អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការចែករំលែកព័ត៌មានពិត ជាមធ្យោបាយ​បន្សាប​ព័ត៌មានក្លែងក្លាយទាន់ពេលវេលា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការចែករំលែកព័ត៌មានពិត ជាមធ្យោបាយ​បន្សាប​ព័ត៌មានក្លែងក្លាយទាន់ពេលវេលា

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការចែករំលែកព័ត៌មានពិត ជាមធ្យោបាយ​បន្សាប​ព័ត៌មានក្លែងក្លាយទាន់ពេលវេលា

កំពង់ឆ្នាំង៖ ក្រសួងព័ត៌មានបានបន្តបេសកកម្មយុទ្ធនាការ «និយាយ​ថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ​មិត្តភាព​ខ្មែរ-ជប៉ុន សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដោយផ្តោតលើការបន្សាប​ព័ត៌មាន​ក្លែងក្លាយទាន់ពេលវេលា។

ក្រុមការងារយុទ្ធនាការដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋ​លេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុម​ការងារ​រៀបចំ​យុទ្ធនាការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តចុះអប់រំ និងផ្សព្វផ្សាយផ្ទាល់ដល់​សិស្សានុសិស្ស​អំពីសារៈ​សំខាន់នៃការបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា តាមរយៈការផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់​លាស់ដែលជាកាតាលីករដ៏ចាំបាច់មួយក្នុងការរួមចំណែកលុបបំបាត់ការផ្សាយបែបបំពុល និងព័ត៌មានក្លែងក្លាយ ព្រមទាំងចូល​រួមលើកកម្ពស់សន្តិសុខព័ត៌មាន និងសុវត្ថិភាពសង្គមឌីជីថល។

កម្មវិធីយុទ្ធនាការនេះត្រូវបានសម្របសម្រួលរៀបចំឡើងដោយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការ និងការចូល​រួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរដែនដីខេត្ត-ស្រុក មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសរុប​ចំនួន៦០០នាក់។

មានប្រសាសន៍ទៅកាន់យុវសិស្សវិទ្យាល័យ អនុវិទ្យាល័យសាមគ្គី​មានជ័យនាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បាន​សង្កត់ធ្ងន់​លើភាពចាំបាច់នៃការទទួលព័ត៌មានប្រចាំថ្ងៃពីប្រភពផ្លូវការរបស់រដ្ឋ និងឯកជន និងបានជំរុញឱ្យយុវជន​បង្កើនការ​ប្រុងប្រយ័ត្ន ចេះផ្ទៀង​ផ្ទាត់ និងចូលរួមបន្សាបព័ត៌មានក្លែងក្លាយ។

ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យុទ្ធនាការ​និយាយថាទេចំពោះព័ត៌មានក្លែងក្លាយដែលដឹកនាំ​ដោយក្រសួងព័ត៌មាន និងអនុវត្តដោយមន្ទីរព័ត៌មាន បានប្រែក្លាយយុវ​សិស្សប្រមាណ ៦ម៉ឺននាក់ ពីវិទ្យាល័យចំនួន ៤២ ក្នុង១៤រាជធានី-ខេត្ត ឱ្យដើរតួនាទីជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន»សកម្មដើម្បីការពារសហគមន៍របស់ពួកគេពីគ្រោះថ្នាក់​នៃព័ត៌មានក្លែងក្លាយ» ។

ឯកឧត្តមបានបន្តថា៖ «តាមរយៈយុទ្ធនាការជាតិនេះ យុវវ័យយើងបាន​ទទួលការបំពាក់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ​យ៉ាងរឹងមាំ ដើម្បី​បង្កើនភាពធន់ឌីជីថល ក្នុងការទប់ស្កាត់ព័ត៌មានបំពុល ព្រមទាំង​ចូល​រួមក្នុងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បី​សុវត្ថិភាព​ព័ត៌មាន និង​ស្ថិរភាពក្នុងសង្គម» ។

យុទ្ធនាការជំហានទី២ នេះនឹងបន្តពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធ​ផ្សព្វផ្សាយ​ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ អនុវិទ្យាល័យ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៦នេះ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសរំលេចថា ក្នុងយុគសម័យឌីជីថល ការបន្សាបព័ត៌មានក្លែងក្លាយ គឺជាកិច្ចការចំបាច់បំផុត តម្រូវឱ្យមាន​ការចូលរួមពីយុវវ័យ ពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដោយត្រូវប្រកាន់ខ្ជាប់នូវទម្លាប់ល្អនៃ​ការទទួល និងចែករំលែកព័ត៌មាន​ពិត មកពីប្រភពផ្លូវការរបស់ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត/ស្រុក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអង្គភាពព័ត៌មានដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ។

«ការចូលរួមបន្សាបព័ត៌មានក្លែងក្លាយទាន់ពេលវេលា គឺជាការចូលរួម​កាត់​បន្ថយឥទ្ធិពលអវិជ្ជមាននៃការផ្សាយបែបបំពុល បំផ្លើស បំភ្លៃ និងព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម កុំឱ្យបង្កជា​ភាពវឹកវរ ការភាន់ច្រឡំ ឬបំផ្លាញទំនុកចិត្តសាធារណៈ ប៉ះពាល់ដល់​សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ដោយជំនួសមកវិញនូវ​ព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់» ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្ត និងបំផុស​ស្មារតីដល់ក្មួយៗសិស្សានុសិស្សឱ្យអនុវត្តកិច្ចការសំខាន់ ៣យ៉ាង ក្នុងនាមជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» នោះគឺ៖ ១) ត្រូវគិត និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនជឿ ឬចែករំលែក​(Think before you click/share) ។ ២) កុំក្លាយជាចំណែកនៃ​ការផ្សាយ ឬចែករំលែកព័ត៌មានក្លែងក្លាយ ដោយត្រូវចៀសវាង​ដាច់​ខាតការ Share ព័ត៌មានដែលគ្មានមូលដ្ឋាន មិនស្គាល់ប្រភព​ពិតប្រាកដ។ និង ៣) ត្រូវចូលរួមចែក​រំលែកតែព័ត៌មានពិត មានប្រភពច្បាស់លាស់ត្រឹមត្រូវ ដើម្បីការពារសុវត្ថិភាពព័ត៌មាន​ក្នុងគ្រួសារ និងសហគមន៍។

ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋបាល​ខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដី មន្ទីរជំនាញ និងគណៈ​គ្រប់គ្រងសាលា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំយុទ្ធនាការនេះឱ្យមានដំណើរការរលូន និងទទួលបានលទ្ធផលល្អ៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា