អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាន់យកអភិក្រម«ស្ងាត់តែមិនស្ងៀម» ដោយចាត់ទុកកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុត និងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងប្រើប្រាស់យន្តការទ្វេភាគីដែលបានព្រមព្រៀងគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នៅក្នុងដំណើរការនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់មធ្យោបាយច្រើនយ៉ាងដើម្បីការពារអធិបតេយ្យលើទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់៖ ការជំរុញឱ្យភាគីថៃគោរពនិងអនុវត្តកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នេះមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ និងបានព្រមព្រៀងប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុតដោយផ្តល់អាទិភាពខ្ពស់ដល់ទីតាំងដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ…។ គិតមកទល់ពេលនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន១០លើកហើយទៅកាន់សមភាគីថៃ ដើម្បីស្នើសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការ JBC និងស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះធ្វើការជាក់ស្តែងនៅលើដីបន្តពីការងារដែលធ្លាប់បានធ្វើកាលពីពេលកន្លងមក។ កម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ ដាច់ខាត ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ដោយមធ្យោបាយសន្តិវិធីតាមរយៈយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
អ្នកនាំពាក្យបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងតែតវ៉ាជាផ្លូវការ និងយ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទីតាំងដែលពួកគេដណ្តើមកាន់កាប់ដោយខុសច្បាប់កាលពីឆ្នាំ២០២៥។ សកម្មភាពទាំងនោះមានដូចជា ការជីកលេណដ្ឋាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ និងសំណង់ផ្សេងៗទៀត ដែលជាសកម្មភាពកែប្រែស្ថានភាពជាក់ស្តែងនៅលើដី ( Fait Accomplis ) ក្នុងគោលបំណងចង់កាន់កាប់ជាអចិន្ត្រៃយ៍។ ការតវ៉ានេះធ្វើឡើងនៅគ្រប់ចំណុចទាំងអស់ដែលភាគីថៃបានធ្វើសកម្មភាពដោយមិនចន្លោះកន្លែងណាមួយឡើយ ហើយការតវ៉ានេះ គឺជាភស្តុតាងបញ្ជាក់ពីការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ពីការកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ។

ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា -ថៃ ជាបន្តបន្ទាប់ឥតដាច់។ ដំណើរបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានធ្វើឡើងដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ក៏ដូចជាការគោរពនិងអនុវត្តគ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក៏មានគោលដៅលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា សំដៅធ្វើយ៉ាងណាឱ្យស្ថានការណ៍វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងកសាងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពស់ដល់អាណត្តិ និងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងគាំទ្រពេញទំហឹងនូវបេសកកម្មនេះ។

ឯកឧត្តមបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនដោយចាត់ទុកជាអាទិភាពខ្ពស់បំផុត។ ជាក់ស្តែង តាមរយៈជំនួបជាមួយភ្ញៀវបរទេសនានា មិនថានៅក្នុងឬក្រៅប្រទេស មិនថាក្នុងក្របខណ្ឌតំបន់ ឬនៅលើឆាកអន្តរជាតិឡើយ សម្តេចប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាតែងតែជំរាបជូនសមភាគី ឬដៃគូសន្ទនាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ភាពជាអ្នករងគ្រោះរបស់កម្ពុជាដែលត្រូវបានប្រទេសថៃរំលោភបំពានលើបូរណភាពទឹកដី និងជំហរការទូតដ៏ត្រឹមត្រូវ និងមានភាពចាស់ទុំរបស់រាជរដ្ឋាភិបាលកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

អ្នកនាំពាក្យបានបន្ថែមទៀតថា សហគមន៍អន្តរជាតិកំពុងជំរុញឱ្យមានដំណោះស្រាយឱ្យបានឆាប់នូវបញ្ហាព្រំដែនតាមរយៈយន្តការ JBC ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាជិត២ម៉ឺននាក់ទៀតអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយគ្មានការរារាំងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ សូមបញ្ជាក់ជូនថា កម្ពុជានិងថៃ មានព្រំដែនអន្តរជាតិច្បាស់លាស់ ដែលកំណត់ដោយអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិរួចរាល់ហើយ ដោយគ្មានភាគីណាអាចកែប្រែខ្សែព្រំដែនអន្តរជាតិនេះជាឯកតោភាគីបានឡើយ។ ច្បាប់អន្តរជាតិក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើកម្លាំងយោធាចូលកាន់កាប់ទឹកដីប្រទេសមួយទៀតបានដែរ។ ដូច្នេះ ជម្រើសដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា គឺពិតជាត្រឹមត្រូវបំផុត៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា