អាមេរិក ទាមទារ ក្រុមហាម៉ាស រំសាយអាវុធជាមុនសិន ទើបបើកដៃឱ្យកសាងតំបន់ហ្គាហ្សាឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ទាមទារ ក្រុមហាម៉ាស រំសាយអាវុធជាមុនសិន ទើបបើកដៃឱ្យកសាងតំបន់ហ្គាហ្សាឡើងវិញ

អាមេរិក ទាមទារ ក្រុមហាម៉ាស រំសាយអាវុធជាមុនសិន ទើបបើកដៃឱ្យកសាងតំបន់ហ្គាហ្សាឡើងវិញ

វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងមិនបើកដៃឱ្យមានការកសាងតំបន់ហ្គាហ្សាឡើងវិញជាដាច់ខាត ដរាបណាក្រុមហាម៉ាសមិនព្រមទម្លាក់អាវុធ និងរំសាយពួកសកម្មប្រយុទ្ធរបស់ខ្លួនទាំងស្រុងទេនោះ ។ នេះបើតាមការបញ្ជាក់របស់លោក Jared Kushner បេសកជនពិសេសរបស់អាមេរិកកាលពីថ្ងៃអង្គារ ។

ការបញ្ជាក់របស់លោក Kushner ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News បន្ទាប់ពីលោកបានបញ្ចប់ជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃចន្ទ ។

លោក Kushner បានប្រាប់ Fox News ថា យើងមានផែនការកសាងហ្គាហ្សាឡើងវិញ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យកសាងឡើងវិញក្នុងពេលនេះទេ រហូតទាល់តែការលុបបំបាត់អាវុធរបស់ក្រុមហាម៉ាសកើតឡើងជាមុនសិន ។

បេសកជនពិសេសអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ចង់យកលុយទៅវិនិយោគ ឬជះចោលក្នុងទីកន្លែងដែលនឹងត្រូវគ្រប់គ្រងដោយក្រុមភេរវករ ឬត្រូវបំផ្ទុះបំផ្លាញសារជាថ្មីនោះឡើយ ។

ទន្ទឹមគ្នានេះ លោក Kushner ក៏បានព្រមានដែរថា ប្រសិនបើក្រុមហាម៉ាសប្តេជ្ញាចិត្តមិនព្រមទម្លាក់អាវុធទេ នោះពិភពលោកនឹងឃើញច្បាស់ថា ពួកគេមិនស្មោះត្រង់នឹងសន្តិភាពនោះឡើយ ហើយអាមេរិកនឹងគាំទ្រពេញទំហឹងឱ្យអ៊ីស្រាអែលបន្តប្រតិបត្តិការយោធា ដើម្បីបញ្ចប់ការងារនេះតាមវិធីសមស្រប ។

មកទល់ពេលនេះ សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមហាម៉ាសបំផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣ មក បានសម្លាប់អាយុជីវិតពលរដ្ឋប៉ាឡេស្ទីនជាង ៧ ម៉ឺន ៣ ពាន់នាក់៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា