ទោះមានអាយុកាលជាង ១ ០០០ឆ្នាំ ស្រះស្រង់នៅតែជាផ្ទាំងទស្សនីយភាពអស្ចារ្យនៅដែនដីអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទោះមានអាយុកាលជាង ១ ០០០ឆ្នាំ ស្រះស្រង់នៅតែជាផ្ទាំងទស្សនីយភាពអស្ចារ្យនៅដែនដីអង្គរ

ទោះមានអាយុកាលជាង ១ ០០០ឆ្នាំ ស្រះស្រង់នៅតែជាផ្ទាំងទស្សនីយភាពអស្ចារ្យនៅដែនដីអង្គរ

ស្ថិតនៅចំពោះមុខប្រាសាទបន្ទាយក្តី «ស្រះស្រង់» មិនត្រឹមតែជាអាងទឹកបុរាណដ៏ស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាទីស្ថានប្រវត្តិសាស្ត្រដ៏រុងរឿង ដែលមានអាយុកាលជាង ១ ០០០ ឆ្នាំ និងជាចំណុចទស្សនាថ្ងៃរះដ៏មានមន្តស្នេហ៍បំផុតមួយក្នុងតំបន់រមណីយដ្ឋានអង្គរ។

ស្រះស្រង់ មិនមែនជាអាងទឹកធម្មតានោះទេ ប៉ុន្តែជាទីស្ថានប្រវត្តិសាស្ត្រដ៏រុងរឿង មានអាយុកាលជាង ១,០០០ ឆ្នាំ។ ស្រះស្រង់ត្រូវបានកសាងឡើងដំបូងនៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌ទី២(រាជ – ជិន – ត្រៈ – វ័រ – ទី – ២) ក្រោមស្នាដៃដឹកនាំរបស់ស្ថាបត្យករឆ្នើម «កវីន្ទ្រារិមថន» (ក-វិន-ត្រា-រិ-ម៉ត់-ថន)

លុះមកដល់ចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សំណង់នេះត្រូវបានកែប្រែឱ្យកាន់តែប្រណីត ដោយបន្ថែមពន្លាផែថ្មភក់នៅភាគខាងលិច ចំពីមុខខ្លោងទ្វារខាងកើតប្រាសាទបន្ទាយក្តី រំលេចដោយចម្លាក់នាគ និងតោឈរយ៉ាងអង់អាចស្កឹមស្កៃ។

អាងទឹកពិសិដ្ឋដ៏ធំល្វឹងល្វើយ រាងចតុកោណកែងនេះ មានបណ្តោយជាង ៧០០ម៉ែត្រ និងទទឹងជាង ៣០០ម៉ែត្រ ដែលដើមឡើយត្រូវបានសាងសង់សម្រាប់ប្រារព្ធកិច្ចពិធីសាសនានៃព្រះពុទ្ធសាសនាមហាយាន។

អ្វីដែលកាន់តែអស្ចារ្យ និងលេចធ្លោនោះ គឺវត្តមាន «ប្រាសាទកណ្តាលស្រះ» ដែលជាសំណង់ថ្មភក់លើខឿនថ្មបាយក្រៀម ស្ថិតនៅលើកោះសិប្បនិម្មិតចំផ្ចិតស្រះ។ ប្រាសាទនេះតែងតែលិចលង់នៅក្រោមផ្ទៃទឹក ប៉ុន្តែវានឹងបង្ហាញខ្លួនយ៉ាងអាថ៌កំបាំងនៅពេលកម្រិតទឹកស្រកចុះខ្លាំងក្នុងរដូវប្រាំង។

កាលពីឆ្នាំ២០២០ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវ និងបានរកឃើញ «រូបចម្លាក់អណ្តើកថ្មភក់ដ៏ធំ» ក្បាលនាគ ព្រមទាំងវត្ថុសក្ការៈជាច្រើនទៀតនៅជុំវិញប្រាសាទនេះ ដែលជាភស្តុតាងបញ្ជាក់ពីភាពពិសិដ្ឋជាប្រវត្តិសាស្ត្រ។

ចំណុចទាក់ទាញបំផុតដែលបានឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺការទស្សនា ថ្ងៃរះនៅទីនេះ។ នាពេលព្រឹកព្រលឹម ពន្លឺព្រះអាទិត្យពណ៌មាសបានចាំងផ្លេកៗលើផ្ទៃទឹកដ៏ស្ងប់ស្ងាត់ដូចកញ្ចក់ បង្កើតបានជាទស្សនីយភាពមនោរម្យត្រកាលភ្នែក។

ខុសពីភាពអ៊ូអរនៅប្រាសាទអង្គរវត្ត ស្រះស្រង់ផ្តល់ជូននូវបរិយាកាសត្រជាក់ត្រជុំ ភាពស្ងប់ស្ងាត់​ និងខ្យល់អាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់អ្នកចង់សម្រាកកាយ និងចិត្ត ដើម្បីស្រូបយកថាមពលពីធម្មជាតិដ៏ស្រស់ត្រកាល៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា