កម្ពុជា និងក្រុមអឺរ៉ុប ពង្រឹងភាពជាដៃគូលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងការអភិរក្សជីវៈចម្រុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងក្រុមអឺរ៉ុប ពង្រឹងភាពជាដៃគូលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងការអភិរក្សជីវៈចម្រុះ

កម្ពុជា និងក្រុមអឺរ៉ុប ពង្រឹងភាពជាដៃគូលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងការអភិរក្សជីវៈចម្រុះ

រាជរដ្ឋាភិបាលកម្ពុជា និងក្រុមអឺរ៉ុប (Team Europe) បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូ ដើម្បីអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព ប្រព័ន្ធស្បៀងអាហារធន់នឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។
 
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រុមអឺរ៉ុប បានបំពេញបេសកម្មរួមគ្នារវាងទៅកាន់បណ្តាខេត្តនៅភាគឦសានកម្ពុជា ពីថ្ងៃទី១៧ និង១៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមអឺរ៉ុប ក្នុងការលើកកម្ពស់កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធចំណីអាហារធន់ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន។
 
បេសកកម្មនេះដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ​ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតអឺរ៉ុបប្រចាំកម្បុជា ព្រមទាំងតំណាងអង្គការ ស្ថាប័ន អឺរ៉ុប និងកម្ពុជាមួយចំនួនផងដែរ។
 
ផ្តើមពីខេត្តត្បូងឃ្មុំ ​គណៈប្រតិភូបានចុះទស្សនាសហគមន៍កសិកម្មជ័យរុងរឿង ដែលទទួលបានការគាំទ្រពីកម្មវិធីសេវាកម្មកសិកម្មដើម្បីបរិយាបន្នសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្ម ASPIRE-AT ។ គណៈប្រតិភូបានពិនិត្យការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការភ្ជាប់កសិករទៅកាន់ទីផ្សារ។
 
បន្តទៅខេត្តក្រចេះ បេសកកម្មបានផ្តោតលើការអភិរក្សផ្សោតទន្លេមេគង្គ ដែលជាគម្រោងការពារប្រភេទសត្វកម្ររបស់កម្ពុជាផង ទន្ទឹមគ្នានឹងការបង្កើតប្រាក់ចំណូលប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋនៅតាមសហគមន៍ផងដែរ។​ ​គម្រោងនេះគ្រប់គ្រងដោយរដ្ឋបាលជលផល និងអង្គការ WWF ដោយមានការគាំទ្រពីប្រទេសបែលហ្សិក និងសហភាពអឺរ៉ុប។
 
នៅខេត្តស្ទឹងត្រែងឯណោះវិញ គណៈប្រតិភូបានទស្សនាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង សហគមន៍កសិកម្មចំបក់ និងទីតាំងគម្រោង ដែលអនុវត្តក្រោមភាពជាដៃគូរវាងសហភាពអឺរ៉ុប អាល្លឺម៉ង់ និងកម្ពុជា សម្រាប់វិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព (CAPSAFE)។ គម្រោងនេះផ្តោតលើការកែច្នៃក្រោយការប្រមូលផល ការធានាគុណភាព និងការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម។
 
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា កម្ពុជាកំពុងផ្លាស់ប្តូរមុខមាត់វិស័យកសិកម្ម ពីការធ្វើកសិកម្មបែបគ្រួសារ ទៅជាការផលិតបែបពាណិជ្ជកម្ម តាមរយៈការរៀបចំកសិករជាក្រុម ការពង្រឹងសហគមន៍កសិកម្មទំនើប  និងផលិតកម្មកសិកម្មតាមកិច្ចសន្យា។ យន្តការទាំងនេះមានគោលដៅធានាឱ្យកសិករអាចផ្គត់ផ្គង់ផលដំណាំបានទៀងទាត់ និងមានស្ថិរភាពទៅកាន់រោងចក្រកែច្នៃ។
 
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចសហការជាមួយសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ កំពុងជួយលើកកម្ពស់ស្តង់ដារសុវត្ថិភាពចំណីអាហារ និរន្តរភាព និងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា ជាពិសេសស្វាយចន្ទី និងម្រេច ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កសិករទាំងក្នុងស្រុក និងនៅលើទីផ្សារអន្តរជាតិ។
 
ក្នុងអំឡុងបេសកកម្ម គណៈប្រតិភូក៏បានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគមន៍ជនបទ និងអាជីវកម្មកសិកម្មក្នុងស្រុក ដោយផ្តោតលើការវិនិយោគលើកសិកម្មតាមកិច្ចសន្យា ការកែច្នៃក្រោយប្រមូលផល និងការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម។
 
កិច្ចសហប្រតិបត្តិការទាំងនេះកំពុងជួយលើកកម្ពស់សុវត្ថិភាពចំណីអាហារ ជំរុញការចូលរួមរបស់វិស័យឯកជន និងបង្កើនសមត្ថភាពរបស់កសិករ និងអាជីវកម្មកសិកម្ម ក្នុងការចូលទៅកាន់ទីផ្សារតំបន់ និងទីផ្សារអឺរ៉ុប ដែលមានតម្លៃខ្ពស់ ស្របតាមគោលដៅនៃយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប៕



ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា