ពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី

ពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី

ខេត្តពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី ក្រោយចុះកិច្ចព្រមព្រៀងវិនិយោគដ៏ធំលើផ្ទៃដី ៥ពាន់ហិកតា សម្រាប់ការវិនិយោគរវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន KPSEnergy (Cambodia) Co., Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។
 
គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យថាមពលស្អាត ឧស្សាហកម្មកែច្នៃ និងសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធ ព្រមទាំងជួយបង្កើនសក្តានុពលខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ។
 
ការចុះកិច្ចព្រមព្រៀងនេះ ក៏ត្រូវបានចាត់ទុកជាឱកាសថ្មី សម្រាប់ខេត្តពោធិ៍សាត់ ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច បង្កើតការងារ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
 
ឯកឧត្តម ខូយ រីជា អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកព្រឹត្តិការណ៍នេះថា ជា «ស្ពាន» ដ៏សំខាន់ក្នុងការតភ្ជាប់សក្តានុពលខេត្ត ទៅនឹងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្ម និងថាមពលប្រកបដោយចីរភាព។ លោកបានគូសបញ្ជាក់ក្នុងពិធីចុះកិច្ចព្រមព្រៀខាងលើថា ការវិនិយោគលើផ្ទៃដី ៥ពាន់ហិកតានេះ មិនមែនជាការចុះហត្ថលេខាលើឯកសារធម្មតានោះទេ ប៉ុន្តែ គឺជាការបោះជំហានដ៏ធំមួយ ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
 
បើតាមអភិបាលខេត្តពោធិ៍សាត់ គម្រោងវិនិយោគខាងលើនេះ ផ្ដោតសំខាន់លើវិស័យថាមពលស្អាត ដែលមានការសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយជីវម៉ាស មានអនុភាព ៥០មេហ្គាវ៉ាត់ និងរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ មានអនុភាព ៤០មេហ្គាវ៉ាត់ ដែលអាចឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍ថាមពលស្អាត និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។
 
បន្ថែមលើនេះ ក៏មានការវិនិយោគលើឧស្សាហកម្មកសិកម្ម និងការកែច្នៃផងដែរ រួមមាន រោងចក្រផលិតជី និងរោងចក្រផលិតគីមឈី ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក។ ក្រៅពីនេះ ក៏ការអភិវឌ្ឍបៃតង ដោយមានគម្រោងដាំដើមឈើ និងការថែរក្សាធនធានធម្មជាតិ ដែលជាឆ្អឹងខ្នងសម្រាប់និរន្តរភាពបរិស្ថាន។
 
ឯកឧត្តម ខូយ រីជា បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការវិនិយោគនេះ នឹងជួយបង្កើតការងាររាប់ពាន់កន្លែង លើកកម្ពស់ជំនាញបច្ចេកវិទ្យាដល់ប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ឱ្យកាន់តែរឹងមាំ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា