ពលរដ្ឋរស់នៅជាប់ដងទន្លេមេគង្គមួយចំនួនកំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋរស់នៅជាប់ដងទន្លេមេគង្គមួយចំនួនកំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់

ពលរដ្ឋរស់នៅជាប់ដងទន្លេមេគង្គមួយចំនួនកំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់

ប្រជាពលរដ្ឋរស់នៅជាប់ដងទន្លេមេគង្គមួយចំនួនស្ថិតក្នុងខេត្តស្ទឹងត្រែង និងក្រចេះ កំពុងទទួលរងកា រ គំរាមកំហែងដោយសារទឹកជំនន់។គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានអំពាវនាវអាជ្ញាធរ ពាក់ព័ន្ធ និងប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមដងទន្លេមេគង្គឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង ត្រៀម បង្ការចំពោះហានិភ័យដែលអាចកើតឡើងជាយថាហេតុបង្កដោយទឹកជំនន់ទន្លេ និងជំនន់ទឹកភ្លៀង ។
 
ការអំពាវនាវនេះធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ក្រោយពីគណៈ កម្មាធិការជាតិទន្លេមេគង្គកម្ពុជា សង្កេតឃើញថា កម្ពស់ទឹកទន្លេមេគង្គមានការកើនឡើងចាប់ពីស្ថានីយ Pakse-ប្រទេសឡាវ រហូតមកដល់កម្ពុជា ចាប់ពីស្ថានីយស្ទឹងត្រែងចុះមកក្រោម។
 
ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គិតត្រឹម ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះតំបន់មួយចំនួននៅខេត្តស្ទឹងត្រែង បានរងផលប៉ះពាល់ ពិសេសនៅស្រុកសៀមប៉ាង ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ។ សម្រាប់ខេត្តក្រចេះវិញ ទឹកជំនន់បានប៉ះពាល់ តំបន់មួយចំនួនក្នុងស្រុកឆ្លូង, ព្រែកប្រសព្វ, ក្រុងក្រចេះ និងចិត្របុរីជាដើម។
 
ទោះយ៉ាងណា ករណីលិចលង់ខាងលើនេះ ឯកឧត្តម សុទ្ធ គឹមកុលមុនី បញ្ជាក់ថាពុំទាន់មានការជម្លៀសពលរដ្ឋទេ។ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង មានកម្ពស់ ១០.០៨ម៉ែត្រនៅថ្ងៃទី១៩សីហានេះ ខណៈកម្រិតត្រូវប្រុងប្រយ័ត្ន និងប្រកាសអាសន្ន គឺចាប់ពី១០.៥០ម៉ែត្រទៅ ១០.៧០ម៉ែត្រ។
 
ចំណែកនៅខេត្តក្រចេះវិញ កម្ពស់ទឹកថ្ងៃនេះឡើងដល់ ២០.៦០ម៉ែត្រ ខណៈកម្រិតត្រូវប្រុងប្រយ័ត្ន និងប្រកាសអាសន្ន គឺចាប់ពី ២២ម៉ែត្រទៅ ២៣ម៉ែត្រ។
 
ក្រសួងធនធានទឹកបានប្រកាសថា សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ហើយបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះបង្កឲ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់វាលទំនាបតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា