កម្ពុជារកបានមេដាយប្រាក់៣គ្រឿង លើវិញ្ញាសាប្រកួតជាក្រុម ក្នុងការប្រកួតវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារកបានមេដាយប្រាក់៣គ្រឿង លើវិញ្ញាសាប្រកួតជាក្រុម ក្នុងការប្រកួតវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣

កម្ពុជារកបានមេដាយប្រាក់៣គ្រឿង លើវិញ្ញាសាប្រកួតជាក្រុម ក្នុងការប្រកួតវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣

កម្ពុជា ដណ្តើមបានមេដាយប្រាក់ចំនួន ៣គ្រឿង លើវិញ្ញាសាប្រកួតជាក្រុម ពីព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ ខណៈដែលមេដាយមាសបានទៅលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ា។

គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ការប្រកួតលើវិញ្ញាសាជាក្រុមហើយ។ ជាលទ្ធផល ក្រុមម្ចាស់ផ្ទះកម្ពុជាទាំង ៣ប្រភេទអាយុ ក្នុងនោះមានក្រោម ១៦ឆ្នាំ, ក្រោម ១៩ឆ្នាំ និងក្រោម ២៣ឆ្នាំ ប្រជែងដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្នុងពិធីបិទការប្រកួតលើវិញ្ញាសាជាក្រុមនេះ មានការអញ្ជើញជាកិត្តិយសបំពាក់មេដាយពីសំណាក់ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវ៉ើរី និងលោក គឹម ជុងស៊ូ (Kim Jong Soo) ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី។

ក្រោយបញ្ចប់ការប្រកួត លោក ឈិត សាមាន គ្រូបង្វឹកជម្រើសជាតិកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា ថ្វីបើកូនក្រុមរបស់លោកបានប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជានៅតែមិនទាន់អាចដណ្តើមយកមេដាយមាសបាន ដោយសារខាងក្រុមមីយ៉ាន់ម៉ាមានទម្រង់លេង និងបច្ចេកទេសល្អជាង។ ទោះជាយ៉ាងណា លោកបានកោតសរសើរដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលបានបង្ហាញសមត្ថភាពយ៉ាងល្អក្នុងការប្រកួតប្រជែងដើម្បីជាតិ។

ជាមួយគ្នានេះដែរ កីឡាករ-កីឡាការិនី និងអ្នកគាំទ្រផ្ទាល់ បានបង្ហាញនូវអារម្មណ៍សោកស្តាយចំពោះការមិនអាចដណ្តើមបានមេដាយមាសលើវិញ្ញាសាជាក្រុមនេះ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចកែប្រែស្ថានការណ៍ ដោយដណ្តើមបានមេដាយមាសលើវិញ្ញាសាឯកត្តជន និងវិញ្ញាសាផ្សេងៗទៀត ដែលត្រូវប្រកួតបន្ត។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ លើវិញ្ញាសាប្រកួតជាក្រុម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែសីហា។ បន្ទាប់ពីបញ្ចប់ការប្រកួតជាក្រុម គឺចូលដល់វិញ្ញាសាប្រកួតឯកត្តជន, វាយគូ និងវាយគូចម្រុះ ដែលនឹងបន្តដំណើរការរហូតដល់ថ្ងៃទី២១ ខែសីហា ទើបបញ្ចប់ការប្រកួតទាំងស្រុង។

សូមបញ្ជាក់ថា បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣នេះ មានប្រទេសចំនួន ៧ ចូលរួម ក្នុងនោះមាន ៖ កម្ពុជាជាម្ចាស់ផ្ទះ ឡាវ មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ព្រុយណេ និងទីម័រខាងកើត៕

រូបភាព ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា