កម្ពុជា បន្តធ្វើជាស្ពានចម្លងរវាងមីយ៉ាន់ម៉ា និងអាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បន្តធ្វើជាស្ពានចម្លងរវាងមីយ៉ាន់ម៉ា និងអាស៊ាន

កម្ពុជា បន្តធ្វើជាស្ពានចម្លងរវាងមីយ៉ាន់ម៉ា និងអាស៊ាន


ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែក្រោយ។ តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកជំនាញវាយតម្លៃថា កម្ពុជាអាចនឹងបន្តធ្វើជាស្ពានចម្លងសន្តិភាពរវាងមីយ៉ាន់ម៉ា និងអាស៊ាន។
 
អ្នកជំនាញ និងអ្នកវិភាគភូមិសាស្ត្រនយោបាយ បានលើកឡើងថា ដំណើរទស្សនកិច្ច និងទំនាក់ទំនងការទូតរវាងកម្ពុជា និងមីយ៉ាន់ម៉ា បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីនយោបាយការទូតបុរេសកម្មរបស់កម្ពុជា ដែលជៀសវាងការប្រកាន់ប្លុក ឬការបង្កើតជម្លោះ ដោយជំនួសមកវិញនូវតួនាទីជាតួអង្គសម្របសម្រួល និងជាស្ពានចម្លងក្នុងតំបន់អាស៊ាន ដើម្បីធានាសន្តិសុខតំបន់ ព្រមទាំងការពារផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
 
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក មីន អ៊ុងឡាំង នឹងដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជានានាដើមខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកគ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែស៊ីជម្រៅ។
 
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះស្តែងឱ្យឃើញពីនយោបាយការទូតបុរេសកម្មរបស់កម្ពុជា ដែលជៀសវាងការប្រកាន់ប្លុក ឬការបង្កើតជម្លោះ។ ផ្ទុយទៅវិញ វាបានឆ្លុះបញ្ចាំងពីតួនាទីជាតួអង្គកណ្តាលដែលចេះបត់បែន និងជាស្ពានចម្លងក្នុងតំបន់អាស៊ាន ដើម្បីធានាសន្តិសុខតំបន់។
 
អ្នកជំនាញរូបនេះបន្ថែមថា ជំនួបនេះត្រូវបានធ្វើឡើងស្របតាម «កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុច» របស់អាស៊ាន ក្រោមជ្រុងមនុស្សធម៌ ដើម្បីចៀសវាងការចោទប្រកាន់ថា កម្ពុជាផ្តល់ភាពស្របច្បាប់ដល់របបយោធាមីយ៉ាន់ម៉ា។
 
ទន្ទឹមនឹងនេះ កម្ពុជាអាចរៀនសូត្រពីបទពិសោធន៍ជម្លោះព្រំដែនរវាងមីយ៉ាន់ម៉ា និងថៃ ដែលភាគីទាំងពីរតែងសម្រួលបរិយាកាសដោយចាត់ទុកការប៉ះទង្គិចថាជា «ព្រឹត្តិការណ៍អចេតនា» ដើម្បីកាត់បន្ថយភាពតានតឹង និងចៀសវាងគំនុំសងសឹក។ លើសពីនេះ លោកបណ្ឌិត ញិល រដ្ឋា យល់ឃើញថា កម្ពុជាក៏អាចដកស្រង់បទពិសោធន៍របស់មីយ៉ាន់ម៉ា ដើម្បីស្វែងយល់ពីចំណុចខ្សោយនៃកងទ័ពថៃនៅតាមព្រំដែន និងពង្រឹងយុទ្ធសាស្ត្រការទូត និងយោធារបស់ខ្លួន ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។
 
ចំណែកលោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រនៃការស្វែងរកសន្តិភាព កម្ពុជានៅតែបន្តដើរតួនាទីយ៉ាងសកម្មជាអ្នកសម្របសម្រួល និងជាស្ពានការទូតដ៏សំខាន់ រវាងមីយ៉ាន់ម៉ា និងគ្រួសារអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិក្នុងតំបន់។
 
បើតាមអ្នកជំនាញរូបនេះ កម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់តាំងពីធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ដោយផ្អែកលើ «មជ្ឈភាពអាស៊ាន» ជាស្នូល។ ក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ទំនាក់ទំនងការទូតរវាងកម្ពុជា មីយ៉ាន់ម៉ា ចិន និងរុស្ស៊ី បានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការរក្សា «ស្ថិរភាពយុទ្ធសាស្ត្រតំបន់» និងទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ។
 
កម្ពុជាតែងរំពឹងថា បទពិសោធន៍របស់ខ្លួនក្នុងការបញ្ចប់សង្រ្គាមស៊ីវិល ការផ្សះផ្សារ និងកសាងជាតិឡើងវិញ តាមយៈនយោបាយឈ្នះឈ្នះរបស់សម្តេច តេជោ ហ៊ុន សែន អាចជួយឲ្យមីយ៉ាន់ម៉ា ធ្វើការបង្រួបបង្រួមជាតិ ដោះស្រាយវិបត្តិនយោបាយ និងងាកមករួមរស់ពេញលេញក្នុងមហាគ្រួសារអាស៊ានឡើងវិញ៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា