សូមប្រុងប្រយ័ត្នចំពោះទង្វើបោកប្រាស់ តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា"ការពារគណនី និងទំព័រ" នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងប្រាក់កម្រៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សូមប្រុងប្រយ័ត្នចំពោះទង្វើបោកប្រាស់ តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា"ការពារគណនី និងទំព័រ" នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងប្រាក់កម្រៃ

សូមប្រុងប្រយ័ត្នចំពោះទង្វើបោកប្រាស់ តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា"ការពារគណនី និងទំព័រ" នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងប្រាក់កម្រៃ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះ ន.ទ.ក. បានសង្កេតឃើញថា មានបុគ្គលមួយចំនួន បានធ្វើ ការផ្សព្វផ្សាយ និងផ្តល់សេវាដែលអះអាងថា ជា “សេវាការពារគណនី” ឬ”សេវាការពារទំព័រ” នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងការបង់ប្រាក់កម្រៃដោយលើកឡើងថា ខ្លួនអាចជួយការពារ ឬធានាមិនឱ្យគណនី ឬទំព័រ របស់អ្នកប្រើប្រាស់ត្រូវបានបិទ ផ្អាក លុប ឬបាត់បង់។ ជាញឹកញាប់ បុគ្គលទាំងនោះថែមទាំងអះអាងថា ខ្លួនមានទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុនម្ចាស់ថ្នាល ឬមានឧបករណ៍បច្ចេកទេសពិសេស ដើម្បីបង្កើនភាពគួរឱ្យជឿជាក់។

ន.ទ.ក. សូមធ្វើការបញ្ជាក់ថា ការអះអាងថាអាចធានាការពារគណនី ឬទំព័រ ជាថ្នូរនឹងប្រាក់កម្រៃ គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចមានធាតុផ្សំនៃបទល្មើសបោកប្រាស់ និងអាចត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ការផ្សព្វផ្សាយបែបនេះ ជាទូទៅមានគោលបំណងបង្កការភ័យខ្លាច ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យបង់ប្រាក់ ឬផ្តល់ព័ត៌មានសម្ងាត់ ដូចជា លេខទូរស័ព្ទ អាសយដ្ឋានអ៊ីមែល ពាក្យសម្ងាត់ លេខកូដ OTP ឬសិទ្ធិគ្រប់គ្រងទំព័រ ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមមាន៖
– ការបាត់បង់ការគ្រប់គ្រងគណនី ឬទំព័រ ជាអចិន្ត្រៃយ៍
– ការបាត់បង់ប្រាក់ ដោយគ្មានលទ្ធភាពទាមទារសំណងវិញ
– ការលួចយកព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានហិរញ្ញវត្ថុ
– ការយកគណនី ឬទំព័រដែលបានលួច ទៅប្រើប្រាស់ដើម្បីបន្តការឆបោកទៅលើក្រុមគ្រួសារ មិត្តភក្តិ និងអ្នកតាមដានផ្សេងទៀត។
ដើម្បីការពារខ្លួន ន.ទ.ក. សូមណែនាំដល់សាធារណជនឱ្យអនុវត្ត ដូចខាងក្រោម៖
– មិនត្រូវផ្តល់ ពាក្យសម្ងាត់ ឬលេខកូដ OTP ដល់បុគ្គលផ្សេងឡើយ
– មិនត្រូវបង់ប្រាក់ ជូនបុគ្គលដែលអះអាងថា អាចការពារ ស្តារ ឬធានាគណនីនិងទំព័រ
– មិនត្រូវផ្តល់សិទ្ធិ Admin ឬ Editor លើទំព័រ ជូនបុគ្គលដែលមិនស្គាល់ច្បាស់លាស់
– មិនត្រូវចុច លើតំណភ្ជាប់ដែលគួរឱ្យសង្ស័យ ឬដំឡើងកម្មវិធីមិនស្គាល់ប្រភព
– សូមបើកមុខងារផ្ទៀងផ្ទាត់ពីរជាន់ (Two-Factor Authentication) និងកំណត់អ្នកគ្រប់គ្រងទំព័រឱ្យបានច្បាស់លាស់។

ការប្រើប្រាស់គណនី និងទំព័រនៅលើបណ្តាញទំនាក់ទំនងសង្គម ត្រូវអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ស្របគ្នានេះ អ្នកប្រើប្រាស់ក៏ត្រូវគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ សហគមន៍របស់ក្រុមហ៊ុនម្ចាស់ថ្នាលនីមួយៗ ដែលជាកិច្ចព្រមព្រៀងរវាងអ្នកប្រើប្រាស់ និងក្រុមហ៊ុនម្ចាស់ថ្នាលផងដែរ។ ដូច្នេះ ការបង់ប្រាក់កម្រៃជូនបុគ្គលណាមួយ មិនអាចជំនួស លើកលែង ឬបន្ធូរបន្ថយកាតព្វកិច្ចទាំងពីរខាងលើបានឡើយ។
ក្នុងករណីមានការសង្ស័យថា បានជួបប្រទះនូវសកម្មភាពបោកប្រាស់ ឬការផ្តល់សេវាមិនប្រក្រតីពាក់ព័ន្ធនឹងការការពារគណនី និងទំព័របណ្តាញទំនាក់ទំនងសង្គម សូមសាធារណជនរាយការណ៍មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬការផ្ញើសារមកកាន់អ៊ីមែល [email protected] ឬមកកាន់ហ្វេសប៊ុក “និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia”។ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា