប់មិនឱ្យបំផ្លាញទ្រព្យសម្បត្តិឯកជន ឬសាធារណៈ លើកលែងតែករណីដែលការបំផ្លាញនោះត្រូវបានទាមទារជាចាំបាច់បំផុតដោយប្រតិបត្តិការយោធា។
ហេតុនេះហើយ កាលបរិច្ឆេទនៃការបំផ្លាញមានសារៈសំខាន់ខ្លាំង។ ប្រសិនបើភស្តុតាងអាចបញ្ជាក់ថា ផ្ទះស៊ីវិលត្រូវបានរុះរើក្រោយបទឈប់បាញ់ នោះត្រូវមានការពន្យល់ដែលអាចផ្ទៀងផ្ទាត់បានថា តើប្រតិបត្តិការយោធាអ្វីនៅក្រោយបទឈប់បាញ់ដែលធ្វើឱ្យការបំផ្លាញផ្ទះទាំងនោះ «ចាំបាច់បំផុត»?
នេះមិនមែនជាសំណួរវោហាសាស្ត្រទេ។ វាជាសំណួរដែលត្រូវការចម្លើយផ្អែកលើភស្តុតាង។ បទឈប់បាញ់ត្រូវនាំមនុស្សទៅផ្ទះ មិនមែនកម្ទេចនិងលុបផ្ទះចេញពីផែនទីនោះទេ។
រូបភាពផ្កាយរណបមិនអាចបង្ហាញទឹកភ្នែករបស់ម្តាយម្នាក់បានទេ។ វាមិនអាចថតយកអារម្មណ៍របស់ឪពុកម្នាក់ដែលឈរមើលទីតាំងផ្ទះរបស់ខ្លួនពីចម្ងាយបានទេ។ វាមិនអាចប្រាប់យើងថា កុមារម្នាក់បានសួរឪពុកម្តាយប៉ុន្មានដងថា៖ «តើយើងបានទៅផ្ទះវិញនៅពេលណា?»។ ប៉ុន្តែផ្កាយរណបអាចកត់ត្រាអ្វីដែលបានកើតឡើងនៅលើដី ហើយនៅពេលរូបភាពមុន និងក្រោយបទឈប់បាញ់បង្ហាញពីការបាត់ទៅនៃផ្ទះ និងសំណង់ សំណួរនោះមិនគួរត្រូវបានបិទបាំងដោយភាពស្ងៀមស្ងាត់ទេ។

សេចក្តីប្រកាសថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបង្កើតការប្តេជ្ញាចិត្តឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លោក Thomas Andrews បានរំលឹកថា ការវិលត្រឡប់ទៅផ្ទះរបស់អ្នកដែលត្រូវបានផ្លាស់ទីដោយជម្លោះប្រដាប់អាវុធ គឺជាសិទ្ធិក្រោមច្បាប់អន្តរជាតិ។ ដូច្នេះ បទឈប់បាញ់មិនអាចវាស់ត្រឹមចំនួនគ្រាប់កាំភ្លើងដែលលែងបាញ់នោះទេ។ វាត្រូវវាស់ដោយចំនួនគ្រួសារដែលអាចត្រឡប់ទៅផ្ទះវិញបាន។

កាំភ្លើងអាចស្ងប់សំឡេងគ្រាប់។ ប៉ុន្តែសន្តិភាពមិនទាន់មកដល់ទេ ប្រសិនបើប្រជាពលរដ្ឋនៅតែរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន ខណៈមើលទៅរកទីដែលធ្លាប់ជាផ្ទះរបស់ខ្លួន។ សន្តិភាពពិតប្រាកដចាប់ផ្តើមនៅពេលពួកគេអាចត្រឡប់ទៅផ្ទះ ហើយបើផ្ទះត្រូវបានបំផ្លាញក្រោយបទឈប់បាញ់ នោះការពិតត្រូវតែត្រូវបានកត់ត្រា មូលហេតុត្រូវតែត្រូវបានពន្យល់ សិទ្ធិរបស់ជនភៀសសឹកត្រូវតែត្រូវបានគោរព ហើយការទទួលខុសត្រូវត្រូវតែត្រូវបានស្វែងរក ព្រោះគោលបំណងនៃបទឈប់បាញ់គឺនាំមនុស្សត្រឡប់ទៅផ្ទះ មិនមែនធ្វើឱ្យផ្ទះរបស់ពួកគេបាត់ចេញពីផែនទីនោះឡើយ៕
អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា