ក្រសួងសង្គមកិច្ចណែនាំកុំបោះបង់កូនចោល បើគ្មានលទ្ធភាពចិញ្ចឹមកូន​ សូមប្រាប់សមត្ថកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសង្គមកិច្ចណែនាំកុំបោះបង់កូនចោល បើគ្មានលទ្ធភាពចិញ្ចឹមកូន​ សូមប្រាប់សមត្ថកិច្ច

ក្រសួងសង្គមកិច្ចណែនាំកុំបោះបង់កូនចោល បើគ្មានលទ្ធភាពចិញ្ចឹមកូន​ សូមប្រាប់សមត្ថកិច្ច

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវឱ្យឪពុកម្តាយ ឬអ្នកអាណាព្យាបាលទាំងអស់ សូមកុំបោះបង់ទារក ឬកុមារចោល ព្រោះនេះជាអំពើអមនុស្សធម៌ និងខុសច្បាប់​។ ក្នុងករណីជួបការលំបាកខ្លាំងគ្មានលទ្ធភាពចិញ្ចឹមបីបាច់ ក្រសួងលើកទឹកចិត្តឱ្យរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រសេវាសង្គមសមស្របពីរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាដៃគូ។
 
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរយៈពេលចុងក្រោយនេះ មានករណីទារកមួយចំនួន​ត្រូវបានឪពុកម្តាយយកទៅប្លុងចោលនៅតាមទីសាធារណៈ ហើយត្រូវបានសប្បុរសជនរើសយកទៅចិញ្ចឹមបីបាច់ទុកដូចជាកូនបង្កើត។​

ក្រសួងសង្គមកិច្ចបានចាត់ទុកសកម្មភាពបោះបង់កូន គឺជាអំពើអមនុស្សធម៌ ឃោរឃៅ រំលោភលើសិទ្ធិកុមារធ្ងន់ធ្ងរ និងខុសច្បាប់។ យោងតាមមាត្រា ៣២១ នៃក្រមព្រហ្មទណ្ឌ ជនណាដែលបោះបង់អនីតិជនអាយុក្រោម ១៥ ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ លាន ទៅ ១០ លានរៀល ប្រសិនបើអំពើនោះបង្កគ្រោះថ្នាក់ដល់សុខភាព ឬសន្តិសុខរបស់កុមារ។ ​

ជុំវិញបញ្ហានេះ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) បានលើកឡើងថា កត្តាដែលនាំឱ្យមានការបោះបង់កូន ភាគច្រើនបណ្តាលមកពីយុវជនមានកូនមុនរៀបការដោយខ្លាចបាត់បង់កិត្តិយស និងកត្តាជីវភាព។ លោកបានដាស់តឿនដល់យុវវ័យឱ្យចេះស្រឡាញ់គ្នាដោយមានការទទួលខុសត្រូវ និងកសាងគ្រួសារឱ្យបានច្បាស់លាស់។

ដោយឡែក លោក ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីសារសំខាន់នៃការអប់រំសីលធម៌ និងការការពារ។ លោកមានប្រសាសន៍ថា ប្រសិនបើមិនទាន់ត្រៀមខ្លួនទទួលខុសត្រូវលើជីវិតកុមារទេ ប្រជាពលរដ្ឋគួរប្រើប្រាស់វិធីសាស្ត្ររៀបចំផែនការគ្រួសារ និងប្រើវិធីពន្យារកំណើត ជាជាងបណ្តោយឱ្យមានកូនរួចបោះបង់ចោល។
 
ក្រសួងសង្គមកិច្ចបានណែនាំឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ សូមចូលរួមចិញ្ចឹមបីបាច់ និងថែរក្សាការពារទារក ឬកុមារ ជាកូនៗរបស់ខ្លួន ដើម្បីឱ្យពួកគេធំលូតលាស់ និងអភិវឌ្ឍន៍ក្នុងបរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ ព្រមទាំងទទួលបានឧត្តមប្រយោជន៍ពេញលេញ។

ផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា មានទារកកើតជិត ១ ០០០ នាក់ជារៀងរាល់ថ្ងៃ ឬជាង ៣០ ម៉ឺននាក់ក្នុងមួយឆ្នាំៗ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា