បើកចំហជើងមេឃ ផ្សារភ្ជាប់ការលើកលែងទិដ្ឋាការ គឺជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មីជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បើកចំហជើងមេឃ ផ្សារភ្ជាប់ការលើកលែងទិដ្ឋាការ គឺជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មីជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

បើកចំហជើងមេឃ ផ្សារភ្ជាប់ការលើកលែងទិដ្ឋាការ គឺជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មីជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងរួមគ្នាស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល ការសម្រួលការធ្វើដំណើរ និងការពង្រឹងការតភ្ជាប់ជើងហោះហើរ ដែលជាកាតាលីករដ៏សំខាន់សម្រាប់លើកកម្ពស់វិស័យទេសចរណ៍ និងអាកាសចរណ៍នៅកម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»)ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សារិះរកវិធីសាស្រ្តបង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងជំរុញកំណើនវិស័យទេសចរណ៍ និងអាកាសចរណ៍នៅកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្តពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដែលវិស័យឯកជនបានលើកសំណូមពរចំនួន២ និងក៏ជាកម្មវត្ថុនៃកិច្ចប្រជុំនៅក្នុងថ្ងៃនេះដែរ។

ទី១ វិស័យឯកជនស្នើឲ្យរាជរដ្ឋាភិបាលពិចារណាលើគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទីផ្សារសក្តានុពលមួយចំនួន និងការពន្យារពេលការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការចិនរហូតដល់ដំណាច់ឆ្នាំ។

ចំណែកសំណូមពរទី២ គឺសុំបង្កើតយន្តការពិសេសថ្នាក់ជាតិ សម្រាប់ជំរុញការស្តារវិស័យទេសចរណ៍ និងអាកាសចរណ៍ ដើម្បីសម្របសម្រួលគោលនយោបាយពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជជែកពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា សំដៅបង្កើនភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ជើងហោះហើរ ដោយសារវិស័យទាំងពីរនេះមានទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធ និងប្រទាក់ក្រឡាគ្នា ដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន ។

ក្នុងន័យនេះ ដើម្បីរួមចំណែកបង្កើនលំហូរភ្ញៀវទេសចរអន្តរជាតិ និងជំរុញការស្តារវិស័យទេសចរណ៍ ដ៏ដូចជាជំរុញដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ឱ្យកាន់តែមានសន្ទុះ, ឯកឧត្តមរដ្ឋមន្ត្រី យល់ឃើញថា ទេសចរណ៍ និងអាកាសចរណ៍ត្រូវការការចូលរួមជាសហថាមពលពីរាជរដ្ឋាភិបាល វិស័យឯកជន ក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ បានបង្ហាញពីស្មារតី និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការរួមគ្នាស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាប្រឈមនានា និងដាក់ចេញទិសដៅយុទ្ធសាស្ត្រគន្លឹះ ដើម្បីពង្រីកទីផ្សារទេសចរណ៍, បង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាឱ្យកាន់តែច្រើនឡើង និង ពង្រឹងការតភ្ជាប់អាកាសចរណ៍៕


ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា