អាមេរិក ចាយលុយជិត ២៣ ពាន់លានដុល្លារ ពន្លឿនស្តុកមីស៊ីល Tomahawk ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចាយលុយជិត ២៣ ពាន់លានដុល្លារ ពន្លឿនស្តុកមីស៊ីល Tomahawk ឡើងវិញ

អាមេរិក ចាយលុយជិត ២៣ ពាន់លានដុល្លារ ពន្លឿនស្តុកមីស៊ីល Tomahawk ឡើងវិញ

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិក ដែលកំពុងដុតដៃដុតជើងបង្កើនស្តុកអាវុធបំពាក់បច្ចេកវិទ្យាខ្ពស់ឡើងវិញ កាលពីថ្ងៃ ចន្ទ បានផ្តល់កុងត្រាតម្លៃ ២២,៩ ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនការពារជាតិខ្នាតយក្ស Raytheon ដើម្បីពន្លឿនការផលិតមីស៊ីលវាយប្រហារចម្ងាយឆ្ងាយ Tomahawk ។

បើតាម Foxnews, កិច្ចសន្យាការពារជាតិនេះ ធ្វើឡើងក្នុងគោលបំណងបំពេញបន្ថែមឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកអាមេរិក ដែលបានថយចុះយ៉ាងខ្លាំង ដោយសារតែប្រតិបត្តិការយោធា និងការប្រើប្រាស់ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ។

យោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមសហរដ្ឋអាមេរិក ហៅកាត់ CSIS, ក្នុងចម្បាំងជាមួយអ៊ីរ៉ង់ យោធារបស់មហាអំណាចពិភពលោកនេះ បានបាញ់មីស៊ីលរបស់សំណាញ់មេឃ Patriot អស់ ៥០ ភាគរយ និងបាញ់មីស៊ីល THAAD អស់ ៤៥ ភាគរយ រួមទាំងមីស៊ីល SM-3 និង SM-6 ប្រហែល ២០ ភាគរយ ។ ក្នុងនោះ បាញ់មីស៊ីល Tomahawk អស់ ៣០ ភាគរយ ឬប្រហែល ៨៥០ គ្រាប់ ។

លោក Hung Cao រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកអាមេរិក បានប្រកាសលើបណ្តាញសង្គមថា ការចំណាយថវិកាដល់ទៅ ២២,៩ ពាន់លានដុល្លារ ដែលជាចំនួនបំបែកកំណត់ត្រានេះ នឹងជួយពន្លឿនការដឹកជញ្ជូនមីស៊ីល Tomahawk ទៅឱ្យយោធា ក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក ។

ចំណែកក្រុមហ៊ុន Raytheon អះអាងថា ក្រោមកិច្ចព្រមព្រៀងរយៈពេល ៧ ឆ្នាំនេះ នឹងអនុញ្ញាតឱ្យខ្លួនអាចបង្កើនសមត្ថភាពផលិតមីស៊ីល Tomahawk ដល់ជាង ១,០០០គ្រាប់ក្នុងមួយឆ្នាំ បើធៀបនឹងកម្រិតបច្ចុប្បន្នអាចផលិតបានតិចជាង ២០០គ្រាប់ប៉ុណ្ណោះ ។

មីស៊ីលកំណាច Tomahawk មានឈ្មោះបោះសំលេង ដោយសារតែសមត្ថភាពហោះទម្លុះមេឃវាយលុកទីតាំងសត្រូវក្នុងចម្ងាយជាង ២.០០០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនលឿនជាងសំលេងជិត ១ ដងរបស់វា ។

មីស៊ីល Tomahawk ដែលប្រើបាញ់ចេញពីនាវាចម្បាំង និងនាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិក គឺជាប្រព័ន្ធអាវុធដ៏សំខាន់នៃប្រតិបត្តិការយោធាអាមេរិក ចាប់តាំងពីវាត្រូវបានប្រើប្រាស់ប្រយុទ្ធលើកដំបូង ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រពែរ្សឆ្នាំ ១៩៩១ ។

ផ្អែកតាម CBS News, ឧស្សាហកម្មការពារជាតិអាមេរិកអាចមានសមត្ថភាពផលិតមីស៊ីល Tomahawk បានត្រឹមតែ ២០០ ទៅ ៣០០ គ្រាប់ប៉ុណ្ណោះនៅក្នុងមួយឆ្នាំៗ ។ បច្ចុប្បន្ន អាមេរិកមានមីស៊ីលដែលមានតម្លៃ ២ លានដុល្លារក្នុងមួយគ្រាប់នេះប្រហែល ៣,០០០ ទៅ ៤,០០០គ្រាប់ ៕

ប្រភព ៖ Foxnews និង CBS News ប្រែសម្រួល ៖ ឈឹម ទីណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា