អាមេរិកព្រមានវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត ទោះងាកមកប្រើវិធីដាក់ទណ្ឌកម្មសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកព្រមានវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត ទោះងាកមកប្រើវិធីដាក់ទណ្ឌកម្មសេដ្ឋកិច្ច

អាមេរិកព្រមានវាយប្រហារអ៊ីរ៉ង់បន្ថែមទៀត ទោះងាកមកប្រើវិធីដាក់ទណ្ឌកម្មសេដ្ឋកិច្ច

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកអាចនឹងធ្វើការវាយប្រហារបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ប្រសិនបើជាចាំបាច់ ទោះបីជាទីក្រុងវ៉ាស៊ីនតោន ងាកមកប្រើវិធីដាក់ទណ្ឌកម្មសេដ្ឋកិច្ចវិញក៏ដោយ។ នេះបើតាមការព្រមានរបស់ រដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth កាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនមិនបានបដិសេធលទ្ធភាពនៃការវាយប្រហារផ្នែកយោធាបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់នោះទេ ទោះបីជារដ្ឋបាលរបស់លោក Trump កំពុងបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ក៏ដោយ។

នៅពេលត្រូវបានសួរថា តើការវាយប្រហារដោយកម្លាំងយោធា ត្រូវបានផ្អាកនៅពេលនេះឬយ៉ាងណា, លោក Hegseth បានឆ្លើយតបថា «អត់ទេ ប្រសិនបើយើងចាំបាច់ត្រូវប្រើប្រាស់ការវាយប្រហារដោយកម្លាំងយោធា យើងនឹងធ្វើវា»។

លោកបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីថ្លែងសុន្ទរកថា ទៅកាន់បុគ្គលិកក្នុងវិស័យឧស្សាហកម្មការពារជាតិ នៅទីក្រុង Oshkosh រដ្ឋ Wisconsin ថា «ប្រសិនបើអ៊ីរ៉ង់មានភាពល្ងង់ខ្លៅគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពហួសហេតុ ឬ បង្កបញ្ហាដល់កងទ័ពអាមេរិក យើងនឹងធ្វើអ្វីដែលចាំបាច់ត្រូវធ្វើ»។

នៅទីនោះ លោកបានជំរុញឱ្យក្រុមហ៊ុនម៉ៅការផ្នែកការពារជាតិរបស់អាមេរិក «ផ្លាស់ប្តូរទៅរកស្ថានភាពត្រៀមខ្លួនសម្រាប់សង្គ្រាម»។

យ៉ាងណា លោក Hegseth បានបដិសេធ មិនលើកឡើងអំពីរបាយការណ៍ដែលថា ស្តុកមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS របស់អាមេរិកត្រូវបានប្រើប្រាស់អស់យ៉ាងច្រើននៅក្នុងជម្លោះដែលកំពុងបន្តនោះទេ ដោយលោកគ្រាន់តែនិយាយថា កងទ័ពមានស្តុក «ច្រើន» សម្រាប់ប្រើប្រាស់៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា