ព្រះមហាក្សត្រ កោតស្ញប់ស្ញែងវីរភាពថ្នាក់ដឹកនាំ និងកងទ័ពជួរមុខ ក្នុងការប្តូរផ្តាច់ការពារបូរណភាពនិងអធិបតេយ្យជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រ កោតស្ញប់ស្ញែងវីរភាពថ្នាក់ដឹកនាំ និងកងទ័ពជួរមុខ ក្នុងការប្តូរផ្តាច់ការពារបូរណភាពនិងអធិបតេយ្យជាតិ

ព្រះមហាក្សត្រ កោតស្ញប់ស្ញែងវីរភាពថ្នាក់ដឹកនាំ និងកងទ័ពជួរមុខ ក្នុងការប្តូរផ្តាច់ការពារបូរណភាពនិងអធិបតេយ្យជាតិ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថ្លែងអំណរគុណនិងកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះ សម្តេច​តេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ,ថ្នាក់ដឹកនាំ និងវីរយុទ្ធជនកម្ពុជាគ្រប់រូប លើភាពអង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ។

ក្នុងព្រះរាជសុន្ទរកថានៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជា​បន្ទូលថា ជាសច្ចធម៌មិនអាចប្រកែកបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើមឈ្លាសវៃ និងប៉ិនប្រសប់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តប្រកបដោយជោគជ័យនូវ “នយោបាយឈ្នះ-ឈ្នះ” ហើយជាបន្តបន្ទាប់មកទៀត ចាប់ពី“យុទ្ធសាស្ត្រត្រីកោណ” រហូតដល់“យុទ្ធសាស្ត្រចតុកោណ” និងគោលនយោបាយកែ​ទម្រង់មុតស្រួច និងស៊ីជម្រៅលើគ្រប់វិស័យ, ធ្វើឱ្យសេដ្ឋកិច្ចសង្គម កម្ពុជា ទទួលបានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ ក៏ដូចជា​បានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។ ទាំងអស់នេះគឺមកពីយើងទាំងអស់គ្នា មានមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមម្លប់​សន្តិភាពដ៏រឹងមាំ និងយូរអង្វែងក្នុងផ្ទៃប្រទេស កំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ ក្នុងថិរវេលាជិត២ទសវត្សរ៍ដែលពុំធ្លាប់​មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា បាន និងកំពុងផ្តល់ផ្លែផ្កា ដែលធ្វើឱ្យសមិទ្ធផលស្មានមិនដល់ជាច្រើន​លេចចេញ​ជារូបរាងឡើង ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ពេលប្រទេសជាតិ ត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់​បរទេសនាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេស ជាមួយបងប្អូនវីរយុទ្ធជន​នៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ។ព្រះករុណាបាន​កោតសរសើរយ៉ាង​ក្រៃលែង​ចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ។
១. (ខ្វូតព្រះរាជបន្ទូលព្រះមហាក្សត្រ)

ព្រះករុណា ព្រះមហាក្សត្រ ក៏បានសម្តែងនូវការកោតស្ញប់ស្ញែង ការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យដ៏ឧត្តុង្គឧត្តម​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើ​គ្រប់​សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យ​ភាព​ជាតិ ការពារ បូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង ៕


ដោយ៖ស៊ូ វណ្ណលុក
រូបភាព៖វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា