គណៈប្រតិភូកម្ពុជា-ចិន ចុះពិនិត្យការសាងសង់មន្ទីរពិសោធន៍សុខភាពសត្វ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈប្រតិភូកម្ពុជា-ចិន ចុះពិនិត្យការសាងសង់មន្ទីរពិសោធន៍សុខភាពសត្វ

គណៈប្រតិភូកម្ពុជា-ចិន ចុះពិនិត្យការសាងសង់មន្ទីរពិសោធន៍សុខភាពសត្វ

រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតចិន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពិសោធន៍សុខភាពសត្វ នៅខេត្តកណ្តាល។ ក្រោមការគាំទ្រពីមូលនិធិពីប្រទេសចិន គម្រោងនេះនឹងជួយពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការរកឃើញ បង្ការ តាមដាន និងគ្រប់គ្រងជំងឺសត្វ​ ព្រមទាំងរួមចំណែកធានាសុវត្ថិភាពផលិតផលសត្វនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ផងដែរ។
 
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងការរៀបចំគ្រឿងបរិក្ខារមន្ទីរពិសោធន៍សុខភាពសត្វ នៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ខេត្តកណ្តាល។
 
តាមរយៈមូលនិធិជំនួយចិន (China-Aid) ប្រទេសចិនបានជួយគាំទ្រទៅលើការសាងសង់អាគារមន្ទីរពិសោធន៍សុខភាពសត្វ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារផ្សេងៗបម្រើដល់ការងារពិសោធន៍សុខភាពសត្វផងដែរ។
 
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានស្វែងយល់ពីសមិទ្ធផល ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពបច្ចេកទេសនៃការប្រើប្រាស់ឧបករណ៍ទំនើបៗ ដែលសរបញ្ជាក់ពីភាពរស់រវើកនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។  
 
ឯកឧត្តម ឌិត ទីណា បានលើកឡើថា កិច្ចសហប្រតិបត្តិការនេះ គឺជាសក្ខីភាពបង្ហាញពី «មិត្តភាពដែកថែប» ក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងការលើកកម្ពស់សមត្ថភាពការងារពិសោធន៍ជំងឺសត្វ និងសុវត្ថិភាពផលិតផលសត្វឱ្យកាន់តែមានប្រសិទ្ធភាព។
 
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនប៊ីន ក៏បានសម្តែងក្តីរីករាយចំពោះការរួមដំណើរពិនិត្យគម្រោងជំនួយរបស់ប្រទេសចិនសម្រាប់មន្ទីរពិសោធន៍សុខភាពសត្វមួយនេះ ដោយឯកឧត្តមជឿជាក់ថា នៅពេលដែលមន្ទីរពិសោធន៍នេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលអនាគត វានឹងដើរតួនាទីយ៉ាងសកម្ម និងវិជ្ជមានក្នុងការបង្ការ និងគ្រប់គ្រងជំងឺសត្វនៅកម្ពុជា។
 
សូមបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសចិនចំពោះមន្ទីរពិសោធន៍នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ ទូលំទូលាយ ចិន-អាស៊ាន លើសុខភាពសត្វ។ ដូច្នេះ គម្រោងនេះមិនមែនត្រឹមតែជាមន្ទីរពិសោធន៍ថ្មីមួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងសម្រាប់ពង្រឹងការបង្ការ និងឆ្លើយតបទៅនឹងជំងឺសត្វក្នុងក្របខ័ណ្ឌតំបន់ផងដែរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា