រុស្ស៊ី ចោទ អង់គ្លេស រារាំងសន្តិភាព ក្រោយបើកដៃឱ្យ អ៊ុយក្រែន ផលិតមីស៊ីលចម្ងាយឆ្ងាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចោទ អង់គ្លេស រារាំងសន្តិភាព ក្រោយបើកដៃឱ្យ អ៊ុយក្រែន ផលិតមីស៊ីលចម្ងាយឆ្ងាយ

រុស្ស៊ី ចោទ អង់គ្លេស រារាំងសន្តិភាព ក្រោយបើកដៃឱ្យ អ៊ុយក្រែន ផលិតមីស៊ីលចម្ងាយឆ្ងាយ

មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃ ចន្ទ បានចោទប្រកាន់ចក្រភពអង់គ្លេសចំៗថា កំពុងរារាំងដំណើរការសន្តិភាព និងចាក់សាំងលើភ្លើង តាមរយៈការផ្តល់ព័ត៌មានដែលទីក្រុងកៀវត្រូវការ ដើម្បីយកផលិតមីស៊ីលវាយលុកចម្ងាយឆ្ងាយ SCALP ឬ Storm Shadow ។

ការចោទប្រកាន់នេះកើតឡើងភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានសន្យាថា នឹងបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចលើកដំបូងមកកាន់រដ្ឋធានីកៀវ ចាប់តាំងពីឡើងកាន់តំណែងជាផ្លូវការ ។

បើតាម AFP, ទីក្រុងឡុងដ៍នឹងអនុញ្ញាតឱ្យក្រុមហ៊ុនការពារជាតិ MBDA ផ្ទេរទិន្នន័យសម្ងាត់ស្តីអំពីសមាសធាតុ ដែលត្រូវប្រើក្នុងមីស៊ីល SCALP ដែលផលិតរួមគ្នារវាងបារាំង និងអង់គ្លេសទៅឱ្យអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យទីក្រុងកៀវអាចបង្កើតខ្សែសង្វាក់ដំឡើង និងផលិតអាវុធយុទ្ធសាស្រ្តនេះដោយខ្លួននៅក្នុងស្រុកបាន ។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរិះគន់ពេញៗមាត់ថា អង់គ្លេសកំពុងចាក់សាំងលើភ្លើង និងកំពុងរៀបចំផែនការជាប្រព័ន្ធដើម្បីរារាំងសន្តិភាពនៅអ៊ុយក្រែន ទោះបីជាមានភាពរីកចម្រើនបន្តិចបន្តួចក្នុងដំណើរការចរចាបញ្ចប់សង្គ្រាមក៏ដោយ ។

ក្រៅពីរិះគន់ លោក Peskov ក៏បានព្រមានធ្ងន់ៗផងដែរថា កងទ័ពរុស្ស៊ីកំពុងប្រមូលទិន្នន័យការណ៍សម្ងាត់ ដើម្បីស្វែងរកទីតាំងរោងចក្រផលិតមីស៊ីលទាំងនោះនៅអ៊ុយក្រែន ហើយនឹងធ្វើការវាយប្រហារបំផ្លាញចោលទាំងស្រុងតែម្តង ។

មីស៊ីល SCALP ឬ Storm Shadow គឺជាមីស៊ីលនាំផ្លូវបាញ់ចេញពីយន្តហោះ ដែលមានសមត្ថភាពវាយប្រហារចំគោលដៅចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ ។ វាត្រូវបានរចនាឡើងសម្រាប់វាយប្រហារលើគោលដៅមានការការពាររឹងមាំ ដូចជាលេណដ្ឋានក្រោមដី និងឃ្លាំងរំសេវជាដើម ។

បារាំង និងអង់គ្លេសបានផ្គត់ផ្គង់មីស៊ីលប្រភេទនេះដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបំផ្ទុះសង្គ្រាមឈុតធំក្នុងឆ្នា២០២២ ។ ប៉ុន្តែមកទល់ពេលនេះ អ៊ុយក្រែនមិនទាន់អាចផលិតអាវុធយុទ្ធសាស្រ្តមួយនេះ ដោយខ្លួនឯងនៅក្នុងស្រុកនៅឡើយទេ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា