សមត្ថកិច្ចកម្ពុជា-អាមេរិកសហការគ្នាកម្ទេចសម្បុកគ្រឿងញៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមត្ថកិច្ចកម្ពុជា-អាមេរិកសហការគ្នាកម្ទេចសម្បុកគ្រឿងញៀន

សមត្ថកិច្ចកម្ពុជា-អាមេរិកសហការគ្នាកម្ទេចសម្បុកគ្រឿងញៀន

កិច្ចសហប្រតិបត្តិការថ្មីៗនេះរវាងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក(DEA) និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) បាននាំទៅដល់ការចាប់ខ្លួនជនបរទេសជាច្រើននាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិ មន្ទីរពិសោធន៍ផលិតគ្រឿងញៀន ទីតាំងស្តុកទុកជាច្រើន និងសារធាតុគីមីដើមសម្រាប់ផលិតគ្រឿងញៀនច្រើនជាងមួយតោន រួមទាំងគ្រឿងញៀនខុសច្បាប់ជាង ២០០គីឡូក្រាមផងដែរ។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។
 
ស្ថានទូតអាមេរិកបញ្ជាក់ថា តាមរយៈការពង្រឹងការចែករំលែកព័ត៌មានស៊ើបការណ៍ និងការសម្របសម្រួលប្រតិបត្តិការយ៉ាងជិតស្និទ្ធ សហរដ្ឋអាមេរិក និងសមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា កំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្ម ដែលមានអង្គការចាត់តាំង។
 
ជាងនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងសហការ ដែលពាក់ព័ន្ធនឹងការិយាល័យប្រឆាំងគ្រឿងញៀនអាមេរិកនៅ ភ្នំពេញ និងរដ្ឋ New Jersey បានជួយឲ្យរកឃើញបណ្តាញក្នុងស្រុកមួយ ដែលធ្វើការលាងលុយតាមរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ក្នុងនាមឱ្យក្រុម Sinaloa Cartel។ ស្ថានទូតអាមេរិកលើកឡើងថា ប្រតិបត្តិការកម្រិតខ្ពស់ទាំងនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកម្ចាត់បណ្តាញឧក្រិដ្ឋកម្មសកល និងការការពារប្រជាពលរដ្ឋអាមេរិក និងកម្ពុជា។
 
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរំលឹកពីកិច្ចសហការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំមកហើយ បូករួមទាំងការបង្រ្កាបគ្រឿងញៀននេះផងដែរ។
 
លោកថ្លែងដូច្នេះថា ៖ យើងបានធ្វើការងារជាមួយគ្នាជាច្រើនទស្សវត្តន៍មកហើយទៅលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន គ្រាន់តែមកដល់ពេលនេះគឺយើងចាប់ផ្ដើមពង្រីកបង្កើននូវសកម្មភាពថ្មីៗជាច្រើនទៀត ដើម្បីដើរឲ្យនូវការវិវត្តបទល្មើសសកលឬក៏បទល្មើសឆ្លងដែន ជាពិសេសគឺបញ្ហាគ្រឿងញៀនតែម្ដង។
 
សូមបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចអនុវត្តច្បាប់ទូទាំងប្រទេសបានសហការគ្នាបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៤ ៧៥៩ ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធសរុបជាង ១ម៉ឺន ២ពាន់នាក់ ក្នុងនោះមានជនបរទេស ៦៦៤នាក់​។ សារធាតុញៀន និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួនជាង ៤តោនក៏ត្រូវបានរឹបអូសផងដែរ។ នេះបើតាមតួលេខរបស់អគ្គលេខា​ធិការដ្ឋាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា