អ៊ីស្រាអែលវាយប្រហារថ្មីមួយទៀតនៅស៊ីរី ទោះបីមានការរិះគន់ពីអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលវាយប្រហារថ្មីមួយទៀតនៅស៊ីរី ទោះបីមានការរិះគន់ពីអាមេរិក

អ៊ីស្រាអែលវាយប្រហារថ្មីមួយទៀតនៅស៊ីរី ទោះបីមានការរិះគន់ពីអាមេរិក

ដាម៉ាស ៖ អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារថ្មីមួយទៀត នៅក្នុងប្រទេសស៊ីរី ក្រោយមានការរិះគន់ពីសហរដ្ឋអាមេរិក។

ក្រៅពីនេះ, អ៊ីស្រាអែលបានរិះគន់យ៉ាងខ្លាំងទៅលើលោក Tom Barrack ដែលជាបេសកជនសហរដ្ឋអាមេរិក ចំពោះការរិះគន់ លើការវាយប្រហារមុននេះ ទៅលើមូលដ្ឋានទ័ពអាកាសមួយ នៅភាគពាយព្យ ដែលអ៊ីស្រាអែលចោទប្រកាន់ថា ប្រទេសតួកគីមានបំណងប្រើប្រាស់មូលដ្ឋាននេះ។

កាលពីថ្ងៃអង្គារ លោក Tom Barrack បេសកជនសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស៊ីរី បានរិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើមូលដ្ឋានទ័ពអាកាសយោធាដែលលែងប្រើប្រាស់នោះ ដោយចាត់ទុកថា «វាជាការបង្កើនភាពតានតឹងដែលមិនចាំបាច់ និងមិនជួយលើកកម្ពស់ស្ថិរភាពក្នុងតំបន់ឡើយ»។

លោក Barrack បានលើកឡើងថា ការវាយប្រហារនោះអាចមានបំណងបង្កជម្លោះជាមួយប្រទេសតួកគី ដែលជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ធ្វើការឆ្លើយតបវិញ នៅថ្ងៃសៅរ៍ ដោយហៅការលើកឡើងទាំងនោះថា «ពោរពេញទៅដោយភាពមិនត្រឹមត្រូវ»។

បើតាម CNA, ចាប់តាំងពីការដួលរលំនៃរបបដឹកនាំដ៏យូរអង្វែងរបស់លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ អ៊ីស្រាអែលបានបើកការវាយប្រហាររាប់រយលើក នៅក្នុងប្រទេសស៊ីរី និងបានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ទ្រនាប់ ឬ buffer zone ដែលស្ថិតក្រោមការល្បាតរបស់អង្គការសហប្រជាជាតិ ដែលតំបន់នេះធ្លាប់បានបំបែកកងកម្លាំងអ៊ីស្រាអែល និងស៊ីរី នៅតំបន់ខ្ពង់រាប Golan អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលបានបញ្ជូន ព័ត៌មានសម្ងាត់ផ្នែកស៊ើបការណ៍ទៅកាន់ភាគីដែលមានសិទ្ធិអំណាចនៅក្នុងសហរដ្ឋអាមេរិក មុនពេលធ្វើការវាយប្រហារ កាលពីថ្ងៃអង្គារ។

លោកបានបន្ថែមថា ការលើកឡើងរបស់លោក Barrack គឺ «ពោរពេញទៅដោយភាពមិនត្រឹមត្រូវ និងមានជំហរផ្ទុយពីគោលជំហររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ផ្ទាល់ ពាក់ព័ន្ធនឹងតំបន់ខ្ពង់រាប Golan៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា