រថយន្តម៉ាក GAC និង​ Chevrolet គ្រោងនឹង​សម្ពោធរោងចក្រផ្គុំ និងដំឡើងនៅកម្ពុជា​ក្នុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រថយន្តម៉ាក GAC និង​ Chevrolet គ្រោងនឹង​សម្ពោធរោងចក្រផ្គុំ និងដំឡើងនៅកម្ពុជា​ក្នុងឆ្នាំនេះ

រថយន្តម៉ាក GAC និង​ Chevrolet គ្រោងនឹង​សម្ពោធរោងចក្រផ្គុំ និងដំឡើងនៅកម្ពុជា​ក្នុងឆ្នាំនេះ

រថយន្តយីហោល្បីម៉ាក GAC និង​ Chevrolet បានដំណើរការដំឡើងបឋមនៅកម្ពុជាផ្ទាល់​នាពេលថ្មីៗនេះ បន្ទាប់ពី​ក្រុមហ៊ុន ដែលទទួលបានសិទ្ធិផ្ដាច់មុខរថយន្តម៉ាកទាំង២ បានពង្រីកការ វិនិយោគលើ​ការសាងសង់រោងចក្រផ្គុំ និងដំឡើងរួចមក។

ក្នុងជំនួបសម្ដែងគួរសមនិងពិភាក្សាការងារ ជាមួយសម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កាលពីរសៀលថ្ងៃទី ១៨ ខែសីហា លោក ណម តុង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.បាន​ជម្រាប​ជូន សម្ដេចនាយករដ្ឋមន្រ្តីពីប្រតិបត្តិការនិងវឌ្ឍនភាពនៃការរកស៊ីនៅកម្ពុជា។

ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង​ Chevrolet នៅកម្ពុជា ។ ជាភាពរីកចម្រើន​​ក្រុមហ៊ុនបាន​ពង្រីកការ វិនិយោគលើ​ការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ​នៅក្នុងប្រទេសផ្ទាល់ ដោយសាងសង់រោងចក្របង្គុំ​ និងដំឡើងរថយន្ត ទាំង២ម៉ាករួចរាល់​ និងបាន​ចាប់ផ្តើមដំណើរការបឋម​នាពេលថ្មីៗនេះ ផងដែរ។

តាមរយៈវឌ្ឍនភាពជាបន្តបន្ទាប់ ក្រុមហ៊ុន មានបុគ្គលិក​ចំនួន២៥០​នាក់កំពុងបម្រើការងារនៅរោងចក្រ ដែលសុទ្ធសឹងជាបុគ្គលិក​ទទួល​បាន​​ការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ធានា​បាននូវរថយន្ត​មានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ​ជូនអតិថិជន​កម្ពុជា ។

ជាមួយនឹងសេចក្តីរាយការណ៍របស់ខ្លួន លោក ណម តុង ប្រធាន​ក្រុមប្រឹក្សា​ភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.បានគោរពអញ្ជើញសម្ដេចធិបតីនាយករដ្ឋមន្រ្តីផ្តល់​កិត្តិយស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​សម្ពោធផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះក្នុងពេលវេលាសមស្របណាមួយក្នុងឆ្នាំនេះ​ ។

បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ,ជាការឆ្លើយតបសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការអបអរសារទរចំពោះវឌ្ឍនភាពនៃប្រតិបត្តិការ​អាជីវកម្មរបស់​ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីក​ចម្រើនបន្ថែមទៀត ។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន​ ដែលការវិនិយោគលើវិស័យនេះបាន​ចូល​រួមយ៉ាង​សំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្ម​កម្ពុជា និងផ្តល់នូវផលិតផលដែល​មានគុណភាព, សុវត្ថិភាព និងតម្លៃ​សមរម្យ ។សម្ដេចធិបតីបានបញ្ជាក់អំពីគោលនយោបាយ និងយន្តការ​គាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាស​វិនិយោគនៅកម្ពុជា​ ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង ។

សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែ​មដល់​សេដ្ឋកិច្ចជាតិ៕

ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា