ប្អូនស្រី លោក គីម ជុងអ៊ុន ថា បងប្រុសនាងនៅតែរក្សាទុក ការចងចាំដ៏ល្អ ចំពោះលោក ត្រាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្អូនស្រី លោក គីម ជុងអ៊ុន ថា បងប្រុសនាងនៅតែរក្សាទុក ការចងចាំដ៏ល្អ ចំពោះលោក ត្រាំ

ប្អូនស្រី លោក គីម ជុងអ៊ុន ថា បងប្រុសនាងនៅតែរក្សាទុក ការចងចាំដ៏ល្អ ចំពោះលោក ត្រាំ

ព្យុងយ៉ាង ៖ «លោក គីម ជុងអ៊ុន នៅតែរក្សាទុក ការចងចាំដ៏ល្អ និងអារម្មណ៍កក់ក្តៅ ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយ ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ នៅតែមានភាពល្អូកល្អឺន»។ នេះគឺជាការគូសបញ្ជាក់ របស់នាង Kim Yo Jong ដែលជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។

បើតាម Tass, នាង Kim Yo Jong ប្អូនស្រី បានលើកឡើងយ៉ាងដូច្នេះ កាលពីថ្ងៃពុធ ទុកជាការឆ្លើយតបជាលើកដំបូង លើសេចក្តីរាយការណ៍របស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការទាក់ទងគ្នា រវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ។

ការទទួលស្គាល់នេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពីលោក ត្រាំ អះអាងថា លោកគ្រោងនឹងជួប លោក គីម ជុងអ៊ុន ជាថ្មី នៅក្នុងឆ្នាំនេះ។ មេដឹកនាំទាំងពីរធ្លាប់ជួបគ្នា ៣លើក អំឡុងអាណត្តិប្រធានាធិបតីដំបូង របស់លោក ត្រាំ។

យ៉ាងណា នាង Kim Yo Jong បានសង្កត់ធ្ងន់ថា បើទោះបីជា ទំនាក់ទំនងរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនៅតែល្អប្រសើរខ្លាំង មិនមែនមានន័យថា មានការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោននោះឡើយ។

នាង Kim Yo Jong ក៏បានលើកឡើងផងដែរថា ទីក្រុងព្យុងយ៉ាងមិនបានចាត់ទុកការកាត់បន្ថយសមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូង ដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ជារឿងសំខាន់នោះទេ ដោយបានសង្កត់ធ្ងន់ថា ការកាត់បន្ថយទំហំ ឬ រយៈពេលនៃសមយុទ្ធទាំងនេះ មិនបានផ្លាស់ប្តូរធម្មជាតិនៃសកម្មភាពយោធាទាំងនោះឡើយ ដែលសុទ្ធតែមានលក្ខណៈបង្កហេតុ និងឈ្លានពាន ព្រមទាំង បង្ហាញឱ្យឃើញនូវគោលនយោបាយអរិភាព ចំពោះទីក្រុងព្យុងយ៉ាង។

យោងតាមនាង Kim Yo Jong, សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាជាច្រើនលើករួចមកហើយ ចាប់តាំងពីដើមឆ្នាំមក រួមមាន សមយុទ្ធ Freedom Shield, Freedom Flag និង Ssangmae៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា