កាន់តែឈ្លានពាន កាន់តែបន្សល់ភស្តុតាង៖ ថៃត្រូវវិលមករកច្បាប់ មិនមែនប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាន់តែឈ្លានពាន កាន់តែបន្សល់ភស្តុតាង៖ ថៃត្រូវវិលមករកច្បាប់ មិនមែនប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនឡើយ

កាន់តែឈ្លានពាន កាន់តែបន្សល់ភស្តុតាង៖ ថៃត្រូវវិលមករកច្បាប់ មិនមែនប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនឡើយ

បញ្ហាព្រំដែនកម្ពុជា-ថៃ មិនអាចដោះស្រាយដោយប្រើប្រាស់កម្លាំងយោធា ការដាក់ទូកុងតឺន័រ រាយលួសបន្លាបិទផ្លូវ បិទភូមិប្រជាពលរដ្ឋ ការជីកលេណដ្ឋានយោធា សាងសង់ផ្លូវ ដាក់ទង់ជាតិ កម្ទេចសំណង់ និងផ្ទះសម្បែងរបស់ជនភៀសសឹក ឬបង្កើតស្ថានភាពថ្មី (fait accompli) នៅលើដីដោយឯកតោភាគីបានឡើយ។ សកម្មភាពទាំងនេះមិនអាចគូសខ្សែព្រំដែនថ្មី មិនអាចផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយ និងមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងឱ្យទៅជាសិទ្ធិស្របច្បាប់លើទឹកដីបានទេ។

កាន់តែបង្កើត fait accompli មិនមែនកាន់តែបង្កើតអធិបតេយ្យភាពទេ។ ផ្ទុយទៅវិញ កាន់តែបន្សល់ភស្តុតាង កាន់តែបង្កើនបន្ទុកនៃការពន្យល់ និងកាន់តែធ្វើឱ្យថៃបង់តម្លៃលើកេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តរបស់ខ្លួននៅចំពោះមុខសហគមន៍អន្តរជាតិ។

ដល់ពេលដែលយោធាថៃត្រូវបញ្ឈប់ការប្រើកម្លាំងដើម្បីបង្កើត «អង្គហេតុនៅលើដី» ហើយវិលមករក «អង្គច្បាប់» ដែលប្រទេសទាំងពីរបានទទួលស្គាល់។

កម្ពុជា និងថៃមិនមែនគ្មានមូលដ្ឋានច្បាប់ និងយន្តការសម្រាប់ដោះស្រាយបញ្ហាព្រំដែននោះទេ។ មានអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ផែនទី និងឯកសារពាក់ព័ន្ធ ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) សម្រាប់ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក។ ដូច្នេះ សំណួរដែលភាគីថៃត្រូវឆ្លើយគឺ៖ បើមានសន្ធិសញ្ញា ផែនទី MOU និង JBC រួចហើយ ហេតុអ្វីត្រូវប្រើកម្លាំងយោធាជំនួសយន្តការច្បាប់ និងអ្នកជំនាញព្រំដែន?

បទឈប់បាញ់មិនមែនជាអាជ្ញាបណ្ណបង្កើត fait accompli
បទឈប់បាញ់មានន័យថា ត្រូវបញ្ឈប់ការប្រឈមមុខ និងរក្សាស្ថានភាព មិនមែនប្រើភាពស្ងប់ស្ងាត់នៃកាំភ្លើងដើម្បីបង្កើតស្ថានភាពថ្មីនៅលើដីនោះទេ។ ការបន្តដាក់ទូកុងតឺន័រ រាយលួសបន្លា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ កម្ទេចសំណង់ ឬពង្រឹងការគ្រប់គ្រងជាក់ស្តែង មិនអាចយកបទឈប់បាញ់ធ្វើជាអំណះអំណាងបានឡើយ។ កាំភ្លើងឈប់បាញ់ មិនមែនមានន័យថា fait accompli អាចបន្តបានទេ។ បទឈប់បាញ់ត្រូវបង្កកស្ថានភាព មិនមែនបង្កើតស្ថានភាពថ្មី។ ជាពិសេស ប្រជាពលរដ្ឋមិនត្រូវក្លាយជាជនរងគ្រោះនៃយុទ្ធសាស្ត្រទឹកដីឡើយ។ ការរារាំងពួកគេមិនឱ្យត្រឡប់ទៅផ្ទះ ដីស្រែ និងសហគមន៍របស់ខ្លួន បង្កើតផលវិបាកផ្នែកមនុស្សធម៌ ហើយភាពទំនេរនៃភូមិដែលកើតចេញពីជម្លោះ មិនត្រូវយកធ្វើជាឱកាសដើម្បីពង្រឹងការគ្រប់គ្រងលើដីឡើយ។ សំខាន់ជាងនេះ ការគ្រប់គ្រងដោយកម្លាំង មិនមែនជាអធិបតេយ្យភាព។ ការឈរជើងរបស់កងទ័ព ការដាក់របាំង ឬការដាក់ទង់ជាតិ អាចបង្កើតអង្គហេតុជាក់ស្តែង ប៉ុន្តែមិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដីដោយខ្លួនឯងបានទេ។ អង្គហេតុដែលបង្កើតដោយកម្លាំង មិនអាចក្លាយជាប្រភពនៃអធិបតេយ្យភាពបានឡើយ។

កាន់តែធ្វើ កាន់តែបន្សល់ភស្តុតាង
ក្នុងសម័យផ្កាយរណប ដ្រូន រូបភាពឌីជីថល ទិន្នន័យភូមិសាស្ត្រ អ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សកម្មភាពនៅលើដីមិនងាយបាត់ស្លាកស្នាមឡើយ។ ការផ្លាស់ប្តូរទីតាំង ការសាងសង់ ការដាក់របាំង និងការរារាំងប្រជាពលរដ្ឋ អាចត្រូវបានកត់ត្រា ផ្ទៀងផ្ទាត់ និងក្លាយជាផ្នែកនៃកំណត់ត្រាអង្គហេតុ។ រាល់សកម្មភាពឯកតោភាគីបន្ថែម មិនបានបន្ថែមសូម្បីតែមួយសង់ទីម៉ែត្រទៅលើសិទ្ធិស្របច្បាប់របស់ថៃឡើយ។ ផ្ទុយទៅវិញ វាអាចបន្ថែមមួយទំព័រទៀតទៅក្នុងកំណត់ត្រាភស្តុតាងដែលថៃត្រូវពន្យល់នៅថ្ងៃក្រោយ។
នេះហើយជាសំណួរស្នូល៖ បើថៃជឿជាក់ថាខ្លួនមានមូលដ្ឋានច្បាប់រឹងមាំ ហេតុអ្វីមិនយកមូលដ្ឋាននោះមកដោះស្រាយតាម JBC សន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទី និងច្បាប់អន្តរជាតិ? ហេតុអ្វីត្រូវប្រើកម្លាំងដើម្បីបង្កើតចម្លើយនៅលើដី?

កាន់តែឈ្លានពាន កាន់តែបង់ថ្លៃលើកេរ្តិ៍ឈ្មោះ
ការបន្តសកម្មភាពឯកតោភាគីមិនត្រឹមតែបង្កើនភាពតានតឹងនៅព្រំដែនទេ ប៉ុន្តែអាចធ្វើឱ្យថៃបង់តម្លៃកាន់តែខ្ពស់លើកេរ្តិ៍ឈ្មោះ ភាពជឿទុកចិត្ត និងមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ។ ប្រទេសមួយមិនអាចនៅម្ខាងនិយាយពីសន្តិភាព និងការគោរពច្បាប់អន្តរជាតិ ខណៈនៅម្ខាងទៀតប្រើកម្លាំងដើម្បីបង្កើតស្ថានភាពថ្មីនៅលើដី ដោយមិនប្រឈមនឹងសំណួរអំពីភាពស៊ីសង្វាក់គ្នានោះទេ។ កាន់តែប្រើកម្លាំង កាន់តែពិបាកបញ្ចុះបញ្ចូលពិភពលោកថាខ្លួនចង់បានសន្តិភាព។ កាន់តែបង្កើត fait accompli កាន់តែពិបាកអះអាងថាខ្លួនគោរពកិច្ចព្រមព្រៀង។ កាន់តែដើរឆ្ងាយពីច្បាប់ កាន់តែធ្វើឱ្យមុខមាត់របស់ខ្លួនពិបាកការពារ។ ទោះជាយ៉ាងណា នេះមិនមែនជាបញ្ហារវាងប្រជាជនកម្ពុជា និងប្រជាជនថៃឡើយ។ ប្រជាជននៃប្រទេសជិតខាងទាំងពីរត្រូវការសន្តិភាព ស្ថិរភាព និងការរស់នៅជាមួយគ្នាដោយសុខដុមរមនា។ អ្វីដែលត្រូវបញ្ឈប់ គឺការយកកម្លាំងមកជំនួសច្បាប់ និងការយក fait accompli មកជំនួសដំណោះស្រាយព្រំដែនដែលបានព្រមព្រៀងគ្នា។

ដល់ពេលថៃត្រូវជ្រើសរើស៖ ច្បាប់ ឬកម្លាំង
ការវិលមករក JBC សន្ធិសញ្ញា កិច្ចព្រមព្រៀង ការចរចាដោយសន្តិវិធី និងច្បាប់អន្តរជាតិ មិនមែនជាការចុះចាញ់ឡើយ។ វាជាឥរិយាបថរបស់រដ្ឋដែលមានទំនុកចិត្តលើមូលដ្ឋានច្បាប់របស់ខ្លួន និងមានការទទួលខុសត្រូវចំពោះសន្តិភាពក្នុងតំបន់។ កម្ពុជាមិនចាំបាច់ឆ្លើយតប fait accompli ដោយ fait accompli ទេ។ កម្ពុជាត្រូវកាន់ផែនទី សន្ធិសញ្ញា កិច្ចព្រមព្រៀង ភស្តុតាង និងច្បាប់ឱ្យជាប់។ ព្រោះនៅទីបញ្ចប់ វិវាទព្រំដែនមិនត្រូវសម្រេចដោយអ្នកដែលដាក់លួសបន្លាបានច្រើនជាង ឬដាក់ទូកុងតឺន័របានលឿនជាងនោះទេ ប៉ុន្តែដោយមូលដ្ឋានច្បាប់ដែលអាចឈរបានចំពោះមុខការត្រួតពិនិត្យ។

ទូកុងតឺន័រអាចបិទផ្លូវ ប៉ុន្តែមិនអាចគូសព្រំដែន។ លួសបន្លាអាចរារាំងមនុស្ស ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាព។ កម្លាំងយោធាអាចបង្កើតអង្គហេតុបណ្តោះអាសន្ន ប៉ុន្តែមិនអាចបម្លែងអង្គហេតុនោះឱ្យទៅជាសិទ្ធិស្របច្បាប់បានឡើយ។ ដល់ពេលដែលយោធាថៃត្រូវបញ្ឈប់សកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា បញ្ឈប់ការបង្កើត fait accompli និងវិលមករកកិច្ចព្រមព្រៀង សន្ធិសញ្ញា JBC និងច្បាប់អន្តរជាតិ។ កាន់តែបង្កើត fait accompli មិនមែនកាន់តែបង្កើតអធិបតេយ្យភាពទេ-កាន់តែបន្សល់ភស្តុតាង។

ជម្រើសនៅចំពោះមុខថៃគឺច្បាស់៖ បន្តប្រើកម្លាំង ហើយបន្តបង់ថ្លៃលើភាពជឿទុកចិត្តរបស់ខ្លួន ឬវិលមករកច្បាប់ និងកសាងសន្តិភាពដែលអាចឈរបានយូរអង្វែង។ អ្នកដែលជឿជាក់ថាច្បាប់នៅខាងខ្លួន មិនចាំបាច់ខ្លាចច្បាប់ឡើយ៕
អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា