កម្ពុជា រំពឹងទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម តាមរយៈយន្តការ វៀតណាម Plus One | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា រំពឹងទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម តាមរយៈយន្តការ វៀតណាម Plus One

កម្ពុជា រំពឹងទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម តាមរយៈយន្តការ វៀតណាម Plus One

កម្ពុជា រំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរមកពីប្រទេសវៀតណាម តាមរយៈវៀតណាម បូកមួយ (Vietnam Plus One) ដែលជាវេទិកាមួយ ជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជាតិ មកកាន់កម្ពុជា។
 
វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម គឺជាព្រឹត្តិការណ៍សំខាន់មួយដែលស្ថិតក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី២០ ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីក្រុងហូជីមិញ។
 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន ដើម្បីទៅចូលរួមព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
 
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២៥ ខែសីហា ថាអំឡុងព្រឹត្តិការណ៍រយៈពេល ៥ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កិច្ចសហប្រតិបត្តិការអនុតំបន់ចំនួន ៣ រួមមាន CLV លើកទី១, CLMV លើកទី៨ និង ACMECS លើកទី៧ ព្រមទាំងចូលរួមវេទិកាទេសចរណ៍កម្រិតខ្ពស់ និងកម្មវិធីសំខាន់ៗមួយចំនួនទៀត។
 
បន្ថែមលើនេះ ឯកឧត្តម ហួត ហាក់ នឹងជួបប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត។
 
ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ៤០ក្រុមហ៊ុន ស្តង់ពិព័រណ៍ប្រមាណ ៥០០ និងអ្នកទិញចំនួន ២៦០ក្រុមហ៊ុន។
 
យោងតាមរបាយការណ៍ក្រសួងទេសចរ នៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរមកពីប្រទេសវៀតណាមជាង ៤៤ម៉ឺននាក់។ ទន្ទឹមនេះ ប្រជាពលរដ្ឋកម្ពុជាជាង ៥០ម៉ឺននាក់ ក៏បាននាំគ្នាទៅលេងប្រទេសវៀតណាមផងដែរ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា