ទឹកជំនន់៖ អាជ្ញាធរខេត្តមួយចំនួនចាប់ផ្ដើមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកជំនន់៖ អាជ្ញាធរខេត្តមួយចំនួនចាប់ផ្ដើមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព

ទឹកជំនន់៖ អាជ្ញាធរខេត្តមួយចំនួនចាប់ផ្ដើមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព

អាជ្ញាធរខេត្តមួយចំនួនចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនទៅទីទួលសុវត្ថិភាព ក្រោយទឹកជំនន់បន្តកើន ឡើងខ្លាំងដែលជាការគំរាមកំហែងជាពិសេសក្នុងខេត្តនៅជាប់តាមដងទន្លេមេគង្គ។
 
ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ មានខេត្តចំនួន ៣ បាននិងកំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់ គឺខេត្តស្ទឹងត្រែង ក្រចេះ និងត្បូងឃ្មុំ។
 
ឯកឧត្តមបានគូសបញ្ជាក់ថា ទឹកជំនន់បានប៉ះពាល់ចំនួន ១៣ស្រុក ស្មើ ៥៩ឃុំ មានប្រជាពល រដ្ឋរងគ្រោះចំនួន ៣ពាន់ ៨២៤គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជម្លៀសទៅទីទួលសុវត្ថិភាពមានចំនួន ២៨៧គ្រួសារ។ ផ្ទះចំនួនជាង ២ ពាន់ខ្នង ដំណាំស្រូវចំនួនជាង ១ពាន់ហិកតា និងដំណាំរួមផ្សំជាង ៤០០ហិកតាត្រូវបានរងផលប៉ះពាក់ ហើយ សត្វចំនួន ៥៨០ក្បាលត្រូវបានជម្លៀស។
 
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថា នៅខេត្តស្ទឹងត្រែងមានប្រមាណជាង ៣០គ្រួសារហើយដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់បន្តកើនឡើងបង្កជាការគំរាមកំហែង។
 

នៅខេត្តក្រចេះឯណោះវិញ លោក ម៉ែន វណ្ណា អភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តក្រចេះអាចលិចលង់កាន់តែខ្លាំងដោយសារទឹកបន្តឡើង ។
 

យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជានៅថ្ងៃទី២១ សីហានេះ កម្ពស់ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងឡើងហួសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ គឺ១០.៨០ម៉ែត្រ ខណៈកម្រិតប្រ កា ស ឲ្យប្រុងប្រយ័ត្នត្រឹមតែ ១០.៧០ម៉ែត្រប៉ុណ្ណោះ។
 
ចំណែកក្នុងខេត្តក្រចេះវិញ កម្ពស់ទឹកទន្លេមេគង្គបានឡើងជិតដល់កម្រិតប្រុងប្រយ័ត្នដែរ គឺខ្វះតែ៦៣សង់ទីម៉ែត្រទៀតប៉ុណ្ណោះ។
 
គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានអំពាវនាវអាជ្ញាធរ ពាក់ព័ន្ធ និងប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមដងទន្លេមេគង្គ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង ត្រៀម បង្ការចំពោះហានិភ័យ ដែលអាចកើតឡើងជាយថាហេតុបង្កដោយទឹកជំនន់ទន្លេ និងជំនន់ទឹកភ្លៀង៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា