គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ២២% ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ២២% ហើយ

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ២២% ហើយ

កំពង់ស្ពឺ៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងដំណើរការសាងសង់យ៉ាងសកម្ម ដោយគិតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសសម្រេចបានលទ្ធផលការងារប្រមាណ ២២% នៃផែនការសរុប។ គម្រោងដ៏មានសារៈសំខាន់នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រងធនធានទឹកឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការបង្កបង្កើនផលកសិកម្មក្នុងតំបន់។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀចជាក់ស្តែង ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦អោយដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចកសិកម្មឱ្យកាន់តែរឹងមាំ ដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព។

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ២២%។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ សាងសង់តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។

នៅពេលការងារសាងសង់បញ្ចប់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានសមត្ថភាពស្ដុកទឹកបានប្រមាណ ១១៥លានម៉ែត្រគូប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសន្ដិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់ ជាពិសេសផ្ដល់ទឹកស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣៥០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលគ្របដណ្តប់លើខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ។ គម្រោងនេះក៏មានសក្តានុពល ដោយបង្កើតបាននូវតំបន់ទេសចរណ៍ធម្មជាតិ កែលម្អប្រព័ន្ធជីវៈចម្រុះ ជាប្រភពទឹកសម្រាប់សត្វព្រៃ និងបង្កើនផលត្រីក្នុងតំបន់ឱ្យកាន់តែសម្បូរបែប។

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសរបស់ក្រសួងកំពុងបន្តពន្លឿនការងារសាងសង់តាមផែនការដែលបានកំណត់ ដោយគោរពតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យបាននូវគុណភាពសំណង់ និងអាយុកាលប្រើប្រាស់បានយូរអង្វែង
និងមាននិស្សិតផ្នែកវិស្វកម្មចំនួន ២០នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ក៏បានចុះសិក្សា និងដកស្រង់បទពិសោធន៍ផ្ទាល់នៅលើការដ្ឋានគម្រោងអភិវឌ្ឍន៍ធនធានទឹកដ៏សំខាន់មួយនេះផងដែរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា