គេចមិនរួចពីសំណាញ់ច្បាប់៖ ជនដែលយកដបស្រាវាយក្បាលគូជម្លោះ បានប្រគល់ខ្លួនឱ្យសមត្ថកិច្ច ក្រោយរត់ទៅដល់វៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គេចមិនរួចពីសំណាញ់ច្បាប់៖ ជនដែលយកដបស្រាវាយក្បាលគូជម្លោះ បានប្រគល់ខ្លួនឱ្យសមត្ថកិច្ច ក្រោយរត់ទៅដល់វៀតណាម

គេចមិនរួចពីសំណាញ់ច្បាប់៖ ជនដែលយកដបស្រាវាយក្បាលគូជម្លោះ បានប្រគល់ខ្លួនឱ្យសមត្ថកិច្ច ក្រោយរត់ទៅដល់វៀតណាម

បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដាក់ឱសានវាទ ជនសង្ស័យឈ្មោះ ឆេង ភារុណ ដែលបានយកដបស្រាវាយក្បាលគូជម្លោះ ហើយរត់គេចខ្លួនទៅវៀតណាម បានវិលត្រឡប់មកដល់ព្រំដែនកម្ពុជា វៀតណាម វិញកាលពីយប់មិញ ហើយត្រូវបញ្ជូនបន្តមកភ្នំពេញនៅព្រឹកនេះ។

ទោះរត់ទៅដល់ណាក៏មិនអាចរួចខ្លួនដែរ។ ជនសង្ស័យឈ្មោះ ឆេង ភារុណ ដែលបានប្រព្រឹត្តអំពើហិង្សាយកដបស្រាវាយក្បាលគូជម្លោះបង្កឱ្យមានរបួស នៅក្នុងហាងមួយក្នុងសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានសម្រេចចិត្តមកប្រគល់ខ្លួនឱ្យសមត្ថកិច្ចវិញហើយ បន្ទាប់ពីបានរត់គេចខ្លួនទៅប្រទេសវៀតណាម។

ការប្រគល់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារព្រមានកាលពីព្រលប់ថ្ងៃទី២៣សីហា ដោយទុកពេលឱ្យ ៤៨ម៉ោង ឱ្យជនល្មើសចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ព្រមទាំងបានទាក់ទងដោយផ្ទាល់ទៅកាន់រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដើម្បីស្នើសុំកម្លាំងសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលរូបនេះ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងព្រឹកថ្ងៃចន្ទនេះថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានព្រហ្មទណ្ឌ បានចុះទៅរង់ចាំទទួលជនសង្ស័យនៅច្រកទ្វារព្រំដែនតាំងពីយប់ថ្ងៃអាទិត្យ។ បន្ទាប់ពីបញ្ចប់ការបំពេញបែបបទឆ្លងដែនរួចរាល់ សមត្ថកិច្ច បានដឹកនាំជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

យោងតាមការរៀបរាប់របស់ជនរងគ្រោះ ហេតុការណ៍ដែលឈានដល់ការប្រើអំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង ២យប់ ឈានចូលថ្ងៃទី ២៣ សីហា ដោយរូបគេគ្រាន់តែដើរប៉ះជនបង្ក និងបានញញឹមដាក់បន្តិច ប៉ុន្តែស្រាប់តែជនសង្ស័យឈ្មោះ ឆេង ភារុណ ទាញកែវវាយក្បាលនៅក្នុងហាង បន្ទាប់មកបានយកដបស្រាតាមមកវាយក្បាលបន្ថែមទៀតនៅខាងក្រៅហាង បណ្តាលឱ្យរងរបួសធ្ងន់។

ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ក្នុងនាមក្រសួងមហាផ្ទៃ គឺដាច់ខាតមិនអនុញ្ញាតឱ្យជនល្មើសរូបណាដែលប្រព្រឹត្តអំពើហិង្សា អាចគេចផុតពីសំណាញ់ច្បាប់បានឡើយ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា