រាជរដ្ឋាភិបាល បង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីជំរុញការវិនិយោគប្រកបដោយចីរភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាល បង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីជំរុញការវិនិយោគប្រកបដោយចីរភាព

រាជរដ្ឋាភិបាល បង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីជំរុញការវិនិយោគប្រកបដោយចីរភាព

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រាប់គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
 
តាមរយៈសេចក្តីសម្រេចមួយចុះហត្ថលេខាដោយសម្តេចបវរធិបតីនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤សីហា និងផ្សព្វផ្សាយនៅថ្ងៃទី២០សីហានេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត ក្រុមការងារហិរញ្ញវត្ថុបៃតង ហៅកាត់ថា ក.ហ.ប. ដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រាប់គាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។
 
ក្រុមការងារនេះមានតំណាងធនាគារជាតិនៃកម្ពុជាម្នាក់ជាប្រធាន ម្នាក់ជាអនុប្រធានប្រចាំការ និងតំណាងក្រសួងបរិស្ថានម្នាក់ជាអនុប្រធាន ព្រមទាំងមានតំណាងមកពីក្រសួងស្ថាប័ន១២ទៀតជាសមាជិក ក្នុងនោះមានដូចជាទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងនិយ័តករមូលបត្រកម្ពុជាជាដើម។
 
ក្រុមការងារហិរញ្ញវត្ថុបៃតងមានតួនាទីដឹកនាំ និងសម្របសម្រួលការរៀបចំ និងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងការងារអាទិភាពសម្រាប់ការអភិវឌ្ឍ និងកៀរគរហិរញ្ញវត្ថុបៃតងនៅកម្ពុជា ព្រមទាំងជំរុញការបង្កើតយន្តការ និងក្របខ័ណ្ឌគាំទ្រដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបៃតង។
 
ក្រុមការងារក៏មានភារកិច្ចជំរុញការស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយចំណេះដឹងអំពីហិរញ្ញវត្ថុបៃតង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ ព្រមទាំងគាំទ្រការអភិវឌ្ឍគម្រោង និងឧបករណ៍ហិរញ្ញវត្ថុបៃតង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងអនុវត្តភារកិច្ចផ្សេងៗតាមការប្រគល់របស់រាជរដ្ឋាភិបាល។
 
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ AMS ថា ការបង្កើតក្រុមការងារនេះនឹងជួយចល័តទុនវិនិយោគ និងតម្រង់ទិសថវិកាទៅកាន់គម្រោងអភិវឌ្ឍន៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងផ្តល់ការលើកទឹកចិត្តដល់អាជីវកម្មស្អាត។ ជាងនេះទៅទៀត ក្រុមការងារក៏នឹងចូលរួមពង្រឹងការទប់ស្កាត់ការបំពុលបរិស្ថាន លើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារធនធានធម្មជាតិ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា៕


 
ដោយ៖​ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា