សហព័ន្ធកីឡាវាយសីអាស៊ីស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ការប្រកួតកម្រិតតំបន់នៅឆ្នាំក្រោយទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហព័ន្ធកីឡាវាយសីអាស៊ីស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ការប្រកួតកម្រិតតំបន់នៅឆ្នាំក្រោយទៀត

សហព័ន្ធកីឡាវាយសីអាស៊ីស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ការប្រកួតកម្រិតតំបន់នៅឆ្នាំក្រោយទៀត

បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃ ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២១សីហា។ ការប្រកួត ដែលមានប្រទេស៧ចូលរួមនេះ រៀបចំឡើងដោយសហព័ន្ធកីឡាវាយសីអាស៊ី និងឧបត្ថម្ភដោយ ក្រុមហ៊ុន វឌ្ឍនៈគ្រុប។

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងថា ការប្រកួតរយៈពេល៧ថ្ងៃនេះ បានបញ្ចប់ដោយមោទនភាព ដោយសហព័ន្ធកីឡាវាយសីអាស៊ីបានកោតសសើរនិងវាយតម្លៃខ្ពស់ថា ការរៀបចំរបស់កម្ពុជាធ្វើបានល្អ ហើយថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាវាយសីអាស៊ីបានបន្តស្នើសុំឱ្យកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកម្រិតតំបន់នេះនៅក្នុងឆ្នាំ២០២៧បន្តទៀត។

ឯកឧត្តម អះអាងថា ជោគជ័យនេះអាចសម្រេចបានដោយមានការរួបរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ មានដូចជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេស គឺទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។

ការជ្រោមជ្រែងទាំងនេះហើយ ទើបជំរុញឱ្យសហព័ន្ធកីឡាវាយសីកម្ពុជា ត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ទាំងការត្រៀមកីឡាករកីឡាការិនី និងការទទួលបដិសណ្ឋាកិច្ច ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យអត្តពលិកអន្តរជាតិមកចូលរួមទទួលបានភាពកក់ក្តៅ និងសុខសុវត្ថិភាព។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមប្រធានសហព័ន្ធ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និងមន្រ្តីស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍ទាំងមូល ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រដល់ការប្រកួត ធ្វើឱ្យការរៀបចំទទួលបានជោគជ័យលើសការរំពឹងទុក។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះ កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ដោយដណ្តើមបានមេដាយសរុប២១គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៩គ្រឿង។ ចំណាត់ថ្នាក់លេខ១បានទៅលើប្រទេសមីយ៉ាន់ម៉ា ជាមួយមេដាយសរុប២៤គ្រឿង ហើយលេខ៣បានទៅលើប្រទេសឡាវ ជាមួយមេដាយសរុប១២គ្រឿង៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា