កម្ពុជា ជាប្រទេសកិត្តិយសក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម នៅប្រទេសបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ជាប្រទេសកិត្តិយសក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម នៅប្រទេសបារាំង

កម្ពុជា ជាប្រទេសកិត្តិយសក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម នៅប្រទេសបារាំង

ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជា «ប្រទេសកិត្តិយស» នៅក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំង អង់ហ្គូលែម លើកទី១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងអង់ហ្គូលែម ប្រទេសបារាំង។ ការផ្តល់កិត្តិយសនេះការបង្ហាញពីចំណងមិត្តភាព និងវប្បធម៌ដ៏យូរអង្វែងរវាងកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី។

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបក់រវិកៗ នៅលើអគារសាលាក្រុង អង់ហ្គូលែម ប្រទេសបារាំង ដោយហេតុថា នៅឆ្នាំនេះ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសកិត្តិយសក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែមលើកទី១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

ពិធីបើកមហោស្រពភាពយន្តដ៏ល្បីល្បាញនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែសីហា នៅទីក្រុងអង់ហ្គូលែម ក្រោមព្រះវត្តមានរបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា និងការចូលរួមពីឯកឧត្តម Xavier Bonnefont អភិបាលក្រុងអង់ហ្គូលែម ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងឥស្សរជនពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងកម្មវិធីពិសេសនេះ ភាពយន្តខ្មែរចំនួន៩រឿង ត្រូវបានជ្រើសរើសមកបញ្ចាំងនៅក្រៅការប្រកួតប្រជែង ក្នុងនោះមាន រឿង «រស់ដោយសប្បាយ» ដែលជាស្នាព្រះហស្តរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ, រឿង «អ្នកស្រែ», រឿង «រាត្រីមួយក្រោយសង្គ្រាម» និងរឿង «ការណាត់ជួបជាមួយ ប៉ុល ពត» របស់ លោក ប៉ាន់ ប្ញទ្ធី និងរឿង «កោះពេជ្រ» របស់លោក ជូ ដាវី ជាដើម។

ស្នាដៃទាំងនេះបង្ហាញពីការវិវត្តនៃភាពយន្តខ្មែរ អស់រយៈពេលប្រមាណ៤ទសវត្សរ៍ ព្រមទាំងឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ការចងចាំ និងភាពធន់របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ទុក្ខវេទនាជាច្រើន ប៉ុន្តែនៅតែអាចបន្តការខិតខំច្នៃប្រឌិត អភិវឌ្ឍខ្លួន និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានចាត់ទុកការផ្តល់កិត្តិយសនេះថា ជាការបង្ហាញពីភាពរស់រវើកនៃចំណងមិត្តភាព ប្រវត្តិសាស្ត្រ និងវប្បធម៌រវាងកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី។ មិនតែប៉ុណ្ណោះ នេះក៏ជាការសម្តែងនូវការគោរពដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចឪ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាផលិតករភាពយន្ត និងជាព្រះបិតាស្ថាបនិកមួយព្រះអង្គ នៃអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ។

ការជ្រើសរើកម្ពុជាជាប្រទេសកិត្តិយសនៅក្នុងមហោស្រពភាពយន្តអង់ហ្គូលែមនេះ ធ្វើឡើងស្របពេល​ដែលកម្ពុជាត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះមហាគ្រួសារហ្វ្រង់កូហ្វូនីទាំងមូល ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅរាជធានីភ្នំពេញ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា