អាថ៌កំបាំងនៃ «ប្រាសាទព្រៃមន្ទីរ» មានតម្រុយអាចជាព្រះបរមរាជវាំងចក្រភពខ្មែរ នាសម័យអង្គរដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាថ៌កំបាំងនៃ «ប្រាសាទព្រៃមន្ទីរ» មានតម្រុយអាចជាព្រះបរមរាជវាំងចក្រភពខ្មែរ នាសម័យអង្គរដំបូង

អាថ៌កំបាំងនៃ «ប្រាសាទព្រៃមន្ទីរ» មានតម្រុយអាចជាព្រះបរមរាជវាំងចក្រភពខ្មែរ នាសម័យអង្គរដំបូង

អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ បានរកឃើញតម្រុយសំខាន់ៗដែលនាំឱ្យមានការសន្និដ្ឋានថា «ប្រាសាទព្រៃមន្ទីរ» អាចជាអតីតព្រះបរមរាជវាំង ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងចក្រភពខ្មែរ នាសម័យអង្គរដំបូង។
 
លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់នៅក្នុងតំបន់រលួស «ប្រាសាទព្រៃមន្ទីរ» គឺជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលជាសំណង់ស្ថាបត្យកម្មសាសនាធ្វើអំពីឥដ្ឋ កសាងឡើងនាដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ស្ថិតនៅទិសនិរតីនៃប្រាសាទបាគង ប្រាសាទនេះមិនត្រឹមតែមានអាយុកាលចំណាស់នោះទេ ប៉ុន្តែថែមទាំងមានលក្ខណៈជាច្រើន ដែលទាក់ទាញអ្នកទេសចរ និងអ្នកស្រាវជ្រាវយ៉ាងខ្លាំង។
 
យោងតាមអាជ្ញាធរជាតិអប្សរា បានបង្ហាញថា អាងទឹកថ្មភក់រាងចតុកោណកែង ដែលឆ្លាក់ក្បូរក្បាច់យ៉ាងរស់រវើក និងមានចារឹកអក្សរបង្កប់នៅផ្នែកខាងក្រោមជញ្ជាំងអាង គឺជាភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់ និងជាតម្រុយអាថ៌កំបាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវស្វែងយល់បន្ថែម។
 
អ្នកស្រាវជ្រាវបានកត់សម្គាល់ថា តម្រុយអតីតព្រះបរមរាជវាំង នៃរាជធានីហរិហរាល័យ តាមរយៈឈ្មោះ «មន្ទីរ» និងរចនាសម្ព័ន្ធបរិវេណដ៏ប្លែកខុសពីប្រាសាទដទៃ អ្នកជំនាញបានដាក់ការសន្និដ្ឋានថា ទីតាំងនេះអាចជាអតីត «ព្រះបរមរាជវាំង» ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងចក្រភពខ្មែរនាសម័យអង្គរដំបូង។
 
ស្ថាបត្យកម្មរចនាបថព្រះគោដ៏រឹងមាំ ខុសប្លែកពីប្រាសាទភ្នំដ៏ខ្ពស់ត្រដែតផ្សេងទៀត ប្រាសាទព្រៃមន្ទីរមានតួប្រាសាទឥដ្ឋចំនួន ៣ សាងសង់តម្រៀបជួរគ្នាយ៉ាងផ្ចិតផ្ចង់ បង្ហាញពីភាពរឹងមាំ និងសោភ័ណភាពសិល្បៈខ្មែរបុរាណយ៉ាងប៉ិនប្រសប់។
 
ចំណែក បរិស្ថានធម្មជាតិស្ងប់ស្ងាត់ និងត្រជាក់ត្រជុំ ស្ថិតក្រោមការហ៊ុមព័ទ្ធដោយដើមឈើធំៗត្រឈឹងត្រឈៃ ប្រាសាទនេះផ្តល់ជូននូវបរិយាកាសត្រជាក់ស្រេប និងស្ងប់ស្ងាត់បំផុត ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកនិយមទេសចរណ៍វប្បធម៌-ធម្មជាតិ ក្នុងការសម្រាកស្រូបខ្យល់អាកាសបរិសុទ្ធ និងថតរូបអនុស្សាវរីយ៍។
 
អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ប្រសិនបើពលរដ្ឋ ឬទេសចរ មានបេសកកម្ម ឬដំណើរទស្សនាចរមកកាន់តំបន់រលួស ខេត្តសៀមរាប សូមកុំរំលងការឈានជើងចូលទស្សនាប្រាសាទព្រៃមន្ទីរ ដើម្បីទទួលយកចំណេះដឹងថ្មីៗអំពីតម្លៃអារ្យធម៌ដើមសម័យអង្គរ ព្រមទាំងបទពិសោធន៍ទេសចរណ៍ប្រវត្តិសាស្ត្រដ៏មានន័យស៊ីជម្រៅនេះ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា