ថៃអនុម័តថវិកាជាង១៣លានដុល្លារ សម្រាប់សាងសង់លេណដ្ឋាននៅតាមព្រំដែនជាមួយកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃអនុម័តថវិកាជាង១៣លានដុល្លារ សម្រាប់សាងសង់លេណដ្ឋាននៅតាមព្រំដែនជាមួយកម្ពុជា

ថៃអនុម័តថវិកាជាង១៣លានដុល្លារ សម្រាប់សាងសង់លេណដ្ឋាននៅតាមព្រំដែនជាមួយកម្ពុជា

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានអនុម័តថវិកាជាង១៣លានដុល្លារអាមេរិក ដើម្បីសាងសង់លេណដ្ឋាន និងកែលម្អប្រព័ន្ធព្រមាន និងទំនាក់ទំនងនៅតាមខេត្តទាំង៧តាមបណ្តោយព្រំដែនរួមជាមួយកម្ពុជា។
 
បើតាមសារព័ត៌មានថៃ ​ថវិកាមួយផ្នែកធំនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់លេណដ្ឋាន និងជម្រកសុវត្ថិភាពពេលមានការទម្លាក់គ្រាប់បែកចំនួន ១ ៦៦៩ កន្លែង ហើយសល់ពីនោះ ត្រូវប្រើសម្រាប់សាងសង់ប៉មប្រកាសអាសន្នចំនួន ១៤៣ កន្លែង និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទំនាក់ទំនងវិទ្យុឌីជីថលនៅគ្រប់ខេត្តជាប់ព្រំដែន។
 
រដ្ឋាភិបាលថៃជឿថា វិធានការទាំងនេះនឹងផ្តល់សុវត្ថិភាពកាន់តែល្អដល់ប្រជាពលរដ្ឋ ពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែន ព្រមទាំងពង្រឹងសមត្ថភាពរបស់អាជ្ញាធរក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខផ្សេងទៀតតាមបណ្តោយព្រំដែន រួមទាំងអន្តោប្រវេសន៍ខុសច្បាប់ ការរត់ពន្ធ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។
 
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា អាជ្ញាធរជំនាញបាន និងកំពុងតាមដានជាប្រចាំនូវរាល់សកម្មភាពនានារបស់ភាគីថៃ ប្រសិនជាមានសកម្មភាពសាង់សង់ហេដ្ឋារចនាសម្ព័ន្ធ​កៀកនឹងព្រំដែនកម្ពុជា ឬចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ កម្ពុជានឹងធ្វើការតវ៉ាភ្លាមតែម្តង។
 
លោក សេង វណ្ណលី អ្នក​តាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ យល់ឃើញថា ការដែលរដ្ឋាភិបាលថៃចំណាយថវិកាច្រើន ដើម្បីសង់លេណដ្ឋាន និងពង្រឹងប្រព័ន្ធសន្តិសុខតាមព្រំដែនកម្ពុជា មិនមែនត្រឹមតែជាការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួនប៉ុណ្ណោះទេ តែជាបំណងប្រាថ្នាចង់ពង្រឹងការកាន់កាប់ទីតាំងទាំងនោះ និងចង់បង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង ដើម្បីឱ្យខ្លួនមានប្រៀបក្នុងការចរចាពេលក្រោយ។
 
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ​បានលើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែជា​បញ្ហា​បន្តអូសបន្លាយ ដែលនេះគឺបង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជាត្រូវតែ​បង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅលើការវិនិយោគក្នុងវិស័យយោធា។ ការវិនិយោគលើវិស័យយោធា មិនមែនធ្វើត្រឹមតែការទិញអាវុធ និងគ្រឿងបរិក្ខារថ្មីៗនោះទេ ប៉ុន្តែការវិនិយោគដ៏ប្រសើរ​បំផុតនៅក្នុងវិស័យយោធា គឺចាប់ផ្តើមចេញពីការផ្លាស់ប្តូរក្រឹត្យក្រម​យោធា វប្បធម៌ និងការហ្វឹកហ្វឺនកងកម្លាំង​យោធា៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា