អាជ្ញាធរមីនបញ្ជាក់ថា ហិរញ្ញប្បទានសម្រាប់សកម្មភាពមីននៅកម្ពុជានៅតែរឹងមាំ ទោះអង្គការខ្លះប្រឈមការប្រែប្រួលថវិកា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរមីនបញ្ជាក់ថា ហិរញ្ញប្បទានសម្រាប់សកម្មភាពមីននៅកម្ពុជានៅតែរឹងមាំ ទោះអង្គការខ្លះប្រឈមការប្រែប្រួលថវិកា

អាជ្ញាធរមីនបញ្ជាក់ថា ហិរញ្ញប្បទានសម្រាប់សកម្មភាពមីននៅកម្ពុជានៅតែរឹងមាំ ទោះអង្គការខ្លះប្រឈមការប្រែប្រួលថវិកា

អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនរងគ្រោះដោយសារមីន ហៅកាត់ថា អាជ្ញាធរមីន បានចេញមុខបកស្រាយ និងបញ្ជាក់អំពីរបាយការណ៍ព័ត៌មានថ្មីៗពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញប្បទានរបស់អង្គការ Cambodian Self Help Demining ឬ CSHD ដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗអំពីស្ថានភាពទូទៅនៃសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្ដម ឡាង កុសល អ្នកនាំពាក្យអាជ្ញាធរមីន បានប្រាប់បណ្តាញសារព័ត៌មាន AMS នៅថ្ងៃពុធនេះថា អាជ្ញាធរមីនទទួលស្គាល់ និងយល់យ៉ាងច្បាស់អំពីការលំបាកផ្នែកហិរញ្ញប្បទានដែលអង្គការ CSHD កំពុងជួបប្រទះ។ អង្គការនេះបានចូលរួមចំណែកយ៉ាងមានតម្លៃក្នុងការការពារសហគមន៍ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនាពេលកន្លងមក។ អាជ្ញាធរមីនសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះម្ចាស់ជំនួយអន្តរជាតិ ព្រមទាំងដៃគូសប្បុរសធម៌ទាំងអស់ ដែលតែងតែបន្តគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

ពាក់ព័ន្ធនឹងកម្លាំងប្រតិបត្តិការ បច្ចុប្បន្នអង្គការ CSHD មានបុគ្គលិកចំនួន ៣៧ នាក់ ដែលជាផ្នែកមួយតូចនៃកម្លាំងការងារសរុបប្រមាណ ៥,៧០០ នាក់ នៅក្នុងវិស័យសកម្មភាពមីនទូទាំងប្រទេស។ អាជ្ញាធរមីនបានគូសបញ្ជាក់ថា ទោះបីជាបញ្ហាហិរញ្ញប្បទានរបស់ CSHD ជារឿងរ៉ាវគួរឱ្យយកចិត្តទុកដាក់ក៏ដោយ ប៉ុន្តែវាជាបញ្ហាលក្ខណៈជាក់លាក់របស់អង្គការមួយប៉ុណ្ណោះ ហើយមានតែផ្នែកមួយនៃបុគ្គលិក CSHD ប៉ុណ្ណោះ ដែលរំពឹងថានឹងរងផលប៉ះពាល់ ដូច្នេះវាមិនគួរត្រូវបានបកស្រាយថា កំពុងឆ្លុះបញ្ចាំងពីស្ថានភាពទូទៅនៃសកម្មភាពមីននៅកម្ពុជានោះឡើយ។

បច្ចុប្បន្ន ប្រតិបត្តិការដោះមីននៅតែបន្តអនុវត្តយ៉ាងសកម្មនៅទូទាំងប្រទេស តាមរយៈប្រតិបត្តិករជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានា។

ការប្រែប្រួលហិរញ្ញប្បទានទៅតាមឆ្នាំ ឬរវាងម្ចាស់ជំនួយ និងប្រតិបត្តិករ គឺជាធម្មជាតិនៃវិស័យនេះដោយសារការផ្លាស់ប្តូរអាទិភាព និងវដ្តថវិកា ដែលអាចធ្វើឱ្យប្រតិបត្តិករមួយចំនួនត្រូវសម្រួលកម្លាំងពលកម្ម ខណៈប្រតិបត្តិករផ្សេងទៀតបន្តរក្សា ឬពង្រីកប្រតិបត្តិការរបស់ខ្លួន។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសកម្មភាពមីនរបស់កម្ពុជានៅតែមានភាពរឹងមាំ និងមានថាមពល។ ប្រទេសកម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទ្វេភាគី និងពហុភាគី ដើម្បីធានាបាននូវការគាំទ្រដែលមាននិរន្តរភាព សំដៅអាទិភាពជាតិ និងសម្រេចឱ្យបាននូវគោលដៅរំដោះកម្ពុជាឱ្យរួចផុតពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាមនាពេលខាងមុខ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា