ឯកឧត្តម ខៀវ កាញារីទ្ធ ប្រដូចចំណាត់ការរបស់ ACU ទៅនឹងទម្លាប់ក្នុងប្រទេសផ្តាច់ការ បន្ទាប់ពីប្អូនជីដូនមួយរបស់លោកត្រូវបានឃាត់ខ្លួនក្នុងរឿងពុករលួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រដូចចំណាត់ការរបស់ ACU ទៅនឹងទម្លាប់ក្នុងប្រទេសផ្តាច់ការ បន្ទាប់ពីប្អូនជីដូនមួយរបស់លោកត្រូវបានឃាត់ខ្លួនក្នុងរឿងពុករលួយ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រដូចចំណាត់ការរបស់ ACU ទៅនឹងទម្លាប់ក្នុងប្រទេសផ្តាច់ការ បន្ទាប់ពីប្អូនជីដូនមួយរបស់លោកត្រូវបានឃាត់ខ្លួនក្នុងរឿងពុករលួយ

ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រៀបប្រដូចរូបភាពនៃការឃាត់ខ្លួនសាច់ញាតិខាងម្តាយរបស់លោកម្នាក់ ដោយអង្គភាពប្រឆាំងអំពើពុករលួយ ថា ជាទង្វើដែលធ្លាប់តែកើតមាននៅក្នុងប្រទេសផ្តាច់ការប៉ុណ្ណោះ ព្រោះមិនមានការជូនដំណឹងដល់ក្រុមគ្រួសារ។

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាតំណាងរាស្រ្ត និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងការមិនពេញចិត្តជាសាធារណៈចំពោះការឃាត់ខ្លួនលោក ថូ សំណាង មន្ត្រីក្រសួងការបរទេស ដោយអង្គភាពប្រឆាំងអំពើពុករលួយ ACU។

លោក ថូ សំណាង អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយដែលត្រូវជាប្អូនជីដូនមួយខាងម្តាយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបាន ACU នាំទៅសួរចម្លើយ ពាក់ព័ន្ធនឹងបទល្មើសអនឡាញស្កែម។

បើតាមឯកឧត្តម ខៀវ កាញារីទ្ធ អាជ្ញាធរមិនបានជូនដំណឹងដល់ក្រុមគ្រួសារអំពីការឃាត់ខ្លួននេះទេ ដែលជាហេតុធ្វើឲ្យគ្រួសារមានការព្រួយបារម្ភ ហើយយល់ថាជាការបាត់ខ្លួនដោយមិនដឹងមូលហេតុ។​ ក្រោយពេលទទួលដំណឹងពីការចាប់ខ្លួនលោក ថូ សំណាង ពាក់ព័ន្ធនឹងរឿង Scam ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសារ​លើទំព័រហ្វេសប៊ុកនៅវេលាទៀបភ្លឺថ្ងៃទី២១សីហានេះថា បើតាមមតិរបស់ឯកឧត្តម នៅក្នុងសង្គមប្រជាធិបតេយ្យ និងក្នុងនីតិរដ្ឋ អ្នកប្រព្រឹត្តខុសត្រូវទទួលទោស តែការចាប់បាត់ខ្លួន ពីដើមមានតែនៅក្នុងប្រទេសផ្តាច់ការទេ នៅក្នុងកម្ពុជាយើងគួរមានការជូនដំណឹងដល់ក្រុមគ្រួសារ កុំឲ្យមានការភ័យស្លន់ស្លោ។

ពាក់ព័ន្ធសំណុំរឿងនេះ ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃនេះថា លោក ថូ សំណាង បានសារភាពអំពីការលួចយកសន្លឹកទិដ្ឋាការប្រភេទ C និង Cex (ស៊ីអ៊ីអ៊ិច) ទៅប្រើប្រាស់ដោយខុសច្បាប់ចំនួនជាង ៦ ០០០ សន្លឹក ដែលពាក់ព័ន្ធនឹងអំពើឆបោកអនឡាញ។ ដោយឡែក សន្លឹកទិដ្ឋាការដែលនៅសល់ប្រមាណ ៤ ០០០ សន្លឹកទៀត ACU កំពុងតាមដានស្វែងរក ខណៈលោក ថូ សំណាង អះអាងថា បានកម្ទេចចោលហើយ។

ដោយឡែក ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានថ្លែងប្រាប់ AMS នៅថ្ងៃសុក្រនេះដែរថា ការចាត់វិធានការផ្លូវច្បាប់លើលោក ថូ សំណាង គឺជាចំណាត់ការផ្ទៃក្នុងរបស់ក្រសួង ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព និងតម្លាភាពលើការគ្រប់គ្រង និងប្រើប្រាស់ទិដ្ឋាការ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ន ទិដ្ឋាការដែលក្រសួងការបរទេសចេញឱ្យប្រើប្រាស់មាន ៣ ប្រភេទ គឺប្រភេទ A, B និង C ហើយទិដ្ឋាការទាំងនេះសុទ្ធសឹងជាប្រភេទទិដ្ឋាការមិនតម្រូវឱ្យមានការបង់ថវិកានោះទេ។ ក្នុងនោះ ទិដ្ឋាការប្រភេទ A គឺសម្រាប់ផ្តល់ជូនមន្ត្រីការទូតបរទេស ទិដ្ឋាការប្រភេទ B សម្រាប់ផ្តល់ជូនគណៈប្រតិភូផ្លូវការ និងទិដ្ឋាការប្រភេទ C សម្រាប់ផ្តល់ជូនតំណាង ឬបុគ្គលិកអង្គការនានា ដែលចូលមកបម្រើការងារនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា លោក ថូ សំណាង ​ត្រូវបានសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពីអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ​ដោយតែងតាំងជាទីប្រឹក្សាក្រសួងការបរទេសវិញ មានឋានៈស្មើអគ្គនាយក៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា