ចិនចង់រៀបចំកិច្ចសន្ទនាការទូតក្រៅផ្លូវការ ដើម្បីរកដំណោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនចង់រៀបចំកិច្ចសន្ទនាការទូតក្រៅផ្លូវការ ដើម្បីរកដំណោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ ​

ចិនចង់រៀបចំកិច្ចសន្ទនាការទូតក្រៅផ្លូវការ ដើម្បីរកដំណោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ ​

ចិន បានបង្ហាញឆន្ទៈរៀបចំកិច្ចសន្ទនាការទូតក្រោយ ឬក្រៅផ្លូវការ (Track II Diplomacy)  ដើម្បីគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
 
ការបង្ហាញគំនិតផ្តួចផ្តើមរបស់ភាគីចិនដូច្នេះ បានធ្វើឡើងអំឡុងពេលលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ។
 
បើតាមអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន លោក កាវ ហ្វៃ បានលើកឡើងគោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការប្រទេសចិន នៅពេលនេះ គឺដើម្បីរៀបចំនូវកិច្ចសន្ទនាការទូតក្រៅផ្លូវការ ដែលជាកិច្ចសន្ទនាមួយចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្លាស់ប្ដូរយោបល់គ្នា ជាពិសេសគឺការគាំទ្រដល់ការដោះស្រាយបញ្ហាវិបត្តិព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។
 
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោកសាស្ត្រាចារ្យសាកលវិទ្យាល័យកិច្ចការបរទេស ហើយបង្ហាញការពេញចិត្តចំពោះការមើលឃើញរបស់លោកពីការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា។ សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន នៅពេលបច្ចុប្បន្ននេះ ដែលជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយជាសហគមន៍ជោគវាសនារួម គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
 
បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណផងដែរចំពោះតួនាទីរបស់សាកលវិទ្យាល័យកិច្ចការបរទេសចិន ដែលបានផ្តួចផ្តមរៀបចំនូវកិច្ចសន្ទនាការទូតក្រៅផ្លូវការ និយាយជារួម គឺការចូលរួមរបស់ចិននៅក្នុងការគាំទ្រការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើគោលការណ៍សន្តិវិធី។ 
 
សម្ដេច ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យកិច្ចការបរទេសចិននៅពេលនេះ គឺជាផ្នែកមួយក្នុងការលើកកម្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា