កម្ពុជាស្នើឲ្យវៀតណាមកែសម្រួលវិធានការប្រមូលទិញដំឡូងមីស្រស់ពីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាស្នើឲ្យវៀតណាមកែសម្រួលវិធានការប្រមូលទិញដំឡូងមីស្រស់ពីកម្ពុជា

កម្ពុជាស្នើឲ្យវៀតណាមកែសម្រួលវិធានការប្រមូលទិញដំឡូងមីស្រស់ពីកម្ពុជា

សហព័ន្ធដំឡូងមីកម្ពុជា បានស្នើឲ្យភាគីវៀតណាម ប្ដូរពីការទទួលទិញដំឡូងមីស្រស់នៅលើទឹកដីវៀតណាម មកអនុវត្តការទទួលដឹកជញ្ជូនដំឡូងមី នៅត្រង់មាត់ច្រកព្រំដែនខាងកម្ពុជាវិញ ព្រមទាំងស្នើសុំឱ្យភាគីវៀតណាម កំណត់តម្លៃតាមស្តង់ដារនៃគុណភាពដំឡូងមី។
 
ការស្នើសុំរបស់ភាគីកម្ពុជាដូច្នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងសហព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ នៃប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីឆ្លងដែន។ នេះបើយោងការបញ្ជាក់របស់ក្រសួងពាណិជ្ចកម្មកម្ពុជា។
 
កិច្ចជំនួបខាងលើនេះ ជាវេទិកាយ៉ាងសំខាន់ក្នុងការរៀបចំ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបើកទូលាយឱកាសទីផ្សារប្រកបដោយស្ថិរភាពជូនដល់កសិករ និងអាជីវករកម្ពុជា។
 
ជាការឆ្លើយតប សមាគមផលិតម្សៅដំឡូងមីតៃនីញ សន្យាស្នើសុំដល់អង្គភាពពាក់ព័ន្ធ ដើម្បីផ្តល់កិច្ចអន្តរាគមន៍លើមធ្យាបាយដឹកជញ្ជូនតាមការស្នើសុំរបស់ភាគីកម្ពុជា សំដៅធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដោយមានការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មដំឡូងមីស្រស់ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងចីរភាព។
 
ទន្ទឹមនេះ សមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ ក៏បានប្តេជ្ញាចិត្តក្នុងការធានាតម្លៃ និងការទិញដំឡូងមីស្រស់ពីកម្ពុជា ក្នុងតម្លៃសមស្រប និងមានតុល្យភាព ដើម្បីធានាផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង។
 
សមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ ក៏បានស្នើឱ្យកសិករកម្ពុជាបង្កើនការដាំដុះ ប្រើប្រាស់ពូជដំឡូងមី ដែលមានទិន្នផលខ្ពស់ និងផ្តល់អាទិភាពលក់ជូនរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម និងចំណូលដល់កសិករ។
 
សូមបញ្ជាក់ថា វៀតណាម គឺជាទីផ្សារនាំចូលដំឡូងមីស្រស់ធំជាងគេរបស់កម្ពុជា។ ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញដំឡូងមីស្រស់ប្រមាណ ៤លានតោន ទៅកាន់ប្រទេសវៀតណាម ហើយក្នុងឆ្នាំ២០២៦នេះ ប្រទេសវៀតណាម បានសន្យាថានឹងទិញដំឡូងមីស្រស់ចំនួន ៩លានតោនបន្ថែមពីកម្ពុជា៕
 
 ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា