អាវុធហត្ថរាជធានីភ្នំពេញកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់សរុបជាង ៣៦ម៉ឺនគ្រឿង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាវុធហត្ថរាជធានីភ្នំពេញកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់សរុបជាង ៣៦ម៉ឺនគ្រឿង

អាវុធហត្ថរាជធានីភ្នំពេញកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់សរុបជាង ៣៦ម៉ឺនគ្រឿង

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងដកហូត នាពេលកន្លងមក។

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ ការិយាល័យជំនាញ រួមជាមួយមូលដ្ឋានអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ របស់អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ចំនួន ១៤លើក ចាប់យកវត្ថុតាងសរុបជាង ៣៦ម៉ឺន ក្នុងនោះភាគច្រើនជាបារីអេឡិចត្រូនិក ក្បាលជក់ ទឹកវ៉ែប ម៉ាស៊ីនកិនកញ្ឆា និងបារី។

សមត្ថកិច្ចក៏បានឃាត់ខ្លួនបណ្តោះអាសន្នជនជាប់ពាក់ព័ន្ធចំនួន ១៦នាក់ ក្នុងនោះបានអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ១៤នាក់ និងបញ្ជូនទៅ តុលាការចំនួន ០២នាក់។

ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យក្រុមការងារចុះអប់រំ និងផ្សព្វផ្សាយតាមបណ្តាមូលដ្ឋានសាលារៀន អំពីទិដ្ឋភាពច្បាប់ និងផលវិបាកសង្គមដោយសារការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាបារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់។

យុទ្ធនាការចុះផ្សព្វផ្សាយអប់រំនេះធ្វើឡើងនៅតាមបណ្តាសាលារៀនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសិស្សានុសិស្សចូលរួមសរុបចំនួនជាង ៥ម៉ឺននាក់ និងនៅអង្គការមូលនិធិកុមារកម្ពុជា ជាមួយអ្នកចូលរួមចំនួន ១៦០នាក់។

ក្នុងពិធីកិនកម្ទេចនេះដែរ លោកជំទាវ តិមា វិច្ឆិកាល ក្នុងនាមឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានកោតសរសើរសមត្ថកិច្ចអាវុធហត្ថរាជធានី ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការបង្ក្រាប និងដកហូតឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ជាច្រើនករណីកន្លងមកនេះ។

លោកជំទាវបន្តថា សកម្មភាពបង្ក្រាបទាំងនេះពិតជាមានសារៈសំខាន់ក្នុងការរក្សាសុវត្ថិភាពសង្គម និងទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយផលិតផលនាំឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសក្នុងចំណោមយុវជន។

លោកជំទាវបានលើកទឹកចិត្តសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបន្តប្រឹងប្រែងបង្រ្កាប និងទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងសារធាតុគីមី ស្របតាមពាក្យស្លោកដ៏មានអត្ថន័យមួយឃ្លាថា “យើងត្រូវបំផ្លាញបារីអេឡិចត្រូនិច មុនបារីអេឡិចត្រូនិចបំផ្លាញសង្គមជាតិយើង”៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា