តម្លៃកង្កែបឡើងថ្លៃបន្តិច តែអ្នកចិញ្ចឹមមិនទាន់ចំណេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃកង្កែបឡើងថ្លៃបន្តិច តែអ្នកចិញ្ចឹមមិនទាន់ចំណេញ

តម្លៃកង្កែបឡើងថ្លៃបន្តិច តែអ្នកចិញ្ចឹមមិនទាន់ចំណេញ

អ្នកចិញ្ចឹមកង្កែបមានទឹកមាត់លេបបន្តិចមកវិញ ខណៈគិតមក ដល់ ជិតចុងខែសីហា ឆ្នាំ២០២៦នេះ វារីវប្បករ ឬអ្នកចិញ្ចឹមសត្វទឹក​ភាគច្រើនមានត្រីជាដើមអាចអាចរកផលចំណេញបានស្ទើរទាំងអស់ លើកលែងតែអ្នកចិញ្ចឹមកង្កែបដែលនៅតែប្រឈមមុខនឹង​ការ​ខាតបង់​បន្តិចបន្តួច បើទោះបីជាតម្លៃលើទីផ្សារចាប់ផ្តើមហក់ឡើងវិញបន្តិចក្តី។សមាគមវារីវប្បករនៅកម្ពុជាបានអះអាងថា​ បញ្ហាប្រឈមនេះបណ្តាល​មកពីការនាំចូលកង្កែបលើសតម្រូវការ និងការលួចនាំចូលដោយ​គេចពន្ធពីប្រទេសជិតខាង។

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន តម្លៃកង្កែបរស់បានហក់ឡើងពី ៥ពាន់ទៅ ៥.៥០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះបានជួយកាត់បន្ថយការ​ខាត​បង់មកត្រឹម ៥០០ ទៅ ១ពាន់រៀលប៉ុណ្ណោះ ប៉ុន្តែដើម្បីឱ្យ​អ្នក​ចិញ្ចឹមអាចរកប្រាក់ចំណេញបាន លុះត្រាតែកង្កែបមានតម្លៃចាប់ពី ៦ពាន់រៀលក្នុងមួយគីឡូក្រាមឡើងទៅ។

ប្រធានសមាគមរូបនេះបានបន្ថែមថា តម្រូវការសាច់កង្កែបក្នុង​ស្រុកមានរហូតដល់២០តោនក្នុងមួយថ្ងៃ ប៉ុន្តែការផ្គត់ផ្គង់របស់​កសិករក្នុងស្រុកធ្វើបានត្រឹមតែ ១០តោន។ ចំពោះកសិករ ចិញ្ចឹម​កង្កែបមាននៅខេត្តសៀមរាប ព្រៃវែង និងខេត្តដទៃទៀត។អ្នកចិញ្ចឹមភាគច្រើនតាមលក្ខណៈគ្រួសារ និងកម្រិតមធ្យមដែល​ត្រឹមតែ២ទៅ ៣ពាន់ក្បាល ចំណែកការចិញ្ចឹមបែបធំ​ដូចជា​កសិដ្ឋាននៅមានកម្រិតតិចតួចនៅឡើយ។ប៉ុន្តែកត្តាដែល​ធ្វើឱ្យអ្នកចិញ្ចឹមខាតបង់កន្លងមក គឺដោយសារ​ការនាំ​ចូល​​លើស​តម្រូវការ និងការលួចនាំចូលខុសច្បាប់ ដែលបានធ្វើឱ្យតម្លៃធ្លាក់​ចុះយ៉ាងខ្លាំងកាលពីខែមេសា។

ដោយឡែកសម្រាប់តម្លៃផលវារីវប្បកម្មផ្សេងទៀត ដូចជា ត្រីរ៉ស់ និងត្រីឆ្តោ ឃើញថាមានការកើនឡើងចន្លោះពី ២០០ ទៅ ៦០០រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យអ្នកចិញ្ចឹមត្រីភាគច្រើនអាចរកប្រាក់​ចំណេញ​បានល្អ។

ដើម្បីជួយសង្គ្រោះអ្នកចិញ្ចឹមកង្កែបក្នុងស្រុក សមាគមវារីវប្បករ​នៅកម្ពុជា បានបន្តអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យពង្រឹង​ការទប់ស្កាត់ និងគ្រប់គ្រងការនាំចូលសាច់កង្កែបឱ្យបានតឹងរ៉ឹង ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព និងការពារផលិត​ផលក្នុងស្រុក៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា