ក្រុមហ៊ុនអាកាសចរណ៍ពន្លឿនការតភ្ជាប់ផ្លូវអាកាស ដើម្បីជំរុញ ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាកាសចរណ៍ពន្លឿនការតភ្ជាប់ផ្លូវអាកាស ដើម្បីជំរុញ ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ពន្លឿនការតភ្ជាប់ផ្លូវអាកាស ដើម្បីជំរុញ ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា (Air Cambodia) កំពុង ពន្លឿនការធ្វើទំនើបកម្មយន្តហោះ និងពង្រីកបណ្តាញ​ហោះហើរ អន្តរជាតិ ដើម្បីបើកច្រកតភ្ជាប់ផ្លូវអាកាសទៅកាន់ ពិភព លោក។

ការពន្លឿនអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការធ្វើទំនើបកម្ម និងពិពិធកម្ម​យន្តហោះ គឺធ្វើ ឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ,បង្កើនគុណភាពសេវា កម្មនិងជំរុញការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានចង្អុលបង្ហាញថា គ្រឹះដ៏សំខាន់នៃចក្ខុវិស័យនេះ គឺកិច្ច​ព្រមព្រៀង ជាប្រវត្តិសាស្ត្រក្នុងការបញ្ជាទិញយន្តហោះទំនើបៗ។ សម្រាប់ខ្សែ ហោះហើរមេ និងចម្ងាយឆ្ងាយ ក្រុមហ៊ុនបានចុះ​ហត្ថលេខា​ទិញ យន្តហោះ ប៊ូអ៊ីង (Boeing) ទំនើបចុងក្រោយបង្អស់ដែលនឹងចាប់ ផ្តើមប្រគល់ពីឆ្នាំ២០៣១ តទៅ ដោយរួម​បញ្ចូល​ទាំងការជួលយន្តហោះ Boeing 737 MAX មកប្រតិបត្តិការជាបណ្តោះអាសន្នចាប់ពី ឆ្នាំ២០២៩។
 
ទន្ទឹមនឹងនេះក្រុមហ៊ុនបានបង្កើតប្រវត្តិសាស្ត្រថ្មីតាមរយៈការបញ្ជាទិញដុំនូវយន្តហោះ COMAC C909 សម្រាប់ជើងហោះហើរ​ក្នុងតំបន់ រហូតដល់ ២០គ្រឿង ដោយធ្វើឱ្យ អ៊ែរ ខេមបូឌា ក្លាយជាក្រុមហ៊ុន អាកាសចរណ៍ដំបូងគេបង្អស់​ដែលបញ្ជាទិញ​យន្តហោះ​ប្រភេទនេះ ក្នុងទ្រង់ទ្រាយធំ។ការដឹកជញ្ជូនយន្តហោះ C909 ចាប់ផ្តើមនៅ ពាក់កណ្តាលឆ្នាំ២០២៦ ដើម្បីពង្រឹង​ជើងហោះ​ហើរក្នុងស្រុក និង អាស៊ីអាគ្នេយ៍ ក្នុងការបញ្ជូនអ្នកដំណើរទៅកាន់បណ្តាញហោះហើរ អន្តរជាតិ។
 
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ដើម្បីគាំទ្រដល់ការរីកចម្រើន នៃកងយន្តហោះនេះ អ៊ែរ ខេមបូឌា បានសហការយ៉ាងជិតស្និទ្ធ​ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើបដិវត្តន៍សេវាកម្មប្រតិបត្តិការលើដីឱ្យ​ឈានដល់ស្តង់ដារអន្តរជាតិខ្ពស់។ ក្នុងនោះ ក្រុមហ៊ុនបានដាក់ ឱ្យអនុវត្តដោយជោគជ័យនូវពេលវេលាឆែកអ៊ីន ក្នុងស្រុកត្រឹមតែ ១៥នាទី ប៉ុណ្ណោះសម្រាប់ជើងហោះហើរតភ្ជាប់រវាងសៀមរាប-ភ្នំពេញ និងព្រះសីហនុ ដែលផ្តល់ភាពបត់បែនអតិប្បរមា​ជូនអ្នក​ដំណើរ។ លើសពីនេះ ក្រុមហ៊ុនបានកាត់បន្ថយពេលវេលាតភ្ជាប់ជើង ហោះហើរអប្បបរមា មកត្រឹម ៥០ ទៅ ៦០នាទី តាមរយៈ​ការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ការពិនិត្យសន្តិសុខ និងការគ្រប់គ្រងឥវ៉ាន់។
 
ការធ្វើសមាហរណកម្មកងយន្តហោះទំនើប និងការកែប្រែប្រព័ន្ធ សេវាកម្មលើដីនេះ មិនត្រឹមតែជួយកាត់បន្ថយពេលវេលា​ធ្វើដំណើរ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តួនាទីរបស់ខេត្តសៀមរាប ជាច្រកទ្វារអាកាសចរណ៍អន្តរជាតិដ៏សំខាន់។ ការពង្រីកផ្លូវហោះហើរជាយុទ្ធសាស្ត្រទៅកាន់តំបន់អាស៊ាន ចិន និងទីផ្សារសកលលោក នឹងជួយសម្រួលដល់អ្នកដំណើរជុំវិញ​ពិភពលោកឱ្យមកទស្សនារមណីយដ្ឋានអង្គរបានកាន់តែងាយស្រួល ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជាឱ្យកាន់តែមានចីរភាព៕
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា