ការវិនិយោគលើវិស័យពិការភាពជាកត្តាសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ច-សង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការវិនិយោគលើវិស័យពិការភាពជាកត្តាសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ច-សង្គម

ការវិនិយោគលើវិស័យពិការភាពជាកត្តាសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ច-សង្គម

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាន ជូនដល់មន្ត្រីរាជការជាជនមានពិការភាព។

ការយកចិត្តទុកដាក់គិតគូរ និងការវិនិយោគលើវិស័យពិការភាព និងជនមានពិការភាព គឺជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីធ្វើឱ្យសម្រេចបានជោគជ័យការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នេះជាប្រសាសន៍របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានសម្រាប់មន្ត្រី ជូនដល់មន្ត្រីរាជការ ជនមានពិការភាព និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។

វគ្គបណ្តុះបណ្តាលនេះ មានគោលដៅជួយដល់ការពង្រឹងសមត្ថភាពការងាររដ្ឋបាលប្រចាំថ្ងៃ ជំនាញសរសេរ លិខិតផ្លូវការ ការគ្រប់គ្រងការិយាល័យ ព្រមទាំងការលើកកម្ពស់ស្មារតីសីលធម៌ និងគោរពក្រមសីលធម៌វិជ្ជាជីវៈជូនដល់មន្ត្រីរាជការមានពិការភាព។ វគ្គបនេះមានសិក្ខាកាមចូលរួមសរុបចំនួន ១៧៥ នាក់ ក្នុងនោះមានអ្នកពិការភាពភ្នែក ខ្សោយគំហើញ ពិការកាយសម្បទា និងមន្ត្រីរាជការមិនមានពិការភាព។

ឯកឧត្តម ជា សុមេធី បានថ្លែងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ក្រសួងសង្គមកិច្ចលើកការលើកកម្ពស់សិទ្ធិ ការអភិវឌ្ឍសមត្ថភាព និងកាលានុវត្តភាពសម្រាប់មន្ត្រីរាជការ ដែលជាជនមានពិការភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា រាជរដ្ឋាភិបាលចាត់ទុកកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាអាទិភាពមួយ នៅក្នុងកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតជាសំខាន់លើការជ្រើសរើសជនពិការចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងឯកជន តាមអត្រាកំណត់។

យោងតាមច្បាប់ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល អត្រាកំណត់នៃការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ គឺ ២% សម្រាប់ក្រសួង ស្ថាប័នរដ្ឋ និង ១% នៃបុគ្គលិកទាំងអស់សម្រាប់គ្រឹះស្ថាន ឬវិស័យឯកជន។

កម្ពុជាក៏កំពុងអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ដើម្បីធានាថា ជនមានពិការភាពគ្រប់រូបទទួលបានសេវាសាធារណៈ សេវាសុខាភិបាល ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទទួលបានយុត្តិធម៌ ដោយសមធម៌ និងការធ្វើបរិយាបន្នពិការភាព ទៅក្នុងគ្រប់វិស័យ ដោយផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន ។

យោងតាមរបាយការណ៍ក្រសួងកិច្ចការនារី គិតចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមេសា ឆ្នាំ២០២៦ មន្ត្រីរាជការមានពិការភាពចំនួន ៧ ៥០២នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋចំនួន៤០ ឬស្មើនឹង ២,៤៨%
នៃមន្រ្តីរាជការសរុប ក្នុងនោះស្ត្រីមានពិការភាព ចំនួន ១ ០៣៥នាក់ និងជនមានពិការភាពកម្រិតធ្ងន់ ចំនួន ៣ ០៣៥នាក់។

ដោយឡែក ក្នុងវិស័យឯកជន មានស្ថាប័នចំនួន ៥៥១កន្លែង បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន ៧ ៨០០នាក់ ភាគច្រើនជាស្ត្រីមានពិការភាព ដែលមានចំនួនរហូតដល់ប្រមាណ ៥ ២០០នាក់ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា