ក្នុងថ្ងៃបុណ្យឯករាជ្យ, អ៊ុយក្រែន បានលុយពីអឺរ៉ុប ៧ ពាន់លានដុល្លារ ទុកទិញអាវុធច្បាំងជាមួយ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងថ្ងៃបុណ្យឯករាជ្យ, អ៊ុយក្រែន បានលុយពីអឺរ៉ុប ៧ ពាន់លានដុល្លារ ទុកទិញអាវុធច្បាំងជាមួយ រុស្ស៊ី

ក្នុងថ្ងៃបុណ្យឯករាជ្យ, អ៊ុយក្រែន បានលុយពីអឺរ៉ុប ៧ ពាន់លានដុល្លារ ទុកទិញអាវុធច្បាំងជាមួយ រុស្ស៊ី

កៀវ ៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានប្រកាសផ្តល់ថវិកាចំនួន ៧ ពាន់ ១០០ លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន សម្រាប់ទិញប្រព័ន្ធខែលការពារដែនអាកាស ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ។

ការប្រកាសនេះធ្វើឡើង ស្របពេលដែលមេដឹកនាំអឺរ៉ុបមួយចំនួនបានទៅបំពេញទស្សនកិច្ច នៅប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីការគាំទ្រដល់ទិវាឯករាជ្យរបស់ប្រទេសមួយនេះ ។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានសរសេរ នៅលើបណ្តាញសង្គម X ថា «នៅថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន យើងបង្ហាញពីការគាំទ្រដ៏មុតមាំរបស់យើង ដោយអនុម័តថវិកា ចំនួន ៧ ពាន់ ១០០ លានដុល្លារ ផ្ដល់ទៅឲ្យអ៊ុយក្រែនសម្រាប់ទិញប្រព័ន្ធខែលការពារដែនអាកាស និង ការពារប្រឆាំងមីស៊ីល, កាំជ្រួចផ្លោង, គ្រាប់រំសេវ និង ប្រព័ន្ធរ៉ាដា ដែលទីក្រុងកៀវកំពុងត្រូវការជាចាំបាច់»។

បើតាម timesofisrael, ថវិកានេះគឺជាផ្នែកមួយនៃកញ្ចប់ប្រាក់កម្ចី សរុបចំនួន ៩០ ពាន់លានអឺរ៉ូ ដែលក្នុងនោះ មានជំនួយយោធាចំនួន ៦០ ពាន់លានអឺរ៉ូ ដែលសហភាពអឺរ៉ុបបានប្រកាសថា នឹងផ្តល់ជូនអ៊ុយក្រែន។ ថវិកាប្រមាណ ១៦ ពាន់លានអឺរ៉ូត្រូវបានបែងចែករួចហើយ ហើយទឹកប្រាក់ចំនួន ៨ ពាន់ ៥០០ លានអឺរ៉ូត្រូវបានបញ្ជូនទៅកាន់ទីក្រុងកៀវ ។

សេចក្តីប្រកាសនេះធ្វើឡើង នៅពេលដែលលោក Andy Burnham នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានមកដល់ទីក្រុងកៀវ ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតី Volodymyr Zelensky និងមេដឹកនាំអឺរ៉ុបផ្សេងទៀតដែលជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ។

យោងតាមការិយាល័យរបស់លោក Andy Burnham, ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសមក លោករំពឹងថា រដ្ឋាភិបាលទីក្រុងឡុងដ៍នឹងប្រកាសយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនការពារជាតិ MBDA បញ្ចេញព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងគ្រឿងបន្លាស់របស់អង់គ្លេស ដែលត្រូវបានប្រើប្រាស់ នៅក្នុងមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ SCALP ។

លោកថា ការសម្រេចចិត្តនេះនឹងបើកផ្លូវឱ្យប្រទេសបារាំង និងអ៊ុយក្រែនអាចបន្តផែនការផលិតអាវុធប្រភេទនេះ នៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ ៕

ប្រភព ៖ timesofisrael, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា