រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីគាំទ្រដល់កុមារជនភៀសសឹក និងការបោសសម្អាតមីន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីគាំទ្រដល់កុមារជនភៀសសឹក និងការបោសសម្អាតមីន​

រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីគាំទ្រដល់កុមារជនភៀសសឹក និងការបោសសម្អាតមីន​

លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃចក្រភពអង់គ្លេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧សីហា ដើម្បីត្រួតពិនិត្យអំពីគម្រោងជំនួយអប់រំនានាដល់កុមារភៀសសឹក និងគម្រោងបោសសម្អាតមីននៅកម្ពុជាដែលគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅ។​ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង្គគ្លេសប្រចាំនៅកម្ពុជានាថ្ងៃអង្គារ៍នេះ ក្នុងអំឡុងបេសកកម្មនេះ លោកស្រី Rosie Winterton នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលកម្មវិធីអប់រំ ដែលគាំទ្រដោយអង់គ្លេស សម្រាប់ជួយដល់កុមារដែលបានភៀសខ្លួនដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលកន្លងមក។
 
ជាមួយគ្នានេះ លោកស្រីនឹងជួបពិភាក្សាជាមួយអង្គការ HALO Trust និង APOPO អំពីការងារបោសសំអាតមីននៅកម្ពុជា ខណៈចក្រភពអង់គ្លេសបានគាំទ្រការដោះមីន និងការស្តារឡើងវិញផ្នែកមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។
 
លើសពីនេះ​លោកស្រី នឹង ជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ និងការអប់រំ ដោយផ្តោតលើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបើកផ្លូវឱ្យសាកលវិទ្យាល័យល្បីៗ ពង្រីកការផ្តល់សញ្ញាបត្រស្តង់ដារអន្តរជាតិជូនដល់និស្សិតកម្ពុជា។
 
មុនពេលមកដល់កម្ពុជា លោកស្រី Rosie Winterton  មានប្រសាសន៍ថា ​លោកស្រីនឹងទៅមើលឲ្យឃើញផ្ទាល់ភ្នែកពីរបៀប ដែលការគាំទ្ររបស់ចក្រភពអង់គ្លេសកំពុងជួយសហគមន៍នានាឱ្យស្តារជីវភាពឡើងវិញ បន្ទាប់ពីជម្លោះ និងជួយបោសសម្អាតមីន ដែលកំពុងគំរាមកំហែងដល់ជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។
 
លោកស្រីបញ្ជាក់ថា ​កម្ពុជាស្ថិតនៅចំកណ្តាលតំបន់មួយ ដែលមានសារៈសំខាន់ចំពោះសន្តិសុខ និងវិបុលភាពរបស់ចក្រភពអង់គ្លេស ហើយចក្រភពអង់គ្លេសប្តេជ្ញាចិត្តចំពោះស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា និងធ្វើការរួមគ្នាជាមួយកម្ពុជាដើម្បីតំបន់មានសន្តិភាព និងវិបុលភាព៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា