ឯកអគ្គរដ្ឋទូតប្រេស៊ីល​ កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបនិងបោសសម្អាតបទល្មើស Online Scams | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរដ្ឋទូតប្រេស៊ីល​ កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបនិងបោសសម្អាតបទល្មើស Online Scams

ឯកអគ្គរដ្ឋទូតប្រេស៊ីល​ កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបនិងបោសសម្អាតបទល្មើស Online Scams

លោកជំទាវ វីបាន ឡូស សានម៉ាតាំង ឯកអគ្គរដ្ឋទូតប្រេស៊ីល​ប្រចាំ​កម្ពុជា បានអបអរសាទរកោតសរសើររាជរដ្ឋាភិបាលកម្ពុជា​ចំពោះការសម្រេចបានលទ្ធផលដ៏លេចធ្លោ និងប្រកបដោយភាពជាក់ស្ដែងក្នុងប្រតិបត្តិការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ការកោតសរសើរនេះ ក្នុងជំនួបសម្ដែងគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

ទាក់ទងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាពស្និទ្ធស្នាល ក្រោមស្មារតីរួមមួយថា ” ទោះបីប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នា តែយើងនៅតែអាចធ្វើការជាមួយគ្នាបានយ៉ាងជិតស្និទ្ធ “។

ក្នុយន័យនេះ លោកជំទាវ វីបាន ឡូស សានម៉ាតាំង បានបង្ហាញមោទនភាពដែលក្លាយជាឯកអគ្គរដ្ឋទូតប្រស៊ីលដំបូងគេនៅកម្ពុជា ជាពិសេសក៏ក្នុងពេលដែលកាលៈទេសៈបានតម្រូវឱ្យប្រេស៊ីល និងកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្វីដ្បិតទើបចូលកាន់តំណែងនៅកម្ពុជា ប៉ុន្តែ លោកជំទាវ បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាប្រេស៊ីលបានតាមដាន និងក៏មានកិច្ចសហការយ៉ាងល្អ ជាបន្តបន្ទាប់ជាមួយក្រសួងមហាផ្ទៃ រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ លើការងារបង្ក្រាបអនឡាញស្កេម និងអំពើជួញដូរមនុស្ស។

លោកជំទាវបន្តថា បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលប្រេស៊ីល កំពុងពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចអនុស្សរណៈនៃការយោគយល់ (MOU) និងក៏បានកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ពាក់ព័ន្ធនឹងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការសម្របសម្រួលបញ្ជូនជនជាតិប្រេស៊ីលទៅប្រទេសកំណើត និងលើករណីជនជាតិប្រសុីលឃុំខ្លួននៅកម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជាដែលបានបើកចំហទទួលយកមតិយោបល់ពីគ្រប់ភាគី ជាពិសេសការឈានទៅដាក់ឱ្យអនុវត្តបែបបទថ្មីមួយពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះ។ លោកជំទាវបានដាក់ក្ដីរំពឹងប្រកបដោយសុទិដ្ឋិនិយមថា តាមរយៈតួនាទីជាឯកអគ្គរដ្ឋទូត និងដោយឡែកតាមរយៈ MOU ដែលលេចចេញជារូបរាងឆាប់ៗខាងមុខ ភាគីទាំងពីរ នឹងអាចសម្រេចបានលទ្ធផលកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនទៀត ជាពិសេសលើការងារសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណលោកជំទាវឯកអគ្គរដ្ឋទូត ចំពោះប្រសាសន៍វាយតម្លៃប្រកបដោយការលើកទឹកចិត្តមកលើការខិតខំប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតបទល្មើសអនឡាញស្កេម។ យ៉ាងណាក៏ដោយ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា កម្ពុជាមិនទាន់ដល់ពេលបន្ធូរដៃនៅឡើយទេ ពីព្រោះពួកឧក្រិដ្ឋជនកាន់តែមានល្បិចថ្មីៗ ដែលទាមទារឱ្យធនធានមន្រ្តីអនុវត្តច្បាប់ត្រូវទទួលបានការបណ្ដុះបណ្ដាល និងបំប៉នជំនាញឱ្យទាន់សភាពការណ៍។ ត្រង់ចំណុចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណប្រេស៊ីលដែលបានប្រកាសត្រៀមជួយកម្ពុជាតាមរយៈយន្តការMOU។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតាំងចិត្តខ្ពស់បោសសម្អាតបទល្មើសអនឡាញស្កេមឱ្យដល់ឬសគល់ដោយគ្មានការដកដៃ ពោលគឺទោះបីជាជនជាតិខ្មែរ ឬជាតិសាសន៍ណាក៏ដោយ សមត្ថកិច្ចត្រូវតែបង្ក្រាបឱ្យខាងតែបាន និងដោយគ្មានការលើកលែង។ ជាក់ស្ដែង មកដល់ខែសីហានេះ ទីតាំងធំៗជាច្រើនកន្លែងត្រូវបានបិទទ្វារជាស្ថាពរ មេក្លោងតូចធំត្រូវបានចាប់ខ្លួន ខ្លះជាប់ឃុំនៅកម្ពជា ខ្លះបញ្ជូនទៅប្រទេសកំណើត ខណៈជនបរទេសជិត៤០ម៉ឺននាក់ត្រូវបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត គិតចាប់ពីដើមនីតិកាលថ្មីមក។

ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នា អំពីការត្រៀមរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធនឹងការបង្ក្រាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែកញ្ញាខាងមុខ និងប្រធានបទពាក់ព័ន្ធនឹងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដូចជាក្នុងវិស័យទេសចរណ៍ និងវិស័យកីឡាជាដើម៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា