អ៊ីរ៉ង់ ថា ដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ ខណៈដែលខ្លួនកំពុងស្ថិតក្នុងជំហរខ្លាំងក្លា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ ខណៈដែលខ្លួនកំពុងស្ថិតក្នុងជំហរខ្លាំងក្លា

អ៊ីរ៉ង់ ថា ដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ ខណៈដែលខ្លួនកំពុងស្ថិតក្នុងជំហរខ្លាំងក្លា

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែង កាលពីថ្ងៃសុក្រ ទី២១ ខែសីហាថា វាដល់ពេលហើយដែលត្រូវបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ជាមួយសហរដ្ឋអាមេរិក ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ ដោយសារទីក្រុងតេហេរ៉ង់ហាក់ដូចជាស្ថិតក្នុងជំហរខ្លាំងជាងទីក្រុងវ៉ាស៊ីនតោន។

ការលើកឡើងនេះបានធ្វើឡើង ចំពេលដែលការចរចារវាងគូសត្រូវចាស់វស្សាទាំងពីរនៅតែត្រូវបានផ្អាក ហើយសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ បានជាប់គាំង។

ទីក្រុងតេហេរ៉ង់កំពុងបន្តបិទច្រកសមុទ្រ Hormuz ជាផ្នែកៗ ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តប្រតិបត្តិការបិទផ្លូវសមុទ្រតបតវិញប្រឆាំងនឹងអ៊ីរ៉ង់។

លោក Pezeshkian បានថ្លែង នៅក្នុងកិច្ចប្រជុំមួយថា «វាជាការប្រសើរដែលយើងបញ្ចប់សង្គ្រាមនៅពេលនេះ ខណៈដែលយើងកំពុងស្ថិតក្នុងជំហរនៃអំណាច និងកិត្តិយស។ ពិភពលោកទាំងមូលទទួលស្គាល់ជ័យជម្នះរបស់យើង»។

លោកបានសង្កត់ធ្ងន់ថា «អាមេរិកបានវាយប្រហារសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដោយរំលោភលើបទប្បញ្ញត្តិទាំងអស់ ហើយកំពុងត្រូវបានគេស្អប់ខ្ពើមនៅជុំវិញពិភពលោក»។

លោក Pezeshkian ក៏បានការពារអនុស្សរណៈនៃការយោគយល់គ្នាដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក កាលពីខែមិថុនា ក្នុងគោលបំណងបញ្ចប់សង្គ្រាម ដោយអះអាងថា វាមិនមែនជាសញ្ញានៃការបរាជ័យសម្រាប់ទីក្រុងតេអេរ៉ង់នោះទេ។

លោកបានមានប្រសាសន៍ថា «ពួកគេមិនអាចរកឃើញសូម្បីតែមាត្រាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលបង្ហាញពីការចុះចាញ់។ ការប្តេជ្ញាចិត្តទាំងអស់គឺពាក់ព័ន្ធនឹងភាគីម្ខាងទៀត»។

ការលើកឡើងរបស់លោកបានធ្វើឡើង នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បាននិយាយថា លោកបានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ទោះបីជាមាន «ទស្សនៈខុសគ្នា» ក៏ដោយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា