លឿន សុវត្ថិភាព ចំណាយតិច ៖ ការប្រើប្រាស់ថ្នាល Verify.gov.kh នៅតាមក្រសួង-ស្ថាប័ន កំពុងជួយសម្រួលការផ្តល់សេវាសាធារណៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លឿន សុវត្ថិភាព ចំណាយតិច ៖ ការប្រើប្រាស់ថ្នាល Verify.gov.kh នៅតាមក្រសួង-ស្ថាប័ន កំពុងជួយសម្រួលការផ្តល់សេវាសាធារណៈ

លឿន សុវត្ថិភាព ចំណាយតិច ៖ ការប្រើប្រាស់ថ្នាល Verify.gov.kh នៅតាមក្រសួង-ស្ថាប័ន កំពុងជួយសម្រួលការផ្តល់សេវាសាធារណៈ

ការប្រើប្រាស់ថ្នាល Verify.gov.kh នៅតាមក្រសួង-ស្ថាប័ន ដើម្បីផ្ទៀងផ្ទាត់ឯកសារនានា ដូចជាសញ្ញាប័ត្រ និងបណ្ណបើកបរជាដើម បានជួយសម្រួលយ៉ាងច្រើនដល់ការផ្តល់សេវាសាធារណៈ។ បច្ចេកវិជ្ជាទំនើប ដែលអភិវឌ្ឍដោយកូនខ្មែរនេះ បានជួយបង្កើនទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ទាំងសម្រាប់ស្ថាប័ន និងប្រជាពលរដ្ឋ។
 
រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov.kh សម្រាប់ថ្នាលផ្ទៀងផ្ទាត់ឯកសារជាផ្លូវការនៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងជំរុញបរិវត្តកម្មឌីជីថលក្នុងការផ្តល់សេវាសាធារណៈ។
 
ចាប់តាំងពីដាក់ឱ្យប្រើប្រាស់ ថ្នាលនេះត្រូវបានក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន យកទៅអនុវត្តតាមតម្រូវការក្នុងវិស័យរៀងៗខ្លួនជាបន្តបន្ទាប់។
 
ជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ចំនួនជាង ៤១ម៉ឺនសញ្ញាបត្រទៅក្នុងថ្នាល Verify.gov.kh រួចហើយ ក្នុងចំណោមឯកសារប្រមាណ ១០លានឯកសារ។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ ​​គូសបញ្ជាក់ថា ការប្រើប្រាស់ថ្នាលនេះបានជួយបង្កើនទំនុកចិត្ត និងកាត់បន្ថយជាអតិបរមានូវលទ្ធភាពនៃការក្លែងបន្លំសញ្ញាបត្រ។
  
ដូចគ្នានេះ ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឱ្យដឹងថា សាកលវិទ្យាល័យបានសហការផ្ទាល់ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov.kh ដើម្បីផ្ទៀងផ្ទាត់សញ្ញាបត្រតាមប្រព័ន្ធឌីជីថល។
 
ការអនុវត្តនេះគ្របដណ្តប់លើសញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ។ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ មានសញ្ញាបត្រសរុប ១២ ៣៥១ ច្បាប់ ត្រូវបានដាក់ឱ្យប្រើប្រាស់តាមរយៈថ្នាល Verify.gov.kh។
  
ដោយឡែក ក្នុងវិស័យសុខាភិបាល ថ្នាល Verify.gov.kh ក៏បានដើរតួនាទីសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវា ដោយផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជាច្រើន។
ឯកឧត្តម ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងបាន និងកំពុងធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានាការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និងសមធម៌។
  
ចំណែកឯកឧត្តម នឹម សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងដាក់ឱ្យប្រើប្រាស់ថ្នាល Verify.gov.kh សម្រាប់ឯកសារជាច្រើន ដូចជា បណ្ណសម្គាល់យានយន្ត និងជលយានគ្រប់ប្រភេទ បណ្ណបើកបរគ្រប់ប្រភេទ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ព្រមទាំងអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតផ្សេងៗ។
 
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រសួងកំពុងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ច្រកចេញចូលតែមួយ និងគណៈកម្មការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីផ្សព្វផ្សាយ និងបញ្ជាក់ថា ឯកសារដែលមាន QR Code ភ្ជាប់ទៅនឹងថ្នាល Verify.gov.kh គឺជាឯកសារដែលមានសុពលភាព ​អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន។
 
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានគូសបញ្ជាក់ថា ថ្នាល Verify.gov.kh ត្រូវបានអភិវឌ្ឍឡើងដោយអ្នកបច្ចេកទេសខ្មែរ ដែលប្រើប្រាស់បច្ចេកវិទ្យាមានកម្រិតសុវត្ថិភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការក្លែងបន្លំឯកសារ និងផ្តល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។
 
ភាពជោគជ័យរបស់ថ្នាល Verify.gov.kh បានទទួលការចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ រហូតទទួលបានពានរង្វាន់ពីអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយចំនួន ដោយសារថ្នាលនេះអាចជួយផ្តល់សេវាសាធារណៈបានឆាប់រហ័ស ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពសម្រាប់ទិន្នន័យ
 
ប្រទេសទីម័រឡេស្តេ ក៏បានស្នើសុំកិច្ចសហការពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីដាក់ឲ្យអនុវត្តថ្នាលផ្ទៀងផ្ទាត់ឯកសារមួយតាមគំរូរបស់កម្ពុជា ខណៈប្រទេសមួយចំនួនទៀតក៏កំពុងសិក្សា និងស្វែងយល់ពីបទពិសោធន៍ជោគជ័យរបស់កម្ពុជាផងដែរ៕


 
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា