នគរបាលនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ជាពិសេសនៅពេលយប់ ដែលមានគ្រោះថ្នាក់កើតឡើងញឹកញាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នគរបាលនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ជាពិសេសនៅពេលយប់ ដែលមានគ្រោះថ្នាក់កើតឡើងញឹកញាប់

នគរបាលនឹងរឹតបន្តឹងច្បាប់ចរាចរណ៍ជាពិសេសនៅពេលយប់ ដែលមានគ្រោះថ្នាក់កើតឡើងញឹកញាប់

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យកម្លាំងនគរបាល រឹតបន្តឹងច្បាប់ចរាចរណ៍ជាពិសេសនៅពេលរាត្រី ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦តទៅ ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
 
ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពី ឯកឧត្តម ស ថេត បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើងយ៉ាងគំហុក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃហើយភាគច្រើនកើតឡើងនៅពេលរាត្រី។
 
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងចាប់ពីម៉ោង៦យប់ ហើយពេលវេលាដែលមានអ្នកស្លាប់ច្រើនបំផុត គឺនៅចន្លោះម៉ោង៦ និងម៉ោង៨យប់។  
 
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ថ្ងៃទី១៥ថ្ងៃខែសីហានេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១,៥៩០លើក កើនឡើង២៣៧លើក បើធៀបឆ្នាំ២០២៥។ ក្នុងនោះ អ្នកស្លាប់មានចំនួន ៩៨៦នាក់ កើន១០៩នាក់ និងរងរបួសចំនួន ២,៣០២នាក់ កើន៤៣០នាក់។
 
ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតឡើងទៅលើអ្នកជិះម៉ូតូ ដែលមានចំនួនរហូតដល់៨០ភាគរយ អ្នករួមដំណើរដោយម៉ូតូ៣៦ភាគរយ ហើយអ្នកមិនពាក់មួកសុវត្ថិភាពមានចំនួន៦៣ភាគរយ។  

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាដល់កម្លាំងជំនាញត្រូវប្រើប្រាស់វិធានការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀត ឲ្យដើរទន្ទឹមគ្នាជាមួយវិធានការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យកម្លាំងនគរបាលអនុវត្តច្បាប់ត្រូវចេះបត់បែន និងប្រើប្រាស់កាយវិការពាក្យសម្ដីឲ្យបានសមរម្យ ពោលគឺ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ទៅកាន់ប្រជាពលរដ្ឋ និងកំណត់បទល្មើសឲ្យបានច្បាស់លាស់ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីច្បាប់ និងមានស្មារតីគោរពច្បាប់ ជាងខ្លាចនគរបាល៕

សៅ សុខអេង  

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា