សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារទៅក្រុមប្រឆាំង៖ «បើជួបអត់ជេរ បើជេរអត់ជួប» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារទៅក្រុមប្រឆាំង៖ «បើជួបអត់ជេរ បើជេរអត់ជួប»

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារទៅក្រុមប្រឆាំង៖ «បើជួបអត់ជេរ បើជេរអត់ជួប»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះអ្នកនយោបាយទាំងឡាយណា ដែលមានចេតនា និងឆន្ទៈពិតប្រាកដក្នុងការធ្វើការដើម្បីបុព្វហេតុជាតិ ដោយមិនចាំបាច់មានទស្សនៈនយោបាយស្របគ្នានោះឡើយ។
 
ក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ-អាចារិនីនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចធិបតី បានបញ្ជាក់ថា សម្តេចផ្តល់តម្លៃខ្ពស់លើ «ការគោរពគ្នាទៅវិញទៅមក» ដែលជាគ្រឹះនៃវប្បធម៌បង្រួបបង្រួមជាតិពិតប្រាកដ។ សម្តេចបានរំលឹកថា កាលពីពេលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី មានក្រុមប្រឆាំងបានស្នើសុំជួបសម្តេច ប៉ុន្តែសម្តេចបានឆ្លើយតបវិញដោយលើកជាគោលការណ៍ថា «បើជួបអត់ជេរ បើជេរអត់ជួប»។
 
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងពីជំនួបសន្ទនានាពេលកន្លងមកជាមួយ អ្នកនាង កឹម មនោវិទ្យា ដែលត្រូវជាកូនស្រីរបស់លោក កឹម សុខា អតីតប្រមុខបក្សប្រឆាំង ព្រមទាំងការតែងតាំងរូបគាត់ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី។ សម្ដេចបានគូសបញ្ជាក់ថា ក្នុងតួនាទីជាប្រេសិតពិសេស អ្នកនាង កឹម មនោវិទ្យា ទទួលបន្ទុកលើការងារទាក់ទាញការវិនិយោគ និងកិច្ចការព្រំដែន ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រទេសជាតិ ជាជាងការស្រែកជេរប្រមាថបំផ្លាញកិត្តិយសជាតិ ។
 
បន្ថែមលើនេះ សម្ដេចធិបតី បានប្រកាសជាថ្មីថា ទ្វាររបស់រាជរដ្ឋាភិបាលតែងតែបើកចំហជានិច្ច ចំពោះការបញ្ចេញមតិ និងទស្សនៈរបស់បញ្ញាវ័ន្តគ្រប់និន្នាការនយោបាយ ឱ្យតែការបញ្ចេញមតិនោះមានការវិភាគស៊ីជម្រៅ ច្បាស់លាស់ និងផ្អែកលើមូលដ្ឋានហេតុផលត្រឹមត្រូវ ដោយមិនតម្រូវឱ្យទស្សនៈទាំងនោះត្រូវតែស្របតាមជំហររបស់រាជរដ្ឋាភិបាលនោះទេ។
 
ជុំវិញជំហរនេះ លោកបណ្ឌិត មាស នី អ្នកវិភាគ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានសម្តែងការគាំទ្រ ដោយលោកចង់ឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការអាចអង្គុយសន្ទនាគ្នាប្រកបដោយភាពស្មោះត្រង់ និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕

អត្ថបទដោយ៖ សេង បារាំង (AMS)

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា